អាមេរិក ត្រៀមលក្ខណៈ​ដើម្បី​ធានា​ការផ្គត់ផ្គង់​រ៉ែ​កម្រ ខណៈ​ចិន​អាច​រឹតត្បិត​ការនាំចេញ​
សេដ្ឋកិច្ច
អន្តរជាតិ
អាមេរិក ត្រៀមលក្ខណៈ​ដើម្បី​ធានា​ការផ្គត់ផ្គង់​រ៉ែ​កម្រ ខណៈ​ចិន​អាច​រឹតត្បិត​ការនាំចេញ​
05, Jun 2019 , 8:39 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​៤ ខែមិថុនា បានប្រកាសថា ខ្លួន​នឹង​ចាត់វិធានការ​មិន​ធ្លាប់មាន​ដើម្បី​ធានា​ការផ្គត់ផ្គង់​ធនធាន​រ៉ែ​កម្រ​។ ការប្រកាស​នេះ ធ្វើឡើង​ស្របពេល​ដែល​ជម្លោះ​ពាណិជ្ជកម្ម​នៅតែ​ក្ដៅគគុក ហើយក៏​មាន​លេចឮ​ដំណឹង​ជាច្រើន ពិសេស​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​ដែល​លើកឡើង​ពី​លទ្ធភាព​របស់​ទីក្រុង​ប៉េកាំង​ដែល​អាច​ប្រើ​ធនធាន​កម្រ​របស់ខ្លួន ជា​អាវុធ​វាយបក​លើ​ទីក្រុង​វ៉ាស៊ីនតោន​។ បើ​រឿងនេះ​កើតឡើង​មែន ឧស្សាហកម្ម​បច្ចេកវិទ្យា និង​យោធា​អាមេរិក នឹង​វីវរ​មិន​ខាន​។​

 
​ក្រសួងពាណិជ្ជកម្ម​អាមេរិក បានចេញ​ផ្សាយ​របាយការណ៍​មួយ​ស្ដីពី​រ៉ែ​កម្រ​ដែលជា​រូបធាតុ​ចាំបាច់​បំផុត​សម្រាប់​ផលិតផល​កុំព្យូទ័រ ប្រព័ន្ធ​មី​ស៊ី​ល និង​ទូរ​សព្ទ​ជាដើម​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បញ្ជា​ដោយផ្ទាល់​ឲ្យ​មានការ​គិតគូរ​ពី​ស្ថិរភាព​នៃ​ការ​ផ្គត់​ផ្គង​រូបធាតុ​ដើម​ដ៏​សំខាន់​នេះ​។ ក្នុង​សេចក្ដី​ព័ត៌មាន​ថ្ងៃទី​៤ ខែមិថុនា រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក Wilbur Ross ចាត់ទុក​ធនធាន​រ៉ែ​កម្រ​នេះ ជាវ​ត្ថុ​សំខាន់​សម្រាប់​សេដ្ឋកិច្ច និង​សន្តិសុខ​ជាតិ​របស់​អាមេរិក​។​
 
