កីឡាអន្តរជាតិ
អន្តរជាតិ
Johansson អតីត​ប្រធាន UEFA និង​ជា​អ្នក​ប្តូរ​ឈ្មោះ Champions League ស្លាប់​នៅ​អាយុ​៨៩​ឆ្នាំ​
05, Jun 2019 , 9:59 pm        
រូបភាព
​អតីត​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) លោក Lennart Johansson ដែល​បាន​ដឹកនាំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ឈ្មោះ​ពី European Cup ទៅ Champions League នោះបាន​ស្លាប់​ក្នុង​វ័យ ៨៩​ឆ្នាំ ដោយសារ​ជំងឺ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។​


 
​លោក Johansson បាន​ដឹកនាំ​អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​អឺរ៉ុប​ចាប់ពី​ឆ្នាំ ១៩៩០​ដល់​ឆ្នាំ ២០០៧ មុនពេល​លោក Michel Platini ឡើងទៅ​ជំនួស​តំណែង​នេះ​។ ក្នុង​ឆ្នាំ​១៩៩៨ បុរស​សញ្ជាតិ​ស៊ុយអែត​រូបនេះ បាន​ចាញ់​ការបោះឆ្នោត​រើស​ប្រ​ធានា​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ជាមួយ​គូប្រជែង​លោក Sepp Blatter ក្នុង​សំឡេង​១១១ ទល់ ៨០​សំឡេង​។​
 
​លោក Johansson គឺជា​តួអង្គ​សំខាន់​ក្នុងការ​គាងគរ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ដើម្បី​គាំទ្រ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ឈ្មោះ​ពានរង្វាន់​ក្របខណ្ឌ​អឺរ៉ុប European Cup ទៅជា UEFA Champions League វិញ​នៅ​ឆ្នាំ​១៩៩២​។​


 
​ប្រធាន FIFA បច្ចុប្បន្ន​លោក Gianni Infantino បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដែល​បង្ហាញ​ពី​ការខកចិត្ត​ចំពោះ​ដំណឹង​មរណភាព​របស់លោក Johansson នេះ​ផងដែរ​។​
«​គាត់​គឺជា​មេ​ដែល​ធ្វើការ​ប្រកបដោយ​វិជ្ជា​ជី​រៈ និង​គួរ​ឲ្យ​គោរព​បំផុត​ចាប់តាំងពី​បាន​ស្គាល់​គាត់ នៅពេល​ខ្ញុំ​ចូលធ្វើការ​នៅ UEFA ឆ្នាំ​២០០០»​។ នេះ​ជាការ​គោរព​របស់ Infantino ទៅកាន់​សព​លោក Johansson​។​
 
FIFA បានប្រកាសថា​នឹងមាន​ការ​ស្មឹង​ស្មាធិ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​លោក Johansson ក្នុងការ​ប្រកួត​ធំៗ​មួយចំនួន​ក្នុង​ក្របខណ្ឌ​របស់ UEFA និង​ការប្រកួត​ពានរង្វាន់ Nations League វគ្គ​ពាក់កណ្តាល់​ផ្តាច់ព្រ័ត្រ​នៅ​រាត្រី​ថ្ងៃទី ៥ និង​ទី​៦ ខែមិថុនា​នេះ​៕
 

Tag:
 បាល់ទាត់​
  Lennart Johansson
  UEFA
© រក្សាសិទ្ធិដោយ thmeythmey.com