កីឡាអន្តរជាតិ
អន្តរជាតិ
Real ជា​ក្រុម​នាំមុខគេ ក្រោយ Mbappe ចង់​ចេញពី PSG
05, Jun 2019 , 5:36 pm        
រូបភាព
​ខ្សែប្រយុទ្ធ​ឆ្នើម Kylian Mbappe បានដាក់​សំណើរ​មួយ​ដើម្បី​សុំ​ចាក​ចេញពី​ក្លិប Paris Saint-Germain ដើម្បី​ស្វែងរក​ការប្រកួតប្រជែង​ថ្មី​។ Real Madrid ទំនងជា​បេក្ខភាព​នាំមុខគេ​សម្រាប់​ខ្សែប្រយុទ្ធ​វ័យក្មេង​បារាំង​រូបនេះ​។ នេះ​បើ​យោងតាម ទូរទស្សន៍​អេ​ស្ប៉ា​ញ El Chiringuito​។


 
​អតីត​តារា​ឆ្នើម AS Monaco វ័យ​២០​ឆ្នាំ​រូបនេះ​បាន​ជួយ PSG រក្សា​តំណែង​ជើងឯក Ligue 1 ជាមួយនឹង​ការរក​គ្រាប់​បាល់​សរុប​ចំនួន​៣៩​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​៤៣​លើក​សម្រាប់​រដូវ​កាល ២០១៨-១៩ កន្លងទៅ​។​
 
​យ៉ាងណាក៏ដោយ​ខ្សែប្រយុទ្ធ​វ័យក្មេង​ដែល​បាន​ជួយ​ជម្រើសជាតិ​បារាំង​លើក​ពាន World Cup នៅ​រុស្ស៊ី កំពុង​ពិចារណា​ពី​អនាគត​ខ្លួន​ដោយ​ចង់​ផ្ទេរ​ចេញពី​ក្រុម​យក្ស​បារាំង​ដើម្បី​ចូលរួម​ជាមួយ​ក្លិប​ផ្សេង​ក្នុងការ​ប្រជែង​ពាន​លំដាប់​កំពូលៗ​។ បើ​យោងតាម​របាយការណ៍​ពី​អេ​ស្ប៉ា​ញ​បង្ហាញថា Mbappe ប្រហែល​កាន់តែ​ខិតជិត​ទៅនឹង​ការផ្លាស់​ទៅ​រួម​ក្រុម Real Madrid នាពេល​ដ៏​ខ្លី​ខាងមុខ​។​
 
​ក្រុម​ស្តេច​សមាន​ទំនាក់ទំនង​យ៉ាងខ្លាំង​ជាមួយនឹង​ការផ្ទេរ​យក​ខ្សែប្រយុទ្ធ​រូបនេះ​ដើម្បី​ស្នង​តំណែង Cristiano Ronaldo ជាពិសេស​ចាប់តាំងពី​លោក Zinedine Zidane បាន​វិលត្រឡប់​ទៅកាន់​តំណែង​ជា​អ្នកចាត់ការ​ក្រុម​វិញ​។​
 
​នេះ​ជា​រដូវ​កាល​ដ៏​មមាញឹក​សម្រាប់ Real ក្នុងអំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ ខណៈដែល​អ្នកចាត់ការ​សញ្ជាតិ​បារាំង​ត្រៀមខ្លួន​ដើម្បី​ធ្វើកំណែទម្រង់​ក្រុម​ឡើងវិញ​បន្ទាប់ពី​ធ្លាក់កូដ​ខ្លាំង​រដូវ​កាល​មុន​។ Real បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​៣​ប៉ុណ្ណោះ​ក្នុង​ក្របខណ្ឌ La Liga ដោយ​តាម​ពីក្រោយ​ក្រុម​គូប្រជែង Barcelona ចំនួន​១៩​ពិន្ទុ​ឯណោះ​។​
 
​ក្រុម​ដែល​ជោគជ័យ​ជាងគេ​ក្នុង​ក្របខណ្ឌ​អឺរ៉ុប​មួយ​នេះ បាន​ទិញ​ចូល​កីឡាករ​មួយចំនួន​រួចមកហើយ​ដូចជា ខ្សែការពារ Eder Militao ពី FC Porto ខ្សែប្រយុទ្ធ Luka Jovic ពី Eintracht Frankfurt និង​ត្រៀម​បង្ហាញខ្លួន Eden Hazard នៅ​ទឹកដី Bernabeu ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​៕
 

Tag:
 បាល់ទាត់​
  Kylian Mbappe
  Paris Saint-Germain
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com