​លោក Ross និយាយថា ធនធាន​រ៉ែ​នេះ ត្រូវបាន​គេ​មើលរំលង​ជារឿយៗ ប៉ុន្តែ​ជីវិត​សម័យ​ទំនើប​បច្ចុប្បន្ន រស់នៅ​ដោយ​គ្មាន​រ៉ែ​កម្រ​មិន​បានឡើយ​។ ដូចនេះ តាមរយៈ​ព័ត៌មាន​លម្អិត​នៃ​របាយ​ការណ៍​ក្រសួងពាណិជ្ជកម្ម រដ្ឋាភិបាល​អាមេរិក នឹង​ចាត់វិធានការ​មិន​ធ្លាប់មាន​ពីមុនមក​ដើម្បី​ធានាថា សហរដ្ឋអាមេរិក នឹងមិន​ត្រូវបាន​កាត់​ផ្ដាច់​ពី​ធនធាន​ដ៏​សំខាន់​នេះឡើយ​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP របាយការណ៍​ដដែល​នេះ បានស្នើ​ឲ្យ​មានការ​បង្កើត​ការផ្គត់ផ្គង់​រ៉ែ​កម្រ​តាមរយៈ​ការវិនិយោគ និង​ការធ្វើ​ពាណិជ្ជកម្ម​រ៉ែ​នេះ​ជាមួយ​សម្ព័ន្ធមិត្ត​អាមេរិក​នានា​។ លើសពីនោះ អាមេរិក ក៏ត្រូវ​ពង្រីក​ការផ្ដល់​សិទ្ធិ​អនុញ្ញាត​រុករក​រ៉ែ​នៅ​ទឹកដី​អាមេរិក​ផង ពិសេស​លើដី​រដ្ឋ សំដៅ​បង្កើន​ប្រភព​ផ្គត់ផ្គង់ និង​បម្រុង​ទុក​នៅពេល​ចាំបាច់​។ ពេលវេលា​ចាំបាច់ ទំនងជា​ជិត​មកដល់​ហើយ ព្រោះ​ក្រុង​ប៉េកាំង​កំពុង​ពិចារណា​រឹតត្បិត​ការនាំចេញ​រ៉ែ​កម្រ​នេះហើយ​ដែរ​។​
 
​គណៈកម្មការ​អភិវឌ្ឍ​ន៍ និង​កំណែទម្រង់​ជាតិ​របស់​ចិន នៅ​ថ្ងៃទី​៤ ខែមិថុនា លើកឡើងថា ខ្លួន​កំពុង​គិតគូរ​លទ្ធភាព​នៃ​ការគ្រប់គ្រង​ការនាំចេញ​រ៉ែ​កម្រ ដែល​គំនិត​នេះ​ត្រូវ​បានលើកឡើង​ដោយ​អ្នកជំនាញ​ចិន​ផ្ទាល់​។ ក្នុង​របាយការណ៍​រប​ស់​ខ្លួន គណៈកម្មការ​ទទួលបន្ទុក​រៀបចំ​ផែនការ​សេដ្ឋកិច្ច​ចិន​នេះ បញ្ជាក់ថា ដោយមាន​ការលើក​យោបល់​ពី​អ្នកជំនាញ យើង​ចិន​ត្រូវតែ​ពង្រឹង​ការគ្រប់គ្រង​ការនាំចេញ​រ៉ែ​កម្រ និង​ត្រួតពិនិត្យ​ដំណើរការ​នាំចេញ​ធនធាន​ប្រភេទ​នេះ​។​
 
​មួយរយៈ​ចុងក្រោយ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ជាច្រើន​បាន​ផ្ញើ​សារ​ព្រមាន​អាមេរិក​ជុំវិញ​ការប្រើ​ធនធាន​រ៉ែ​កម្រ​ជា​អាវុធ​ប្រឆាំង​អាមេរិក​។ បច្ចុប្បន្ន ចិន​ជា​ប្រទេស​ន​ចេញ​រ៉ែ​កម្រ​ធំ​បំផុត​របស់​ពិភពលោក​ប្រមាណ​៧០​ភាគរយ​នៃ​ការនាំចេញ​សរុប ហើយ​អាមេរិក​ក៏​ជា​អតិថិជន​ធំជាងគេ​របស់​ចិន​ដែរ​។ ចិន​កាន់កាប់​ចំណែក​ធំជាងគេ​នៃ​ការនាំចេញ ព្រោះ​មហាអំណាច​មួយ​នេះ​មាន​សង្វាក់​ផលិតកម្ម​ច្រើន ខណៈ​ប្រទេស​ផ្សេងទៀត​ដែលមាន​រ៉ែ​ប្រភេទ​នេះដែរ​នោះ មិនទាន់​ទាញយក​ផល​បានឡើយ ដោយសារ​ម្យ៉ាង​មិនមាន​បច្ចេកទេស និង​ថវិកា ឯ​ម្យ៉ាង​បារម្ភ​ពី​ផលប៉ះពាល់​ផ្នែក​បរិស្ថាន​ផង​៕   

Tag:
 អាមេរិក​
  ចិន​
  រ៉ែ​កម្រ
© រក្សាសិទ្ធិដោយ thmeythmey.com