កីឡាជាតិ
ជាតិ
​ពី​កីឡាករ​ទៅ​ជាអ្នកគាំទ្រ​ស្មោះស្ម័គ្រ​! ជូនពរ​គោព្រៃ​កម្ពុជា​ឈ្នះ​ប៉ា​គី​ស្ថាន​នា​ជំនួប​ល្ងាច​នេះ​
06, Jun 2019 , 2:52 pm        
រូបភាព
ដោយ:
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ត្រូវ​ស្វាគមន៍​ប៉ា​គី​ស្ថាន សម្រាប់​វគ្គ​ជម្រុះ​បឋម World Cup 2022 ជើង​ទីមួយ នា​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ កម្ពុជា​រំពឹង​ឆ្លង​ផុត​វគ្គ​ជម្រុះ​បឋម​នេះ​ដូច​កាលពី​៤​ឆ្នាំមុន នៅពេលដែល​ពួកគេ​បាន​យកឈ្នះ​ម៉ា​កាវ​ក្នុង​លទ្ធផល​សរុប​ទាំងពីរ​ជើង​។ ដូចជា​អ្នកគាំទ្រ​ទូទៅ​ផងដែរ ក្រុម​កីឡាករ​ដែល​ធ្លាប់​លេង​ឲ្យ​ជម្រើសជាតិ បានទទួល​ពរ​ក្រុម​សម្រាប់​ជំនួប​នា​ល្ងាច​នេះ បើទោះបីជា​ពួកគេ​មិនបាន​ជាប់​ក្នុង​ជម្រើស​របស់លោក Keisuke Honda និង​លោក Felix Dalmas ក៏ដោយ​។​


 
 
 
«​សូម​ជ័យជម្នះ​កើតមាន​ចំពោះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​របស់​យើង​ទាំង​ក្នុងការ​ប្រកួត​ថ្ងៃនេះ​ក៏ដូចជា​ការប្រកួត​ជើង​ទី​២​។ សូម​ចូលរួម​ផ្ដល់​កម្លាំងចិត្ត​ដល់​ក្រុម​ជម្រើសជាតិ​យើងទាំងអស់គ្នា​។ ទាំងអស់គ្នា​ដើម្បី​កម្ពុជា​»​។ នេះ​ជា​សារ​ជូនពរ​របស់​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ជាមួយនឹង​រូបថត​លើកដៃ​សំពះ​។​


 
​ក្រៅពី វឌ្ឍនាកា ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​នា​ជ័យជម្នះ ៣-០ លើ​ម៉ា​កាវ នា​វគ្គ​ជម្រុះ​បឋម​ដូចគ្នា កាលពី​ជើង​ទីមួយ​នា​ឆ្នាំ​២០១៥​នោះ  អ្នកចាំទី​ដ៏​មានបទពិសោធន៍ ស៊ូ យ៉ា​ទី ក៏បាន​អំពាវនាវ​ដល់​មិត្ត​រួម​ជាតិ​ទៅ​ទស្សនាការ​ប្រកួត​ឲ្យ​បាន​ច្រើន​កុះករ​ផងដែរ​។ «​ខ្មែរ​ស្រឡាញ់​ខ្មែរ​! ទោះបី​មិនមាន​វត្តមាន​ខ្ញុំ​ក៏ដោយ តែ​ខ្ញុំ​នៅតែ​គាំទ្រ​»​។ យ៉ា​ទី បាន​សរសេរ​យ៉ាង​ដូច្នេះ ដោយ​ភ្ជាប់​រូបថត​ជាមួយ​លោក Keisuke Honda​។​
 
​មិន​ខុសគ្នា​ឡើយ ខ្សែបម្រើ ឈិន ឈឿន បាន​បង្ហោះ​រូប​ដ៏​រីករាយ​ជាមួយ ប្រាក់ មុន្នី​ឧ​ត្ត​ម និង​ធា​រី ចន្ថា​ប៊ិន ដោយ​សរសេរ​យ៉ាងខ្លី​ថា​៖ «​សំណាងល្អ​ណា សំឡាញ់​ទាំងពីរ​សម្រាប់​ការប្រកួត​»​។ រីឯ អ៊ុំ សេរី​រ័ត្ន​ន៍ អះអាងថា ខ្លួន​ចាំ​មិនដែល​ភ្លេច​នូវ​ថ្ងៃ​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចិត្ត ហើយ​បើទោះបី​មិនមាន​វត្តមាន​របស់គេ​ក៏ដោយ ប៉ុន្តែ​អ្នកចាំទី​រូបនេះ បាន​បញ្ជាក់ថា​៖ «​សង្ឃឹមថា​ថ្ងៃនេះ​ខ្ញុំ​នឹង​សប្បាយចិត្ត​ម្តងទៀត​ជាមួយនឹង​ជ័យ​ម្នះ​ក្នុងនាម​ជា​អ្នកគាំទ្រ​ម្តង​ជួបគ្នា​ល្ងាច​នេះ ស៊ូ​ស៊ូ​អ្នក​ចម្បាំង​ក្រុង​អង្គរ​»​។​
 
