ជាតិ
សេដ្ឋកិច្ច
រដ្ឋសភា ធ្វើសិក្ខាសាលាពិភាក្សាពី «សេចក្តីព្រាងច្បាប់ប្រេងកាត» ជាមួយភាគីពាក់ព័ន្ធ
× រដ្ឋសភា នឹងធ្វើសិក្ខាសាលាលើសេចក្តីព្រាងច្បាប់ ស្តីពីប្រេងកាត ជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ខណៈក្រុមហ៊ុនរុករកប្រេងកាតរបស់ប្រទេសសិង្ហបុរី KrisEnergy នឹងចាប់ផ្ដើមទាញយកតំណក់ប្រេងនាចុងឆ្នាំ២០១៩នេះ។ នេះបើតាមការឲ្យដឹងពីលោក ឈាង វុន។
លោក ឈាង វុន តំណាងរាស្ត្រនិងជាប្រធានគណៈកម្មការបរទេស សហប្រតិបតិ្តការ ឃោសនា និងព័ត៌មាន នៃរដ្ឋសភា បានថ្លែងក្រោយកិច្ចប្រជុំរដ្ឋសភានាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ថា ការរៀបចំសិក្ខាសាលានេះ ដើម្បីឲ្យមានការចូលផ្តល់យោបល់ពីអ្នកពាក់ព័ន្ធ មានដូចជា អ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល សមាជិកព្រឹទ្ធសភា រដ្ឋសភា និងមន្ត្រីជំនាញទៀតផងដែរ។
ក្រុមហ៊ុន KrisEnergy បានចេញសេក្តីប្រកាសនាពេលថ្មីនេះថានឹងចាប់ផ្តើមបូមយកប្រេងកាតជាលើកដំបូងនាចុងឆ្នាំ២០១៩នេះ។ កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុន KrisEnergy បានទទួលសិទ្ធិលើការអភិវឌ្ឍប្រេងនៅប្លុក A ដែលគ្របដណ្ដប់លើផ្ទៃដីទំហំជាង៣ពាន់គីឡូម៉ែត្រការ៉េ នៃអាងសមុទ្រខ្មែរ ដែលមានជម្រៅទឹកចន្លោះពី ៥០ ទៅ ៨០ ម៉ែត្រ ពីរដ្ឋាភិបាលកម្ពុជា។
រដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើផលិតកម្មលើកទី១ ដែលមានជំហាន 1A និង1B ដែលមានផ្ទៃក្រឡា១៩៨គីឡូម៉ែត្រការ៉េ។ ក្រុមហ៊ុនបានប៉ានស្មានថាក្នុងប្រត្តិបតិការលើកដំបូងរបស់ខ្លួន នឹងអាចបូមប្រេងបាន ៣ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ និងអាចញែកប្រេងឆៅបាន៨ពាន់បារ៉ែលក្នុងមួយថ្ងៃ។
គួររម្លឹកថា សេចក្តីព្រាងច្បាប់ស្តីពីប្រេងកាត ដែលមាន ៩ជំពូក និងមាន ៧២មាត្រា ត្រូវបានគណៈរដ្ឋមន្ត្រីប្រជុំអនុម័តរួចរាល់ កាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ២០១៩នេះ៕
Tag:
ច្បាប់ប្រេងកាត
KrisEnergy
© រក្សាសិទ្ធិដោយ thmeythmey.com