អន្តរជាតិ
លោក ស៊ី ជិន​ភីង ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​រុស្ស៊ី​ដែល​កំពុងមាន​បញ្ហា​ជាមួយ​អាមេរិក​ដូចគ្នា​
05, Jun 2019 , 4:05 pm        
រូបភាព
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​៥ ខែមិថុនា បានចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​រុស្ស៊ី​តាម​សំណើ​អញ្ជើញ​របស់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ។ ដំណើរ​ទស្សនកិច្ច​នេះ ធ្វើឡើង​ស្របពេល​ដែល​ចិន កំពុង​ប្រឈមមុខ​ជាមួយ​អាមេរិក​លើ​រឿង​ពាណិជ្ជកម្ម​ដ៏​សាំ​ញាំ ហើយ​រុស្ស៊ី​វិញ​ក៏​បន្ត​ជាប់​ឈ្មោះ​ក្នុង​សំណុំរឿង​បោះឆ្នោត​អាមេរិក​។ គេ​រំពឹងថា ទំនាក់ទំនង​មហាអំណាច​ទាំងពីរ​ដែលមាន​ប្រឈម​ដូចគ្នា នឹង​កាន់តែ​រឹងមាំ​។​

 
​នៅពេល​អាមេរិក​កាន់តែ​អុង​អាត់​ខ្លាំង ចិន និង​រុស្ស៊ី​ក៏​ប្រកៀក​ស្មា​គ្នា​កាន់តែខ្លាំង​។ ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​បី​ថ្ងៃ​នៅ​ទឹកដី​រុស្ស៊ី​ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៥ ខែមិថុនា​តទៅ​។ ឆ្នាំ​២០១៩ ជា​ខួប​ទី​៧០​នៃ​ទំនាក់ទំនង​ការទូត​ចិន និង​រុស្ស៊ី​។ ៧០​ឆ្នាំ​មកនេះ ចំណង​ការទូត​រវាង​មហាអំណាច​ជួន​ក្ដៅ​ជួន​ត្រជាក់ ប៉ុន្តែ​ចុងក្រោយ​ចិន និង​រុស្ស៊ី​ត្រូវរ៉ូវ​គ្នា​ខ្លាំង​ព្រោះ​កំពុង​ប្រឈមមុខ​គូប្រជែង​តែមួយ គឺ​អាមេរិក​។ 
 
​សព្វថ្ងៃ ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​បន្ទោស​គ្នា​ទៅវិញទៅមក​លើ​ការជាប់គាំង​ការចរចា​បញ្ចប់​ជម្លោះ​។ ក្រុង​វ៉ាស៊ីនតោន​ថា ប៉េកាំង​មិន​អនុវត្តតាម​ការប្ដេជ្ញាចិត្ត​របស់ខ្លួន ឯ​ក្រុង​ប៉េកាំង​ថា វ៉ាស៊ីនតោន​ទៅវិញ​ដែរ​ដែល​ដើរ​ថយក្រោយ​។ ចំណែកឯ​ក្រុង​មូ​ស្គូ​វិញ នៅតែ​ពាក់​ស្លាក​ជនសង្ស័យ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦ ហើយ​បាន​ជួយ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ឈ្នះឆ្នោត​។ ខណៈ​រដ្ឋបាល​លោក ត្រាំ បដិសេធ ស្ថាប័ន​នីតិបញ្ញត្តិ​អាមេរិក​បន្ត​រករឿង​រុស្ស៊ី​មិន​ចប់​។ 
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​មុន​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​មូ​ស្គូ លោក ស៊ី និយាយថា ចិន និង​រុស្ស៊ី​គួរ​សហការ​ឲ្យ​ជិតស្និទ្ធ​ក្នុងនាម​ជា​អ្នកជិតខាង និង​ជួយផ្ដល់​ការគាំទ្រ​ឲ្យ​គ្នា​ទៅវិញ​កាន់តែខ្លាំង​ជាង​មុន​។ ប្រធានាធិបតី​ចិន​បន្តទៀតថា ប្រទេស​ទាំងពីរ​ចាំបាច់​ត្រូវ​ដើរតួនាទី​ច្រើន​ទៀត​លើ​ឆាក​អន្តរជាតិ​ដើម្បី​ជំរុញ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​សម្រាប់​មនុស្ស​លើ​ពិភពលោក​។ 
 
​អំឡុងពេល​កិច្ច​សម្ភាស​ដែល​ផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS នៅ​ថ្ងៃទី​៤ ខែមិថុនា មេដឹកនាំ​ចិន​ក៏​រូបនេះ​ក៏​លើកឡើង​ពី​ស្ថានភាព​ល្អប្រសើរ​នៃ​សេដ្ឋកិច្ច​ចិន ប៉ុន្តែ​លោក​មិន​និយាយ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ដែល​នៅ​បន្ត​ឆេះ​ឡើយ​។ លោក ស៊ី ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​ថា ចិន​មាន​គ្រប់​លក្ខខណ្ឌ​ចាំបាច់​ទាំងអស់ ព្រមទាំង​សមត្ថភាព និង​ជំនឿ​ចិត្ត​ដើម្បី​ជម្នះ​រាល់​ហានិភ័យ និង​បញ្ហា​ប្រឈម​ទាំងឡាយ​ទាំងពួង​។​
 
​លើ​ទំនាក់ទំនង​ទ្វេភាគី ប្រមុខរដ្ឋ​ចិន​អះអាងថា ៧០​ឆ្នាំ​មកនេះ ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ចិន និង​រុស្ស៊ី រឹងមាំ​ជាង​មុន ហើយ​ទំនាក់ទំនង​បច្ចុប្បន្ន​ស្ថិតក្នុង​ដំណាក់កាល​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។ លើសពីនោះ ប្រទេស​ទាំងពីរ ក៏​រីករាយ​នឹង​ការ​ទុក​គ្នា​ទៅវិញទៅមក និង​តែង​បាន​ជួយ​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​។ លោក ស៊ី ក៏​រំឭក​ទៀតថា ទន្ទឹមគ្នា​នឹង​ភាពល្អូកល្អឺន ចិន និង​រុស្ស៊ី​ក៏​ទទួលបាន​ឱកាសល្អ​ដើម្បី​ការរីកចម្រើន​បន្តទៀត​។ 

Tag:
 ចិន​
  រុស្ស៊ី​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com