អត្ថបទពាណិជ្ជកម្ម
ស្ថានីយ៍​រថភ្លើង​ភ្នំពេញ នឹងត្រូវ​ជួសជុល ដើម្បី​កែប្រែ​មុខមាត់​ថ្មី
06, Jun 2019 , 11:58 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ៖ គម្រោង​ដ៏​រំភើប​មួយ​ក្នុងការ​ជួសជុល​ស្ថានីយ៍​រថភ្លើង​ក្រុងភ្នំពេញ​ឡើងវិញ ត្រូវបាន​ប្រកាស​ឡើងជា​ផ្លូវការ​នៅថ្ងៃនេះ ដោយ​ក្រុម​អ្នក​បណ្តាក់ទុន​មួយ​មកពី​សហរដ្ឋអាមេរិក ដើម្បី​កែប្រែ​ស្ថានីយ៍​មួយ​នេះ ឲ្យ​ក្លាយទៅជា​អគារ​ពាណិជ្ជកម្ម Royal Train Square ។
 
Royal Train Square នឹង​ក្លាយជា​អគារ​មួយ​ក្នុងចំណោម​អគារ ដែលមាន​ការអភិវឌ្ឍ​ថ្មី​ដ៏​គួរ​ឲ្យ​ទាក់ទាញ​បំផុត​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្វាគមន៍​អ្នកដំណើរ​តាម​រថភ្លើង ។ ហើយ​វា​ក៏​នឹង​ក្លាយជា​ទីកន្លែង​ជួបជុំគ្នា​ថ្មី​មួយ​ក្នុង​តំបន់​អាជីវកម្ម ដែល​កំពុង​រីកចម្រើន​មួយ​នេះ​។ 
 
​អគារ Royal Train Square មាន​ទំហំ​ចំនួន​៣០០០​ម៉ែត្រការ៉េ សម្រាប់​ការសាងសង់​ធ្វើជា​កន្លែង​ពាណិជ្ជកម្ម ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការសាងសង់​ហាង​ទំនើប​ផ្សេងៗ ដូចជា​ហាង​កាហ្វេ ភោជនីយដ្ឋាន ធនាគារ ទូរ ATM ជាច្រើន និង​ជា​កន្លែង​សម្រាប់​ជួល​ធ្វើជា​ការិយាល័យ សម្រាប់​រៀបចំ​ព្រឹត្តិការណ៍ និង​កម្មវិធី​ពិព័រណ៍​ផ្សេងៗ​។ 
 
​លោក Scott Bolls មេធាវី​ផ្នែក​ច្បាប់​អចលនទ្រព្យ និង​ការអភិវឌ្ឍ និង​ជា​អ្នកដឹកនាំ​ដ៏​សំខាន់​លើ​គម្រោង ដែល​ទទួលបាន​ការគាំទ្រ​ថវិកា​ដោយ​ក្រុម​អ្នក​បណ្តាក់ទុន​មកពី​អាមេរិក និង​ដៃគូ​សហការ​មកពី​អឺរ៉ុប​នេះ បាន​និយាយថា​៖ «​ស្ថានីយ៍​រថភ្លើង​មួយ​នេះ គឺជា​អគារ​បេតិកភណ្ឌ​ដែល​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​មួយ នៅ​ភ្នំពេញ ប៉ុន្តែ​បច្ចុប្បន្ន មាន​មនុស្ស​មិន​ច្រើន​ឡើយ ដែល​ប្រើប្រាស​អគារ​នេះ​។ ជាមួយនឹង​គម្រោង​អភិវឌ្ឍ​សាងសង់​អគារ Royal Train Square យើង​នឹង​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​នានា នូវ​កន្លែង​ថ្មី​មួយ ដើម្បី​ជួបជុំគ្នា​ញ៉ាំ​អាហារ​ពេល​ល្ងាច និង​សម្រាកលំហែរ​ជាមួយ​ទិដ្ឋភាព​ជុំវិញខ្លួន​ដ៏​ស្រស់ស្អាត រួមជាមួយ​នឹង​ហាង​កាហ្វេ ភោជនីយដ្ឋាន និង​ហាង​ជាច្រើន​ទៀត​»​។  
 
