ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទស្សនៈ ៖ ពលរដ្ឋ ​មិនគួរ​ផ្អើល​តាមតែ​អ្នកនយោបាយ​ឡើយ​
05, Jun 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ



​ប្រជាពលរដ្ឋ​កម្ពុជា មិនគួរ​ភ្ញាក់ផ្អើល​តាមតែ​ព្រឹត្តិការណ៍ ដែល​អ្នកនយោបាយ​បង្កើត​នោះទេ​។ បើ​ចង់បាន​ប្រជាធិបតេយ្យ និង​ចង់បាន​ឈ្មោះថា​ជា​ម្ចាស់​វាសនា​ប្រទេសជាតិ ប្រជាពលរដ្ឋ គប្បី​មាន​ជំហរ​ច្បាស់លាស់ មានការ​សម្រេចចិត្ត​ខ្លួនឯង មានការ​យល់ដឹង​ពី​សិទ្ធិអំណាច​របស់ខ្លួន ហើយក៏​អាច​ជះឥទ្ធិពល​លើ​អ្នកនយោបាយ ឬ​អ្នកដឹកនាំ​ផងដែរ​។
 
​ផ្ទុយ​មកវិញ បើ​ចាំតែ​ហៃអើ​តាម​អ្នកនយោបាយ​ស្ទើរ​គ្រប់​ពេលនោះ តើ​អាច​នឹងមាន​ឈ្មោះថា​ជា​ម្ចាស់​វាសនា​ប្រទេសជាតិ​យ៉ាងដូចម្តេច​កើត​? ហើយ​អាចធ្វើ​ឲ្យ​មាន​ប្រជាធិបតេយ្យ​តាមរបៀប​ណា​? មុន​សម្រេចចិត្ត​ធ្វើ​អ្វីមួយ ប្រជាពលរដ្ឋ គួរ​ពិចារណា​ថា តើ​អំពើ​នោះ មាន​ប្រយោជន៍​សម្រាប់​ជាតិ​ដែរឬទេ​? 
 
​បើ​ពិចារណា​ឃើញថា​មាន​ប្រយោជន៍ ចូរ​ធ្វើ​ចុះ​។ តែបើ​យល់ថា គ្មាន​ប្រយោជន៍​អ្វី​ទេ ឬក៏​អាច​ប៉ះពាល់​ដល់​ជាតិ​ថែមទៀត​នោះ ចូរ​កុំ​ធ្វើ​ឲ្យ​សោះ ទោះជា​អ្នកនយោបាយ​បំផុសបំផុល​យ៉ាងណាក៏ដោយ​។​
 
​អាច​ប្រកាន់​ជំហរ និង​អាច​សម្រេចចិត្ត​ដោយ​ខ្លួនឯងបាន​បែបនេះ ទើប​សមជា​ម្ចាស់​វាសនា​ប្រទេសជាតិ និង​សមជា​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុងសង្គម​ប្រជាធិបតេយ្យ​។ 
 
​យ៉ាងណា មកដល់ពេលនេះ នៅតែមាន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រង​ឥទ្ធិពល​ពី​អ្នកនយោបាយ​។   ថ្វី​ដ្បិត​កម្ពុជា បានប្រកាសថា ប្រកាន់យក​របប​ប្រជាធិបតេយ្យ​ច្រើន​ទសវត្សរ៍​មកហើយ​ក្តី ប៉ុន្តែ​វប្បធម៌​ប្រជាធិបតេយ្យ ដូចជា​មិនទាន់​កើតមាន​ក្នុងសង្គម​កម្ពុជា​នៅឡើយ​ទេ​។ នេះ​ក៏​ព្រោះតែ​ប្រជាពលរដ្ឋ ​ហាក់​មិនទាន់​យល់ដឹង​ច្បាស់​ពី​សិទ្ធិអំណាច​របស់ខ្លួន ដែល​ត្រូវ​ប្រើ​ក្នុងសង្គម​ប្រជាធិបតេយ្យ​។ 
 