​ឃួន ឡា​បូ​រ៉ាវី ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទីចុងក្រោយ​នា​ជ័យជម្នះ ៣-០ លើ​ម៉ា​កាវ កាលពី​ឆ្នាំ​២០១៥ បាន​បង្ហោះ​ឃ្លី​ប​វីដេអូ​អនុស្សាវរីយ៍​នៃ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់គេ ជាមួយនឹង​ការជូន​ពរ​ជា​ភាសា​អង់គ្លេស ដែល​មានន័យថា កម្ពុជា​នឹង​ទទួល​ជ័យជម្នះ​បន្ថែមទៀត​។​
 
​លោក Felix Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជឿជាក់ថា ការ​ប៉ះ​ជាមួយ​ប៉ា​គី​ស្ថាន​នៅ​ល្ងាច​នេះ នឹង​ក្លាយជា​ជំនួប​ដ៏​តានតឹង និង​ជក់ចិត្ត​សម្រាប់​អ្នកគាំទ្រ​។ គ្រូបង្វឹក​រូបនេះ​ទទួលស្គាល់ថា ប៉ា​គី​ស្ថាន​ជា​ក្រុម​សម្បូរ​ដោយ​កីឡាករ​មានគុណ​ភាព និង​មានប្រៀប​លើ​ផ្នែក​កាយសម្បទា​។ ដូច្នេះ​វា​ជា​ឱកាសល្អ​សម្រាប់​កម្ពុជា​ក្នុងការ​ដកស្រង់​បទពិសោធ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​។ 
 
​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន​រូបនេះ​អះអាងថា កីឡាករ​ទាំង​២៣​រូប ដែល​ចម្រាញ់​ចេញពី​២៦​រូប​ត្រៀម​ស្វាគមន៍​ប៉ា​គី​ស្ថាន​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​សុទ្ធសឹង​ជា​កីឡាករ​មានគុណ​ភាព និង​ឆន្ទៈ​លេង​ជា​ក្រុម ដែល​បាន​ឆ្លងកាត់​ការតាមដាន​យ៉ាង​ម៉ត់ចត់​ពី​មន្ត្រី​ជំនាញ​អស់​រយៈពេល​ជា​យូរ​មកហើយ​។ កត្តា​នេះ​ធ្វើ​ឲ្យ​លោក​ជឿជាក់ថា ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹងធ្វើ​បានល្អ​នៅថ្ងៃនេះ​។   
 
​ពាក់ព័ន្ធ​នឹង​ការជ្រើសរើស​កីឡាករ សម្រាប់​ត្រៀម​ការប្រកួត​វគ្គ​ជម្រុះ​បឋម World Cup លោក Felix Dalmas បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ថ្វី​ដ្បិត​កីឡាករ ដែល​យើង​ជ្រើសរើស​មួយចំនួន​មិនបាន​បង្ហាញខ្លួន​គ្រប់ការ​ប្រកួត​ក្នុង​លី​គ តែ​យើង​តែងតែមាន​ទំនាក់ទំនង​ជាមួយ​ក្លិប ក៏ដូចជា​កីឡាករ ហើយ​យើង​ដឹងថា ហេតុអ្វី​ពួកគេ​មិនមាន​វត្តមាន​ច្រើន មាន​គុណភាព​យ៉ាងម៉េច និង​ហ្វឹកហាត់​យ៉ាងម៉េច​។ ម្យ៉ាង​ដោយសារ​ពួកគេ​យល់ដឹង​ពី​ប្រព័ន្ធ​លេង​របស់​យើង ទើប​យើង​ជ្រើសរើស​ពួកគេ​»​។ 
 