​ស្ថានីយ៍​រថភ្លើង​ក្រុងភ្នំពេញ ត្រូវបាន​សាងសង់ឡើង​ដោយ​អាជ្ញាធរ​អាណានិគម​បារាំង ក្នុង​ឆ្នាំ​១៩៣២ ខណៈដែល​ស្ថានីយ៍​មួយ​នេះ ទើបតែ​បាន​បំពេញ​ការសាងសង់​ខ្សែ​ផ្លូវដែក​របស់ខ្លួន ទៅកាន់​ខេត្តបាត់ដំបង កាល​ពេល​ថ្មីៗ​នេះ​។ 
 
​បើ​យោងទៅតាម​លោក John Guiry ប្រធាន​ក្រុមហ៊ុន Royal Railways ស្ថានីយ៍​រថភ្លើង​នេះ ត្រូវបាន​ជួសជុល​ឡើងវិញ កាលពី​ឆ្នាំ​២០១២ ។​ហើយ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ ស្ថានីយ៍​រថភ្លើង​ក្រុងភ្នំពេញ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន Royal Railways ដែល​បានដាក់​ឲ្យ​ដំណើរ​ជាធម្មតា​ឡើងវិញ នូវ​សេវា​ធ្វើដំណើរ​តាម​រថភ្លើង ទៅកាន់​ខេត្តកំពត ព្រះសីហនុ ពោធិ៍សាត់ និង​ប៉ោយប៉ែត ក៏ដូចជា​សេវា​ដឹង​ជញ្ជូន​ជា​ទៀងទាត់ ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទៀតផង​។ 
 
​លោក Bolls មានប្រសាសន៍ថា​៖ «​ស្របពេល​មានការ​រីកលូតលាស់​ក្នុង​តំបន់​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​រាជធានី​ភ្នំពេញ វា​ជា​ពេលវេលា​ដ៏​ត្រឹមត្រូវ​ក្នុងការ​នាំយក​ស្ថានីយ៍​រថភ្លើង​មួយ​នេះ ទៅកាន់​សតវត្សរ៍​ទី​២១ ក្នុងនាម​ជា​គោលដៅ​មួយ សម្រាប់​អ្នករស់នៅ​ទីក្រុង​ភ្នំពេញ និង​ភ្ញៀវ​ទេសចរណ៍ ក្នុងការ​ទៅ​សម្រាកលំហែរ នៅ​កន្លែង​ដែល​ពោរពេញ​ផាសុខភាព​មួយ​»​។​
 
​លោក Bolls បាន​ប្រាប់​បន្តថា​៖ «​វា​នឹង​ច្របាច់​បញ្ចូល​គ្នា​យ៉ាង​ល្អឥតខ្ចោះ​ជាមួយនឹង​ហាង​ជុំវិញ​នោះ ជាពិសេស​តំបន់​កណ្តាល​រាង​ការ៉េ​ដ៏​ស្រស់ស្អាត នៅ​ពីមុខ​ស្ថានីយ៍ ហើយ​យើង​ជឿជាក់ថា វា​នឹង​ក្លាយជា​កន្លែង​មួយ​ក្នុងចំណោម​កន្លែង​ដ៏​ពេញនិយម​បំផុត​ក្នុង​ទីក្រុង​នេះ ដើម្បី​ជួបជុំគ្នា និង​ទទួលទាន​អាហារ​ពេល​ល្ងាច​ដ៏​ឈ្ងុយឆ្ងាញ់ ទិញ​ទំនិញ និង​ជា​កន្លែង​រៀបចំ​ព្រឹត្តិការណ៍ ក៏ដូចជា​ពិ​ពរណ៍​ផ្សេងៗ​ដ៏​ពិសេស​តែមួយ ដែល​ផ្ទុយគ្នា​ស្រឡះ ទៅនឹង​រូបរាង​ដែល​យើង​ធ្លាប់​បានឃើញ​ពីមុន​»​។​
 