​អ្នកនយោបាយ ប្រកាស​ឲ្យ​ធ្វើ​អ្វី ក៏​ធ្វើតាម​។ អ្នកនយោបាយ ​ចាត់ទុក​អ្នកណា​ជា​អ្វី ក៏​ចាត់ទុក​តាម។ អ្នកនយោបាយ​និយាយ​អ្វី ក៏​ជឿ​។ អ្នកនយោបាយ ធ្វើ​អ្វី​ក៏​គាំទ្រ​។
 
​និយាយ​ឲ្យ​ខ្លី ល្អ​-​អាក្រក់ គឺ​អាស្រ័យ​លើ​វោហារសាស្ត្រ​របស់​អ្នកនយោបាយ ដែល​ខ្លួន​ស្រឡាញ់​។ ពេលខ្លះ ប្រជាពលរដ្ឋ​មួយចំនួន បានចាត់ទុក​បុគ្គល​ម្នាក់​អាក្រក់ ដោយ​គ្រាន់តែ​ពួកគេ​បានឮ​អ្នកនយោបាយ​ដែល​ខ្លួន​ស្រឡាញ់ និយាយ​ចាត់ទុក​បុគ្គល​ម្នាក់​នោះ​អាក្រក់​តែប៉ុណ្ណោះ​។ ហើយ​ពេលខ្លះ បុគ្គល​នោះ ប្រែ​មកជា​ល្អ​វិញ ក្រោយពេល​អ្នកនយោបាយ​ដែល​ខ្លួន​ស្រឡាញ់ និយាយថា​ល្អ​។ 
 
«​ការដែល​ប្រជាពលរដ្ឋ ងាយ​រង​ឥទ្ធិពល​ពី​នយោបាយ គឺជា​ផល​អវិជ្ជមាន​មួយ ដែល​ធ្វើ​ឲ្យ​សង្គម​ងាយ​រង​ការបែកបាក់​»​។ ហេតុអ្វី​?
 
​ជាទូទៅ អ្នកនយោបាយ​ច្រើនតែ​ចង់បាន​អំណាច​រៀងៗ​ខ្លួន ដូច្នេះ​ពួកគេ តែង​ប្រជែង​គ្នា​គ្រប់​រូបភាព​។ ការ​ប្រជែង​គ្នា​នោះ​ហើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ ងាយ​នឹង​ប៉ះទង្គិច​គ្នា និង​ធ្វើ​ឲ្យ​ពួកគេ​មិនសូវ​ត្រូវ​គ្នា​។ បើ​អ្នកនយោបាយ មិនត្រូវ​គ្នា ប្រជាពលរដ្ឋ ដែល​រង​ឥទ្ធិពល​ពី​អ្នកនយោបាយ ក៏​អាច​ញែក​ចេញពី​គ្នា​ដែរ ហើយ​ទីបំផុត នាំ​ឲ្យ​ជាតិ​ទាំងមូល​បែកបាក់​។​
 
​ដោយ​ដើរ​តាម​គន្លង​អ្នកនយោបាយ​រៀងៗ​ខ្លួន ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ បាន​បែងចែក​ពណ៌​សម្បុរ​នយោបាយ​រវាង​គ្នា​នឹង​គ្នា​។ អ្នកខ្លះ ​បានចាត់ទុក​ខ្មែរ​គ្នាឯង​ជាស​ត្រូវ ប្រសិនបើ​ជន​ទាំងឡាយ​នោះ​ ប្រឆាំងនឹង​គោលនយោបាយ មនោ​គម​វិទ្យា​នយោបាយ និង​មេដឹកនាំ​នយោបាយ​​របស់ខ្លួន​។ 
 