​ប្រធាន​ក្រុម​ជម្រើសជាតិ​កីឡាករ សឿ​យ វិសាល បាន​និយាយថា រូបគេ​និង​មិត្ត​រួម​ក្រុម​បាន​ត្រៀមខ្លួន ត្រៀម​ចិត្ត និង​កម្លាំង​បាន​យ៉ាង​ល្អ ទោះបី​ការប្រមូលផ្តុំ​កីឡាករ​ជម្រើសជាតិ​លើក​នេះ​មាន​រយៈពេល​ខ្លី​។ ហើយ​បញ្ហា​បច្ចេកទេស ក៏​មិន​ចោទ​ជា​បញ្ហា​ផងដែរ​។ 
 
«​ការប្រមូលផ្តុំ​លើក​នេះ​មាន​រយៈពេល​ខ្លី​មែន តែ​យើង​បាន​ត្រៀមខ្លួន​និង​ចិត្ត​បានល្អ ជាពិសេស​កម្លាំង​របស់​ពួកយើង​ក៏​ត្រៀម​បានល្អ​ផងដែរ ព្រោះ​ពួកគេ​យើង​ទើប​ចប់​លេង​ក្នុង​លី​គ​កាលពីពេល​ថ្មីៗ​។ សម្រាប់​បច្ចេកទេស គឺ​មិនមាន​បញ្ហា​សម្រាប់​ពួកយើង​នោះទេ ដោយសារ​ពួកយើង​ធ្លាប់​ហ្វឹកហាត់​ជា​គាត់​(​លោក Honda)​កន្លងមក ហើយ​អ្វី​ជា​គោលដៅ ក៏​យើង​ទទួលបាន​ពី​មក​ផងដែរ​»​។ នេះ​ជាការ​លើកឡើង​របស់​កីឡាករ សឿ​យ វិសាល ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​កាលពី​ថ្ងៃទី​៥ មិថុនា​។   
 
​បើ​មើល​ពី​សមាសភាព​កីឡាករ​របស់​ក្រុម​ប៉ា​គី​ស្ថាន គឺ​ពួកគេ​មានប្រៀប​លើ​ផ្នែក​កាយសម្បទា ហើយ​បច្ចេកទេស​ក៏មាន​មានគុណ​ភាព​ខ្ពស់​ផងដែរ​។ ព្រោះ​កីឡាករ​ប៉ា​គី​ស្ថាន​ស្ទើរ​ជាង​ពាក់កណ្តាល​លេង​ឲ្យ​ក្លិប​នៅក្រៅ​ប្រទេស ដូចជា​នៅ​អង់គ្លេស អាមេរិក កាណាដា ដា​ណឺ​ម៉ាក និង​ហុងកុង​ជាដើម​។ 


 
​កីឡាករ​ប៉ា​គី​ស្ថាន​ទាំងនោះ​រួមមាន​អ្នកចាំទី​៖  Yousuf Butt (AB Taarnby, ដា​ណឺ​ម៉ាក​), Ahsanullah Khan (SSGC), Muzammil Hussain (WAPDA)
 
​ខ្សែការពារ​៖ Ali Khan Niazi (K-Electric), Ali Uzair (WAPDA), Umer Hayat (WAPDA), Abdullah Qazi (A.S. Los Angeles, អាមេរិក​), Yaqoob Butt (AB Taarnby, ដា​ណឺ​ម៉ាក​), Zesh Rehman (KC Southern FC, ហុងកុង​), 
 
​ខ្សែបម្រើ​៖ Mehmood Khan (SSGC), Samir Nabi (Torquay United, អង់គ្លេស​), Rahis Nabi (Alvechurch FC, អង់គ្លេស​), Navid Rahman (ProStars FC, កាណាដា​), 
 
​ខ្សែប្រយុទ្ធ​៖ Ahmad Faheem (WAPDA), Tabish Hussain (Guiseley AFC, អង់គ្លេស​), Hassan Bashir (AB Taarnby, ដា​ណឺ​ម៉ាក​), Muhammad Riaz (K-Electric), Shabban Hussain (Vanløse IF, ដា​ណឺ​ម៉ាក​), Mohammad Ali (Greve IF, ដា​ណឺ​ម៉ាក​), Adnan Mohammad (Lyngby BK, ដា​ណឺ​ម៉ាក​)៕

Tag:
 World Cup
  ក្រុម​ជម្រើសជាតិ​កម្ពុជា​
  ប៉ា​គី​ស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com