អន្តរជាតិ
ទោះអាមេរិកចោទថាធ្វើចារកម្ម Huawei នឹងទៅអភិវឌ្ឍ 5G នៅរុស្ស៊ីវិញ ប្រភពរូប៖ AFP
× ក្រុមហ៊ុន Huawei របស់ចិន ដែលត្រូវបានចាត់ទុកថាជា ការគំរាមកំហែងសន្តិសុខនៅអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនទូរគមនាគមន៍រុស្ស៊ី MTS កាលពីថ្ងៃពុធទី ៥ មិថុនា ។ សម្រាប់កិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ នឹងអភិវឌ្ឍបណ្តាញបច្ចេកវិទ្យា 5G ក្នុងប្រទេសរុស្ស៊ី ដែលនឹងចាប់ផ្តើមនាឆ្នាំ២០២០តទៅ។
ក្នុងសេចក្តីថ្លែងការណ៍ ក្រុមហ៊ុនទូរគមនាគមន៍រុស្ស៊ី MTS លើកឡើងថា កិច្ចព្រមព្រៀងនេះ នឹងបង្កើតឲ្យមានការអភិវឌ្ឍបច្ចេកវិទ្យា 5G និងការដាក់ដំណើរសាកល្បងដំបូងបង្អស់នៃបណ្តាញបច្ចេកវិទ្យាជំនាន់ទីប្រាំនេះ ក្នុងឆ្នាំ២០១៩ ដល់ ២០២០។ អនុប្រធានក្រុមហ៊ុនចិន Huawei លោក Guo Ping វិញលើកឡើងថា លោក សប្បាយរីករាយជាខ្លាំង ក្រោយពីបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរុស្ស៊ីក្នុងវិស័យយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ដូចជាបច្ចេកវិទ្យា 5G នេះ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា នៅក្រៅកិច្ចប្រជុំរវាងប្រធានាធិបតីចិន លោក ស៊ី ជិនភីង និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងរដ្ឋធានីមូស្គូនៃប្រទេសរុស្ស៊ី។
ចាប់តាំងពីខែឧសភា ឆ្នាំ២០១៩មក ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ទទួលរងព្យុះភ្លៀងជាខ្លាំង ក្រោយក្រុងវ៉ាស៊ីនតោន ដាក់បម្រាមក្រុមហ៊ុនអាមេរិកនានា ពីការលក់សម្ភារបច្ចេកវិទ្យាទំនើបទៅឲ្យខ្លួនដោយសង្ស័យថា ក្រុងប៉េកាំងប្រើបច្ចេកវិទ្យាក្រុមហ៊ុនដ៏ធំនេះ ធ្វើចារកម្មទៅលើសហរដ្ឋអាមេរិក។
ទាក់ទិននឹងការហាមប្រាមនេះ អ្នកជំនាញ លើកឡើងថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដែលនឹងចូលជាធរមាននាពេល៣ខែខាងមុខ គំរាមកំហែងដល់អាយុជីវិតរបស់ក្រុមហ៊ុនចិននេះ ដែលពឹងផ្អែកខ្លាំងលើបន្ទះឈីប និងបច្ចេកវិទ្យាទំនើបរបស់អាមេរិកសម្រាប់ទូរសព្ទខ្លួន។ តួយ៉ាង ក្រុមហ៊ុនអាមេរិក មួយចំនួន បានងាកចេញពីក្រុមហ៊ុន Huawei ដែលក្នុងនោះមាន ក្រុមហ៊ុន Google ដែលជាអ្នកផ្គត់ផ្គង់ប្រព័ន្ធប្រតិបត្តិការ Android សម្រាប់ក្រុមហ៊ុនជាច្រើនលើពិភពលោក ហើយក៏មាន Huawei ផងដែរ៕
Tag:
សហរដ្ឋអាមេរិក
ចិន
រុស្ស៊ី
5G
Huawei
© រក្សាសិទ្ធិដោយ thmeythmey.com