អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ស៊ី ចាត់ទុក​លោក ពូ​ទីន ជា​មិត្ត​សំណព្វ
06, Jun 2019 , 1:42 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់ដៃប្រធនាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នាជំនួបនៅវិមានក្រេមឡាំង។ រូបភាព Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់ដៃប្រធនាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នាជំនួបនៅវិមានក្រេមឡាំង។ រូបភាព Xinhua
ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង កំពុង​ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ទឹកដី​រុស្ស៊ី​ដើម្បី​រឹតចំណង​ទាក់ទង​ទ្វេភាគី​ឲ្យ​កាន់តែ​រឹងមាំ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ចំណង​ការទូត​រវាង​មហាអំណាច​ទាំងពីរ ត្រូវបាន​ដំឡើង​ទៅកាន់​កម្រិត​ថ្មី​មួយទៀត​ដើម្បី​ឲ្យ​ស្រប​នឹង​សករាជ​ថ្មី​ដែរ​។ មិនមែន​ទំនាក់ទំនង​រដ្ឋ និង​រដ្ឋ​ឡើយ ទំនាក់ទំនង​ផ្ទាល់ខ្លួន​រវាង​លោក ស៊ី និង​សម​ភាគី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ក៏​កាន់តែ​ល្អប្រសើរ​ដែរ​។ មេដឹកនាំ​ចិន​បាន​ហៅ​ដៃគូ​រុស្ស៊ី​របស់ខ្លួន​ថា មិត្ត​សំណព្វ​។​



​រុស្ស៊ី គឺជា​គោលដៅ​បរទេស​ដែល​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ទៅធ្វើ​ទស្សនកិច្ច​ញឹកញាប់​ជាងគេ​បំផុត​។ ទំនាក់ទំនង​ផ្ទាល់ខ្លួន​ជាមួយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ជា​មូលហេតុ​មួយ​ដែល​បានរួម​ចំណែក​ដល់​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ​នេះ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ជំនួប​ចរចា​ផ្លូវការ​នៅ​វិមាន​ក្រេ​ម​ឡាំង លោក ស៊ី ដែល​ទៅ​រុស្ស៊ី​៨​ដង​តាំងពី​ឆ្នាំ​២០១៣ មក និយាយថា លោក​ជួប​លោក ពូ​ទីន ជិត​៣០​ដង​ក្នុង​រយៈពេល​៦​ឆ្នាំ​មកនេះ​។​

«​លោក​ប្រធានាធិបតី ពូ​ទីន ជា​មិត្ត​សំណព្វ​របស់ខ្ញុំ និង​ជាស​ហការី​ដ៏​ល្អ​ម្នាក់​។​» នេះ​ជាការ​លើកឡើង​របស់លោក ស៊ី នា​សន្និសីទ​ថ្ងៃទី​៥ ខែមិថុនា ខណៈ​ប្រធានាធិបតី​រុស្ស៊ី​អង្គុយ​រាង​ញញឹម​នៅក្បែរ​លោក​។ ប្រមុខរដ្ឋ​ចិន​ចាត់ទុក​ការយល់​ចិត្ត​គ្នា​ទៅវិញទៅមក​រវាង​អ្នកដឹកនាំ ជាការ​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​ទ្វេភាគី​កម្រិត​ខ្ពស់ និង​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​។

​អំឡុង​ទស្សនកិច្ច​នេះ មេដឹកនាំ​ទាំងពីរ​បា​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដំឡើង​កម្រិត​ទំនាក់ទំនង​ទៅជា​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​សម្រាប់​ការសម្របសម្រួល​ក្នុង​យុគសម័យ​ថ្មី​។ ការដំឡើង​កម្រិត​ទំនាក់ទំនង​នេះ ជាការ​ប្រឹងប្រែង​របស់​ប្រទេស​ទាំងពីរ​ក្នុងការ​ជំរុញ​ចំណងទាក់ទង​ទ្វេភាគី​ឲ្យ​ដល់​កម្រិត​កាន់​ខ្ពស់ និង​ដើម្បី​ប្រយោជន៍​ប្រជាជន​ប្រទេស​ទាំងពីរ ក៏ដូចជា​ពិភពលោក​ផង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ។​

​ចិន និង​រុស្ស៊ី ដែលមាន​ទំនាក់ទំនង​ការទូត​៧០​ឆ្នាំ​មកហើយ​នោះ កំពុង​ជួប​ទុក​ព្រួយ​ដូចគ្នា ដោយសារ​អាមេរិក​។ ចិន​ទាស់​ជាមួយ​រឿង​ជម្លោះ​ពាណិជ្ជកម្ម​រហូត​មានការ​ដំឡើង​ពន្ធ​នាំចូល​លើ​ទំនិញ​គ្នា​ទៅមក ខណៈ​រុស្ស៊ី​វិញ​ត្រូវ​អាមេរិក​ចោទថា ជ្រៀតជ្រែក​ការបោះឆ្នោត​ឆ្នាំ​២០១៦ ។ ក្នុង​សេចក្ដីថ្លែងការណ៍​រួមគ្នា លោក ស៊ី និង​លោក ពូ​ទីន យល់ព្រម​ពង្រឹង​ការសម្របសម្រួល​គ្នា​លើ​បញ្ហា​អន្តរជាតិ និង​តំបន់ ហើយ​ប្រឆាំង​គំនិត​គាំពារ​និយម និង​ឯកតោភាគី​និយម​។​

​ខណៈ​ចិន​ប្រឈមមុខ​ការខ្វះ​ប្រេង​ព្រោះ​មិនអាច​ទិញ​ពី​អ៊ីរ៉ង់​ដ្បិត​អាមេរិក​គំរាម​ដាក់ទណ្ឌកម្ម ហើយ​ត្រូវ​បង់ពន្ធ​ថ្លៃ​លើ​ការ​នាំចូល​ផលិតកម្ម​ពី​អាមេរិក​នោះ លោក ពូ​ទីន ប្រកាសថា រុស្ស៊ី​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ផ្គត់ផ្គង់​ប្រេង និង​ឧស្ម័ន​ឲ្យ​គ្រប់គ្រាន់ ក៏ដូចជា​បង្កើន​ការនាំចេញ​សណ្ដែកសៀង និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​ទៅ​ឲ្យ​ចិន​៕




Tag:
 ​ចិន​
  រុស្ស៊ី​
  ស៊ី ជិន​ភីង​
  វ៉ា្ល​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com