អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
CBRE៖ វិស័យ​ការិយាល័យ​កម្រិត A កាន់តែ​បង្ហាញ​សញ្ញាណ​វិជ្ជមាន​នៅក្នុង​ទីផ្សារ​
05, Jun 2019 , 3:45 pm        
រូបភាព
ដោយ: ថ្មីៗ
​ទំហំ​ទឹកប្រាក់​វិនិយោគ​មានការ​ធ្លាក់ចុះ​បន្តិច​រយៈពេល ៣ ខែ​ចុងក្រោយ​ក្នុង​ឆ្នាំ​២០១៨ ប៉ុន្តែ​ឆ្នាំ​បី​ខែ​ដំបូង ឆ្នាំ​២០១៩ នេះ ការវិនិយោគ​ក្នុង​វិស័យ​សំណង់ បាន​កើន​ឡើងវិញ ជាមួយនឹង​ទំហំ​ទឹកប្រាក់​ចំនួន ១.៨ ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​ទីផ្សារ​ការិយាល័យ​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ របស់​ក្រុមហ៊ុន CBRE​។​
 
​ទោះបីជា​បរិបទ​នៃ​ការសាងសង់​ការិយាល័យ​ទំនើប នៅមាន​លក្ខណៈ​ក្មេងខ្ចី​នៅ​កម្ពុជា​ក៏ ដោយ ប៉ុន្តែ​គេ​សង្កេតឃើញថា និន្នាការ​នៃ​ការផ្គត់ផ្គង់​មាន​កំណើន​ឡើង ហើយ​តម្រូវការ​ក្នុង​រយៈពេល​ថ្មីៗ​នេះ ក៏​កើនឡើង​ផងដែរ​។​
 
​បើ​យោងតាម​ការស្រាវជ្រាវរ​បស់ CBRE គេ​បាន​បែងចែក​ការផ្គត់ផ្គង់​ការិយាល័យ ជា ៣ កម្រិត រួមមាន​«A» «B» និង​«C»​។ ការផ្គត់ផ្គង់​កម្រិត​«c» បានចាប់ផ្តើម​ដំណើរការ នៅក្នុង​ឆ្នាំ ២០០៨ ហើយ​វា​មានការ​កើន​ឡើងជា​លំដាប់ រហូតដល់​ឆ្នាំ​២០១៨​។ ទោះបីជា​ការផ្គត់ផ្គង់​នេះ​ធ្លាក់ចុះ​បន្តិច នៅ​អំឡុង​ឆ្នាំ​២០១៨ តែ​តួលេខ បានបង្ហាញ​ពី​ការកើនឡើង​វិញ នៅ​ដើមឆ្នាំ​២០១៩​។​
 
​ចំណែកឯ​ការផ្គត់ផ្គង់​កម្រិត​«B» ចាប់ផ្តើម​មាន​វត្តមាន​នៅក្នុង​ឆ្នាំ​២០០៩​។ ហើយ​ការិយាល័យ​កម្រិត​«A»​នៅ​ឆ្នាំ​២០១៤ ហើយ​បន្ត​កើន​ឡើងជា​លំដាប់​ផងដែរ​។ ប៉ុន្តែ​គួរបញ្ជាក់​ផងដែរ​ថា ទោះបីជា​ការផ្គត់ផ្គង់​ក​ម្រិ​ត «B» និង​«A» កើនឡើង​ក្តី ការប្រើប្រាស់​ការិយាល័យ​កម្រិត​«C» នៅតែមាន​ប្រជាប្រិយ​ភាពខ្លាំង ដែលជា​មធ្យម​មានការ​កាន់កាប់​រហូតដល់ ៨៥.៩៦%​។​
 
​ទោះយ៉ាងណា លោក James Hewson ប្រធាន​ផ្នែក​ស្រាវជ្រាវ​របស់ ក្រុមហ៊ុន CBRE  បង្ហាញ​ពី​ភាព​វិជ្ជមាន​នៃ​ការិយាល័យ កម្រិត A នៅពេល​អនាគត​។ លោក​លើកឡើងថា ទោះបីជា​ក្នុងពេល​បច្ចុប្បន្ន ការផ្គត់ផ្គង់​កម្រិត «B» និង «C» កំពុង​នាំមុខ​ក៏ដោយ ប៉ុន្តែ​ការផ្គត់ផ្គង់​កម្រិត «A» នឹង​កើនឡើង​ច្រើន​ក្នុង​ថ្ងៃ​អនាគត ដោយសារតែ​កំណើន​នៃ​ទំនោរ​ថ្មី​នេះ បានចាប់ផ្តើម​រួចហើយ​នៅពេល​បច្ចុប្បន្ន​។​
 
​លោក​បាន​បន្ថែមទៀតថា ការផ្គត់ផ្គង់​ការិយាល័យ​កម្រិត «A» ថែមទៀត នឹង​ហក់​ចូលក្នុង​ទីផ្សារ​នៅក្នុង​ឆ្នាំ​២០២០ ដែលមាន​ទីតាំងនៅ​កោះ​ពេជ្រ​។ បច្ចុប្បន្ន គម្រោង​ការិយាល័យ​ចំនួន ២ ផ្សេងទៀត ដែលមាន​ឈ្មោះថា Chief Tower និង Maritime Tower កំពុង​បន្ត​សាងសង់ ហើយ​គេ​រំពឹងថា​នឹង​បញ្ចប់​នៅត្រឹម​ឆ្នាំ​២០២២ និង​២០២៣​ខាងមុខ​។​
 
​ក្រុមហ៊ុន CBRE រំពឹងទុក​ថា​ចាប់ពី​ត្រីមាស​ទី​២ ឆ្នាំ​២០១៩ រហូតដល់ ២០២៣ ការផ្គត់ផ្គង់​ការិយាល័យ​កម្រិត A និង B និង​មាន​ដល់ ៣០ គម្រោង (​ការិយាល័យ​កម្មសិទ្ធិ​ផ្តាច់មុខ ១៦  និង​ការិយាល័យ​សហកម្មសិទ្ធិ ១៤​គម្រោង​) ដែលមាន​ផ្ទៃ​សាងសង់​សរុប​រហូតដល់​ជាង ៦៤០,០០០ ម៉ែត្រការ៉េ​។​
 
​ដោយសារ​មើលឃើញ​កំណើន​យ៉ាង​ផុសផុល ក្នុងការ​សាងសង់​គម្រោង​ការិយាល័យ​នេះ​នៅក្នុង​ទីក្រុង អ្នកជំនាញ​មានការ​រំពឹង​ទុកជា​វិជ្ជមាន ចំពោះ​អនាគត​នៃ​វិស័យ​មួយ​នេះ​៕
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com