កីឡាជាតិ
ជាតិ
រំលឹក​លទ្ធផល​ដែល កម្ពុជា​ស៊ី​ប៉ា​គី​ស្ថាន ១-០ កាលពី​ឆ្នាំ​១៩៦៧
06, Jun 2019 , 11:44 am        
រូបភាព
កាលពី​៥២​ឆ្នាំមុន ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា និង​ប៉ា​គី​ស្ថាន បាន​ជួបគ្នា​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ Asian Cup ដោយ​កម្ពុជា​បាន​យកឈ្នះ ១-០​។ នៅ​ថ្ងៃទី​៦ ខែមិថុនា នេះ ក្រុម​ទាំងពីរ​ត្រូវ​ជួបគ្នា​សាជាថ្មី សម្រាប់​ការប្រកួត​ជម្រុះ Asian Cup ផង និង​ជម្រុះ​បឋម World Cup ផង​។​


អត្ថបទទាក់ទង

​សារព័ត៌មាន ThmeyThmey សូម​រំលឹក​ឡើងវិញ​នូវ​ព្រឹត្តិការណ៍​ប្រកួត​កាលពី​ឆ្នាំ​១៩៦៧ រវាង​ក្រុម​ទាំងពីរ ដោយ​ប្រែ​សម្រួល​របាយការណ៍​ប្រកួត​ដែល​ផ្សាយ​នៅលើ​កាសែត​ភាសា​បារាំង Cambodge, Le Quotidien ចុះផ្សាយ​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​១៩៦៧​។​

​នៅ​ទីក្រុង​រ៉ង់​ហ្គូ​ន ប្រទេស​ភូមា កម្ពុជា​បាន​យកឈ្នះ​ប៉ា​គី​ស្ថាន ១-០ នា​ការប្រកួត​ជម្រុះ​ប្រចាំ​តំបន់​ខាងលិច​នៃ​ពានរង្វាន់ Asian Cup កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​១៩៦៧ ដោយមាន​អ្នកទស្សនា​៤៥០០០​នាក់​។​

​ការប្រកួត​នាពេលនោះ ស្ទើរតែ​ត្រូវបាន​លើក​ពេល​ដោយសារតែ​ផ្ទៃមេឃ​ពោរពេញ​ទៅ​ពពក​គ្របដណ្តប់ និង​រកកល​ចង់​ភ្លៀង​។ កម្ពុជា​ក្នុង​ឯកសណ្ឋាន​ពណ៌​ស បាន​លេង​ក្នុង​ស្មារតី​ជា​ក្រុម តាមរយៈ​ការបញ្ជូន​លឿនៗ ខណៈ​ប៉ា​គី​ស្ថាន លេង​ជា​លក្ខណៈ​បុគ្គល​ច្រើន​។​

​នៅ​៥​នាទី​ដំបូង កម្ពុជា​បាន​គ្រប់គ្រង​ការប្រកួត ប៉ុន្តែ​មិនមាន​ឱកាស​រក​គ្រាប់​បាល់​បញ្ចូល​ទី​ឡើយ​។ ការប្រកួត​ដំណើរការ​ដល់​ជាង​១០​នាទី ប៉ា​គី​ស្ថាន ក៏មាន​ឱកាស​វិញ​ផងដែរ ប៉ុន្តែ​ពួកគេ​មិន​អាចទម្លាយ​រនាំង​ការពារ​កម្ពុជា​បាន​នោះទេ​​។​

​ទៅវិញទៅមក ក្រុម​ទាំងពីរ​សុទ្ធតែ​បរាជ័យ​ក្នុង​ការរក​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុង​តង់​ទីមួយ ដោយ​ខ្សែប្រយុទ្ធ​ប៉ា​គី​ស្ថាន បាន​ស៊ុត​កៀក​របារ​ទី ហើយ​កម្ពុជា​តាមរយៈ​គ្រាប់​បាល់​វាយបក (Contre-attaque) របស់​ខ្សែប្រយុទ្ធ ប៉ែន ផាត ត្រូវបាន​រារាំង​ដោយ​អ្នកចាំទី​ប៉ា​គី​ស្ថាន​។ កីឡាករ ឌឿ សុខុម ក៏មាន​ឱកាស​ផងដែរ ប៉ុន្តែ​បាល់​បាន​ទៅបុក​នឹង​បង្គោល​ទី​។​

​ក្រោយ​សម្រាក​តង់ ក្រុម​កម្ពុជា​លេង​ក្នុង​ទម្រង់ ៤-២-៤ ដោយ​១៥​នាទី​ដំបូង កម្ពុជា​មានឱកាស​ស៊ុត​៤​គ្រាប់ និង​ប៉ា​គី​ស្ថាន​មានឱកាស​២​គ្រាប់​។ ឱកាស​មាស​ដ៏​គួរ​ឲ្យ​សោកស្តាយ​នោះ គឺ​ការទា​ត់របស់​កីឡាករ ស្លៃ​ម៉ាន សា​លីម ដែល​ហើរ​លើរ​បាទី​បន្តិច​។​

​ការប្រកួត​កាន់តែ​តឹងតែង​។ ឈាន​នាទី​៨៣ ប្រធាន​ក្រុម​ប៉ា​គី​ស្ថាន បានធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ​កម្ពុជា ដួល​ក្នុង​តំបន់​គ្រោះថ្នាក់ ហើយ​អាជ្ញាកណ្តាល​បានផ្តល់​បាល់​ប៉េ​ណា​ល់​ទី​។ កីឡាករ Neou Kandien [ThmeyThmey រក្សា​ឈ្មោះ​ជា​ភាសាឡាតាំង ព្រោះ​ខ្លាច​សរសេរ​ជា​ភាសា​ខ្មែរ​ខុស​] បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទីនោះ​បានសម្រេច​។​

​ការប្រកួត​កាន់តែ​ជិត​ដល់ទី​បញ្ចប់ ប៉ា​គី​ស្ថាន បើក​ការវាយលុក​យ៉ាងខ្លាំង ប៉ុន្តែ​នៅតែមិន​អាច​ទម្លាយ​សំណាញ់​ទី​កម្ពុជា​បានឡើយ ដែល​ធ្វើ​ឲ្យ​ការប្រកួត​បញ្ចប់​ក្នុង​លទ្ធផល ១-០​។​

​សូមបញ្ជាក់ថា នោះ​ជា​ជ័យជម្នះ​លើក​ទី​ពីរ​របស់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ Asian Cup ក្រោយ​ឈ្នះ​ឥណ្ឌា ៣-១ ប៉ុន្តែ​កម្ពុជា​នៅតែ​ខកខាន​ឱកាស​ទៅកាន់​វគ្គ​បន្ត ដោយសារ​ចាញ់​ម្ចាស់ផ្ទះ​ភូមា [​បច្ចុប្បន្ន​មី​យ៉ាន់​ម៉ា​] ក្នុង​លទ្ធផល ១-០​៕




Tag:
 ជម្រើសជាតិ
  Asian Cup
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com