កីឡាអន្តរជាតិ
អន្តរជាតិ
ដោយគ្មានគូប្រជែង លោក Infantino ជាប់ឆ្នោតធ្វើប្រធាន FIFA ដល់ឆ្នាំ២០២៣
× លោក Gianni Infantino បានជាប់ឆ្នោតធ្វើប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) អាណត្តិទី២ដោយគ្មានការជំទាស់ នៅឯសមាជ FIFA លើកទី៦៩ ក្នុងក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី៥ ខែមិថុនា។ Infantino នឹងបន្តកាន់តំណែងនេះរហូតដល់ឆ្នាំ ២០២៣ ចាប់តាំងពីលោកឡើងដឹកនាំដំបូងនៅឆ្នាំ២០១៦ ជំនួសលោក Sepp Blatter។
បុរសញ្ជាតិស្វ៊ីស វ័យ៤៩រូបនេះបានក្លាយជាប្រធាន FIFA ទី៩ ក្នុងប្រវត្តិសាស្ត្រកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ពោលគឺមានរយៈពេល៣ឆ្នាំនិង៩៦ថ្ងៃមកហើយ គិតត្រឹមថ្ងៃទី៦ ខែមិថុនានេះ។ សមាជិករបស់ FIFA ទាំង២១១ ក៏យល់ព្រមឲ្យលោក Infantino នៅបន្តដឹកនាំក្បាលម៉ាស៊ីនកីឡាបាល់ទាត់ពិភពលោកនេះមួយអាណត្តិទៀតដែលមានរយៈពេល៤ឆ្នាំ។
លោក Infantino ដែលជាអតីតមេធាវី នឹងមានពេលរហូតដល់ឆ្នាំ២០២៣ ដើម្បីអនុវត្តផែនការដ៏ធំរបស់ខ្លួនសម្រាប់វិស័យកីឡាបាល់ទាត់ ខណៈដែលមានការមិនពេញចិត្តខ្លះៗ នាការដឹកនាំក្នុងអាណត្តិទី១របស់លោក។ នៅឯសមាជ FIFA ក្នុងក្រុងប៉ារីសលោក Infantino បានប្រាប់សមាជិកទាំង២១១របស់ខ្លួនថាក្នុងរយៈពេលជាង៣ឆ្នាំមកនេះ FIFA បានប្រែក្លាយពីស្ថានប័នដែលមានភាពរញ៉េរញ៉ៃ ទៅជាអង្គភាពដែលអភិវឌ្ឍវិស័យកីឡាបាល់ទាត់ឲ្យល្អប្រសើរវិញ។
ស្ថាប័នកំពូលរបស់ FIFA ក៏បានអនុម័តរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០១៨ ក៏ដូចជាថវិកាលម្អិតសម្រាប់ឆ្នាំ២០២០ដែលមានចំនួនទឹកប្រាក់ ៨១០លានដុល្លារអាមេរិក ដើម្បីវិនិយោគលើវិស័យកីឡាបាល់ទាត់ទូទាំងពិភពលោក។
សមាជ FIFA លើកទី ៧០ នឹងប្រព្រឹត្តទៅនៅទីក្រុង Addis Ababa ប្រទេសអេត្យូពី នាខែឧសភា ឆ្នាំ២០២០៕
Tag:
បាល់ទាត់
FIFA
Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com