អន្តរជាតិ
ស៊ី​លី បិទ​ស្ថានីយ៍​អគ្គិសនី​ដុត​ធ្យូងថ្ម ៨​កន្លែង ហើយ​ងាក​ទៅរក​ថាមពលបៃតង​
05, Jun 2019 , 9:19 pm        
រូបភាព
ប្រភពរូបៈ AFP
ប្រភពរូបៈ AFP
ដោយ:
​រដ្ឋាភិបាល​ស៊ី​លី បានប្រកាស នៅ​ថ្ងៃទី​៤ មិថុនា ថា ខ្លួន នឹង​បិទ​ស្ថានីយ៍​អគ្គិសនី​ដុត​ធ្យូងថ្ម​ចំនួន ៨ កន្លែង ក្នុង​រយៈពេល​៥​ឆ្នាំ ។ ការបិទ​នេះ ជា​ផ្នែក​មួយ​នៃ​ផែនការ​ដែលមាន​គោលដៅ​ផ្លាស់ប្តូរ​ទាំងស្រុង​ពី​មធ្យោបាយ​ទាញ​ថាមពល​ដែល​ប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន ទៅកាន់​ថាមពល​កកើត​ឡើងវិញ ត្រឹម​ឆ្នាំ​២០៤០​។

 
​ជា​បទបញ្ជា​របស់​ប្រធានាធិបតី​អភិរក្សនិយម​របស់​ស៊ី​លី  លោក Sebastian Pinera ការបិទ​ស្ថានីយ៍​អគ្គិសនី​ទាំង​៨​ទីតាំង​នេះ ត្រូវគេ​ប៉ាន់ប្រមាណ​ថា ស្មើនឹង ២០​ភាគរយ​នៃ​បរិមាណ​ថាមពល​សរុប​របស់​ប្រទេស​នេះ ឬ​ស្មើនឹង ២៣ ០០០ មេ​ហ្កា​វ៉ា​ត់​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Pinera លើកឡើង​បែបនេះ​ថា ការប្រកាស​នេះ ឆ្លុះបញ្ចាំង​ពី​ការតាំង​ចិត្ត​របស់​រដ្ឋា​ភិ​បាល​លោក ក្នុងការ​អនុវត្ត​ការសន្យា​របស់ខ្លួន​។​
 
​យោងតាម​ការបញ្ជាក់រ​បស់​រដ្ឋាភិបាល​ស៊ី​លី ការបិទ​ស្ថានីយ៍​អគ្គិសនី​ដុត​ធ្យូងថ្ម​ចំនួន​៨​ទីតាំង​នេះ នឹង​កាត់បន្ថយ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ប្រចាំឆ្នាំ ដែល​ពេលបច្ចុប្បន្ន​មាន​៣០​លាន​តោន ទៅ​ត្រឹម​៤​លាន​តោន នា​ឆ្នាំ​២០២៤ ខាងមុខ​។ ទោះជា​បញ្ជា​ឲ្យ​បិទ​បណ្តោះអាសន្ន​រយៈ​៥​ឆ្នាំ​ក្តី រដ្ឋាភិបាល​ស៊ី​លី នៅតែ​អាច​បើក​ប្រតិបត្តិការ​ស្ថានីយ៍​អគ្គិសនី​ដុត​ធ្យូងថ្ម​ទាំង​៨​នេះ កាលណា​មាន​តម្រូវការ​ចាំបាច់ និង​បន្ទាន់​។ 
 
​សូមបញ្ជាក់ថា ស៊ី​លី ដែលជា​ប្រទេស​នាំចូល​ថាមពល​ធំ​មួយ បាន​ពឹងផ្អែក​ខ្លាំង​លើ​ការទាញយក​ថាមពល​អ​គ្គិ​ស​នី​ពី​ស្ថានីយ៍​ដុត​ធ្យូងថ្ម​ក្នុង​រយៈពេល​១​ទសវត្សរ៍​ចុងក្រោយ​នេះ ។ ការណ៍​នេះ​កើតឡើង​ដោយសារ​ខ្លួន​បានបញ្ចប់​កិច្ចព្រមព្រៀង​នាំចូល​ឧស្ម័ន​ធម្មជាតិ​ពី​អា​ហ្ស​ង់​ទីន​។ យ៉ាងណាមិញ ការនាំ​ចូល​បាន​បន្ត​ជាថ្មី​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ ក្រោម​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋធានី ប៊ុ​យ​ណូ​ស៊ែ ដែល​ធ្វើ​ឲ្យ​ស៊ី​លី​ចាប់ផ្តើម​ងាក​ចេញ​ធ្យូងថ្ម​។ 
 
​ប្រមាណ ៤០​ភាគរយ​នៃ​ថាមពល​អគ្គិសនី​របស់​ស៊ី​លី ទាញ​មកពី​ស្ថានីយ៍​អគ្គិសនី​ដុត​ធ្យូងថ្ម​ចំនួន ២៨​ទីតាំង​។ គោលដៅ​របស់​រដ្ឋាភិបាល​ស៊ី​លី គឺ​បិទ​រោងចក្រ​ទាំងអស់នោះ​ត្រឹម​ឆ្នាំ​២០៤០ និង​ប្រែ​ក្លាយទៅជា​ប្រទេស​គ្មាន​កាបូន​ឌី​អុក​ស៊ី​ពេញលេញ ត្រឹម​ឆ្នាំ​២០៥០​។ ទាំងនេះ គឺ​សុទ្ធសឹងតែ​ជា​កិច្ចប្រឹងប្រែង​របស់លោក​ប្រធានាធិបតី Sebastian Pinera ដោយ​អនុវត្តតាម​រដ្ឋាភិបាល​អាណត្តិ​មុន ដែល​ផ្តើម​សំខាន់​លើ​ថាមពលបៃតង​ជាអាទិ៍ ខ្យល់ និង​ព្រះអាទិត្យ​ជាដើម​៕
 

Tag:
 ស៊ី​លី​
  ថាមពលបៃតង​
  ស្ថានីយ៍​អគ្គិសនី​ដុត​ធ្យូងថ្ម​
© រក្សាសិទ្ធិដោយ thmeythmey.com