អន្តរជាតិ
នយោបាយអន្តរជាតិ
លោក ស៊ី ចាត់ទុកលោក ពូទីន ជាមិត្តសំណព្វ ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់ដៃប្រធនាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នាជំនួបនៅវិមានក្រេមឡាំង។ រូបភាព Xinhua
× ប្រធានាធិបតីចិន ស៊ី ជិនភីង កំពុងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅទឹកដីរុស្ស៊ីដើម្បីរឹតចំណងទាក់ទងទ្វេភាគីឲ្យកាន់តែរឹងមាំ។ ក្នុងដំណើរទស្សនកិច្ចនេះ ចំណងការទូតរវាងមហាអំណាចទាំងពីរ ត្រូវបានដំឡើងទៅកាន់កម្រិតថ្មីមួយទៀតដើម្បីឲ្យស្របនឹងសករាជថ្មីដែរ។ មិនមែនទំនាក់ទំនងរដ្ឋ និងរដ្ឋឡើយ ទំនាក់ទំនងផ្ទាល់ខ្លួនរវាងលោក ស៊ី និងសមភាគីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក៏កាន់តែល្អប្រសើរដែរ។ មេដឹកនាំចិនបានហៅដៃគូរុស្ស៊ីរបស់ខ្លួនថា មិត្តសំណព្វ។
រុស្ស៊ី គឺជាគោលដៅបរទេសដែលប្រធានាធិបតីចិន ស៊ី ជិនភីង ទៅធ្វើទស្សនកិច្ចញឹកញាប់ជាងគេបំផុត។ ទំនាក់ទំនងផ្ទាល់ខ្លួនជាមួយលោក វ្ល៉ាឌីមៀ ពូទីន ជាមូលហេតុមួយដែលបានរួមចំណែកដល់ទំនាក់ទំនងរវាងមហាអំណាចទាំងពីរនេះ។ ក្នុងសន្និសីទសារព័ត៌មានក្រោយជំនួបចរចាផ្លូវការនៅវិមានក្រេមឡាំង លោក ស៊ី ដែលទៅរុស្ស៊ី៨ដងតាំងពីឆ្នាំ២០១៣ មក និយាយថា លោកជួបលោក ពូទីន ជិត៣០ដងក្នុងរយៈពេល៦ឆ្នាំមកនេះ។
«លោកប្រធានាធិបតី ពូទីន ជាមិត្តសំណព្វរបស់ខ្ញុំ និងជាសហការីដ៏ល្អម្នាក់។» នេះជាការលើកឡើងរបស់លោក ស៊ី នាសន្និសីទថ្ងៃទី៥ ខែមិថុនា ខណៈប្រធានាធិបតីរុស្ស៊ីអង្គុយរាងញញឹមនៅក្បែរលោក។ ប្រមុខរដ្ឋចិនចាត់ទុកការយល់ចិត្តគ្នាទៅវិញទៅមករវាងអ្នកដឹកនាំ ជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគីកម្រិតខ្ពស់ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ។
អំឡុងទស្សនកិច្ចនេះ មេដឹកនាំទាំងពីរបាចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំឡើងកម្រិតទំនាក់ទំនងទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់ការសម្របសម្រួលក្នុងយុគសម័យថ្មី។ ការដំឡើងកម្រិតទំនាក់ទំនងនេះ ជាការប្រឹងប្រែងរបស់ប្រទេសទាំងពីរក្នុងការជំរុញចំណងទាក់ទងទ្វេភាគីឲ្យដល់កម្រិតកាន់ខ្ពស់ និងដើម្បីប្រយោជន៍ប្រជាជនប្រទេសទាំងពីរ ក៏ដូចជាពិភពលោកផង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ។
ចិន និងរុស្ស៊ី ដែលមានទំនាក់ទំនងការទូត៧០ឆ្នាំមកហើយនោះ កំពុងជួបទុកព្រួយដូចគ្នា ដោយសារអាមេរិក។ ចិនទាស់ជាមួយរឿងជម្លោះពាណិជ្ជកម្មរហូតមានការដំឡើងពន្ធនាំចូលលើទំនិញគ្នាទៅមក ខណៈរុស្ស៊ីវិញត្រូវអាមេរិកចោទថា ជ្រៀតជ្រែកការបោះឆ្នោតឆ្នាំ២០១៦ ។ ក្នុងសេចក្ដីថ្លែងការណ៍រួមគ្នា លោក ស៊ី និងលោក ពូទីន យល់ព្រមពង្រឹងការសម្របសម្រួលគ្នាលើបញ្ហាអន្តរជាតិ និងតំបន់ ហើយប្រឆាំងគំនិតគាំពារនិយម និងឯកតោភាគីនិយម។
ខណៈចិនប្រឈមមុខការខ្វះប្រេងព្រោះមិនអាចទិញពីអ៊ីរ៉ង់ដ្បិតអាមេរិកគំរាមដាក់ទណ្ឌកម្ម ហើយត្រូវបង់ពន្ធថ្លៃលើការនាំចូលផលិតកម្មពីអាមេរិកនោះ លោក ពូទីន ប្រកាសថា រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីផ្គត់ផ្គង់ប្រេង និងឧស្ម័នឲ្យគ្រប់គ្រាន់ ក៏ដូចជាបង្កើនការនាំចេញសណ្ដែកសៀង និងផលិតផលកសិកម្មផ្សេងទៀតទៅឲ្យចិន៕
Tag:
ចិន
រុស្ស៊ី
ស៊ី ជិនភីង
វ៉ា្លឌីមៀ ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com