​ប្រជាពលរដ្ឋ​ដែលមាន​ជំនឿ​លើ​អ្នកនយោបាយ​និង​បក្ស​នីមួយៗ​ បាន​ប្រកាន់​យ៉ាង​មាំ​ថា គ្មាន​អ្នកនយោបាយ និង​បក្ស​ណា​ល្អ​ជាង​អ្នកនយោបាយ​និង​បក្ស​ដែល​ខ្លួន​ស្រឡាញ់​ឡើយ​។ ពួកគេ​តែង​វាយប្រហារ​គ្នា​ថា បក្ស​ដទៃ គឺជា​បក្ស​បោកប្រាស់ ពុករលួយ បក្សពួកនិយម គិត​ប្រយោជន៍​បុគ្គល ប្រយោជន៍​គ្រួសារ ប្រយោជន៍​បក្ស ជាង​ប្រយោជន៍​ជាតិ​។ បើ​ប្រជាពលរដ្ឋ​ក្នុង​បក្ស​នីមួយៗ គិត​ដូច្នេះ​រៀងៗ​ខ្លួន ប្រកាន់ខ្ជាប់​យ៉ាងនេះ​ដូចៗ​គ្នា រឿង​អ្វី​ថា ប្រទេស មិន​បែកបាក់ មិន​បែងចែក​បក្សពួក និង​មិន​ស្អប់​គ្នា​?
 
​ទីបំផុត លទ្ធផល​ គឺជា​តិ​បែកបាក់ ហើយ​ក្លាយជា​ប្រជាជាតិ ដែល​ប្រជាពលរដ្ឋ​លែង​ជឿទុកចិត្ត​គ្នា​។ ពេលនោះ ភាពកក់ក្តៅ​ដែល​ប្រជាពលរដ្ឋ​នៃ​ក្រុម​នី​មូ​យៗ បានទទួល​ពី​បក្សនយោបាយ​ដែល​ពួកគេ​ស្រឡាញ់​នោះ នឹង​ក្លាយជា «​ភាពកក់ក្តៅ​ដូច​ការ​អាំង​ផេះ​» ប៉ុណ្ណោះ​។​
 
​វា​ល្មម​ហើយ​សម្រាប់​អ្នកនយោបាយ ដែល​គួរតែ​យក​ផលវិបាក​នៃ​ការឈ្លោះគ្នា មក​ធ្វើជា​មេរៀន ដើម្បី​ប្រែក្លាយ​ប្រទេសជាតិ​ឲ្យ​មាន​សាម​គ្តី​ភាព​។ ហើយ​វា​ក៏​លើសពី​ភាព​គ្រប់គ្រាន់​សម្រាប់​ប្រជាពលរដ្ឋ​ដែរ ដែល​គប្បី​យល់​ឲ្យ​ច្បាស់​ថា ការទទួល​ឥទ្ធិពល និង​ការដើរតាម​វិថី​អ្នកនយោបាយ​ស្លាប់រ​ស់រៀងៗ​ខ្លួន រហូតដល់​ស្អប់ខ្ពើម​ប្រជាពលរដ្ឋ​ជាតិ​សាសន៍​ខ្លួនឯង​បែបនេះ គឺជា​ដើមចម ដែល​បណ្តាល​ឲ្យ​ជាតិ​ទាំងមូល ជួប​ការបែកបាក់​យ៉ាងធ្ងន់ធ្ងរ​។​
 
«​សង្គម​ប្រជាធិបតេយ្យ ប្រជាពលរដ្ឋ ជះឥទ្ធិពល​លើ​អ្នកនយោបាយ​។ សង្គម​កុម្មុយនីស្ត អ្នកនយោបាយ ជះឥទ្ធិពល​លើ​ប្រជាពលរដ្ឋ​»៕

Tag:
 ​ទស្សនៈ​
  នយោបាយ​
  ប្រជាធិបតេយ្យ​
  សិទ្ធិ​
© រក្សាសិទ្ធិដោយ thmeythmey.com