ចុងក្រោយ ប្រាយុទ្ធ បន្តតំណែងជានាយករដ្ឋមន្ត្រីថៃសម្រាប់អាណត្តិថ្មី
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចុងក្រោយ ប្រាយុទ្ធ បន្តតំណែងជានាយករដ្ឋមន្ត្រីថៃសម្រាប់អាណត្តិថ្មី
05, Jun 2019 , 11:46 pm        
រូបភាព
ដោយ: ថ្មីៗ
 នាយករដ្ឋមន្ត្រីនៃរបបសឹកថៃ ប្រាយុទ្ធ ចន្ទអូចា ត្រូវបានសមាជិកសភាភាគច្រើនបោះឆ្នោតផ្តល់សេចក្តីទុក​ចិត្ត​ឲ្យបន្ត​ធ្វើជា​នាយករដ្ឋ​មន្ត្រីនៃរដ្ឋាភិបាលស៊ីវិលដំបូង​ដែលកើតឡើងចាប់​តាំងពីរដ្ឋ​ប្រហារឆ្នាំ ២០១៤។ 



ដូចការរំពឹងទុកមែន លោក ប្រាយុទ្ធ ចន្ទអូចា មេដឹកនាំរដ្ឋប្រហារ​ថៃឆ្នាំ ២០១៤ ដើម្បីទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់នោះ ត្រូវបានជ្រើសរើសដោយអង្គ​នីតិបញ្ញត្តិឲ្យដឹកនាំរដ្ឋាភិបាលស៊ីវិលថ្មីទៀតក្នុងការបោះឆ្នោតជាផ្លូវការដែលធ្វើឡើងនៅយប់​ថ្ងៃពុធទី ៦ ខែមិថុនានេះ។

ប្រជែងជាមួយមេដឹកនាំគណបក្សអនាគតឆ្ពោះទៅមុខដែលជាសេដ្ឋីវ័យក្មេងលោក Thanathorn Juangroongruangkit លោក ប្រាយុទ្ធ បានទទួលសំឡេងគាំទ្រច្រើនលើស ៣៧៥​​ ដែលជាលក្ខខណ្ឌតម្រូវដើម្បីក្លាយជាប្រមុខរដ្ឋាភិបាល។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានន AFP។ 

ចំណែកបេក្ខភាពរបស់លោក Thanathorn ដែលទើបតែត្រូវបានដាក់ស្នើកាលពីថ្ងៃអង្គារ ដើម្បីតំណាងឲ្យសម្ព័ន្ធនយោបាយដែលប្រឆាំងរបបយោធានោះបានទទួលសំឡេងគាំទ្រត្រឹម ១៩៧ ប៉ុណ្ណោះ។ ក្នុងការបោះឆ្នោតកន្លងមក គណបក្សលោកស្ថិតនៅលេខរៀងទីបីក្នុងចំណោមបក្សដែលឈ្នះបានអាសនៈច្រើនជាងគេរហូតដល់ ៨១អាសនៈ។  
 
នៅក្នុងការបោះឆ្នោតនេះដែរ សមាជិករដ្ឋសភា និងព្រឹទ្ធសភាសរុប ៧៥០ មានអវត្តមានបីនាក់។ តំណាងរា​ស្ត្រទីមួយគឺ​លោក អាប់ភីស៊ីត វ៉េចាជីវ៉ា ដែលបានលាលែងពីតំណែងសមាជិកសភាព្រឹកមិញ ដោយសារលោកខឹងនឹងសមាជិកបក្សប្រជាធិបតេយ្យដែលចូលរួមជាមួយសម្ព័ន្ធនយោបាយគាំទ្រយោធា។

សមាជិកសភាម្នាក់ទៀតដែលអវត្តមានគឺ លោក  Thanathorn ដោយសារលោកត្រូវបានហាមឃាត់ពីការកាន់តំណែងសមាជិកសភាដោយសេចក្តីសម្រេចតុលាការធម្មនុញ្ញកន្លងមក។ សមាជិកសភាចុងក្រោយដែលអវត្តមានគឺ​មកពីខាងបក្សអនាគតឆ្ពោះ​ទៅមុខ ដែលសុំច្បាប់សម្រាក់​ដោយសារមានជំងឺ។ 
 
យ៉ាងណាក៏ដោយ ជោគជ័យរបស់លោក ប្រាយុទ្ធ មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលឡើយ ដ្បិតថា លោកបានទទួលសំឡេង ២៥០ ពីសមាជិកព្រឹទ្ធសភាដែលតែងតាំងដោយរបបសឹករួចជាស្រេចទៅហើយ។ សមាជិកភាគច្រើនជាមន្ត្រីយោធា និងក្រុម​ស្មោះស្ម័គ្រនឹងយោធាដែរ។ ម្យ៉ាងទៀត នាយករដ្ឋមន្ត្រីវ័យ ៦៥ឆ្នាំរូបនេះ ក៏បានទទួលសំឡេងគាំទ្របន្ថែមទៀតបណ្តាគណបក្ស​ដែលរណបក្រុមយោធា​ដែលបានទទួលអាសនៈក្នុងសភាដែរក្នុងការ​បោះឆ្នោតកាលពីចុងខែមីនា។

© រក្សាសិទ្ធិដោយ thmeythmey.com