​គម្រោង​ជួសជុល​ឡើងវិញ ដែលមាន​ទឹកប្រាក់​៥​លាន​ដុល្លារ​អាមេរិក​នេះ នឹង​ចាប់ផ្តើម​ដំណើរការ​ក្នុង​រយៈពេល​៣ ទៅ​៤​ខែ​ខាងមុខ​ទៀត ស្រប​ពេលដែល​ក្រុមហ៊ុន​ជា​អាជីវករ​ជួល​ជាច្រើន នឹង​តម្រង់​ជួរ​គ្នា ដើម្បី​ទទួលបាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​នៅ​ហាង​ផ្សេងៗ​ដែល​ត្រូវបាន​រចនា​យ៉ាង​ស្រស់ស្អាត​។ 
 
​លោក Bolls បាន​បញ្ជាក់ថា​៖ «​យើង​គិតទុក​ជាមុន​រួចជាស្រេច​ពី​អត្ថប្រយោជន៍​ដ៏​ពិសេស​ដែល​បានមកពី​ក្រុមហ៊ុន​ក្នុងស្រុក និង​អន្តរជាតិ និង​ពិតជា​ចង់​ផ្សារភ្ជាប់​ក្នុងពេល​ឆាប់ៗ​នេះ​ជាមួយនឹង​ក្រុមហ៊ុន​ជួល​ដ៏​សំខាន់​មួយ ដែល​អាច​ធ្វើការ​ជាមួយ​យើង ដើម្បី​ជួយ​បង្កើត​ចេញ​រូបរាង​លើ​គម្រោង​ដែល​កំពុង​បន្ត​មួយ​នេះ​»​។ 
 
​គម្រោង​នេះ អនុវត្ត​យ៉ាង​យកចិត្តទុកដាក់ ស្របតាម​គម្រោង​រយៈពេល​វែង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ប្រែក្លាយ​រូបរាង​ស្ថានីយ៍​រថភ្លើង​របស់​កម្ពុជា​ទាំងស្រុង រួមទាំង​ការផ្តល់សេវា​ផ្សេងៗ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ការធ្វើដំណើរ​តាមផ្លូវ​ដែក ក្លាយជា​ជម្រើស​ប្រកបដោយ​អត្ថប្រយោជន៍​មួយ​សម្រាប់​អ្នកដំណើរ​។​
 
 លោក Simon Griffiths នាយក​ផ្នែក​គ្រប់គ្រង​នៅ​ក្រុមហ៊ុន Urban Asset Solution ដែល​នឹង​ទទួលខុសត្រូវ​លើ​ការធ្វើ​ទីផ្សារ​ក្នុង​គម្រោង​នេះ ទៅកាន់​ក្រុមហ៊ុន​ជួល​សំខាន់ៗ  បាន​បញ្ជាក់ថា​៖ «​ជា​លើក​ទី​១ ភ្ញៀវ​ដែល​ធ្វើដំណើរ​មកដល់​ទីក្រុង តាម​រថភ្លើង​របស់​ស្ថានីយ៍​នេះ មិន​ធ្លាប់​ផ្តល់​ការស្វាគមន៍​ជាពិសេស​ពីមុនមក​ឡើយ​។ ជាមួយនឹង​ការអភិវឌ្ឍ​ឡើងវិញ​នេះ យើង​ចង់​ឲ្យ​ភ្ញៀវ​ទាំងអស់ ដឹង​ពី​កម្រិត​ដែល​ទីក្រុង​ភ្នំពេញ និង​ប្រទេស​កម្ពុជា បាន​អភិវឌ្ឍ ក៏ដូចជា មើលឃើញ​ពី​កម្រិត​ដែល​ការជួស​ជ្រុល​ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ផ្តល់​អត្ថប្រយោជន៍​ខ្ពស់ អាចធ្វើ​ឡើង ដោយ​ផ្អែកទៅលើ​សក្តានុពល​របស់​អគារ​ជា​បេតិកភណ្ឌ​ដ៏​ស្រស់ស្អាត​ជាច្រើន​របស់​យើង​»៕
 
​ដើម្បី​សាកសួរ​ព័ត៌មាន​ពី​ការជួល សូម​ទាក់ទង​ទៅកាន់​ក្រុមហ៊ុន The Mall Company តាមរយៈ​អ៊ី​ម៉ែ​ល [email protected] ឬ​តាមរយៈ​ទូរស័ព្ទ​លេខ​: 089 999 681 និង 093 999 621​។ 

© រក្សាសិទ្ធិដោយ thmeythmey.com