ចិន មាន​ទំហំ​វិនិយោគ​ជាង​៤៨​ភាគរយ​នៃ​ការវិនិយោគ​សរុប ក្នុង​ឆ្នាំ​២០១៨
ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
ចិន មាន​ទំហំ​វិនិយោគ​ជាង​៤៨​ភាគរយ​នៃ​ការវិនិយោគ​សរុប ក្នុង​ឆ្នាំ​២០១៨
06, Jun 2019 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ ទំហំ​វិនិយោគ​ចិន​ក្នុង​ឆ្នាំ​២០១៨ មាន​ទំហំ​២,៧​ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង​៤៨,២​ភាគរយ នៃ​ការវិនិយោគ​សរុប​៥,៨​ពាន់​លាន​ដុល្លារ​។  បើតាម លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ទំហំ​ទឹកប្រាក់​វិនិយោគ​ចិន​នេះ បាន​អនុវត្ត​លើ​គម្រោង​ចំនួន​៧៥ នៃ​គម្រោង​សរុប​១៤៩​។

 
​លោក​ប៊ិន ឈិន មានប្រសាសន៍​ក្នុង​ពិធី​អបអរសាទរ​ឆ្នាំ​វប្បធម៌​និង​ទេសចរណ៍​កម្ពុជា​-​ចិន និង​ដំណើរ​ទស្សនកិច្ច​នៃ​បេសកជន​ចិន​ចំនួន​២០០០​នាក់ នៅ​កម្ពុជា កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សាល​មហោស្រប​កោះ​ពេជ្រ ដូច្នេះ​ថា​៖«​ជាការ​ពិត កំណើនសេដ្ឋកិច្ច​កម្ពុជា​កន្លងមក និង​កំណើន​រំពឹងទុក​នា​ថ្ងៃ​អនាគត មិនអាច​កាត់ផ្តាច់​ពី​ការចូលរួម​របស់​មិត្ត​ចិន​បានឡើយ​។ គិត​មក​ត្រឹម​ឆ្នាំ​២០១៨ ចិន​គឺជា​ប្រទេស​ដែល​បាន​វិនិយោគ​ធំជាងគេ​លំដាប់​លេខ​មួយ​នៅ​កម្ពុជា​»​។​


លោកប៊ិន ឈិន បានមានប្រសាសន៍ក្នុងពិធីអបអរសាទរ ឆ្នាំវប្បធម៌ -ទេសចរណ៍ កម្ពុជា - ចិន និងដំណើរទស្សនកិច្ចនៃបេសកជនចិនចំនួន ២ ០០០នាក់ មកទស្សនាព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅសាលមហោស្របកោះពេជ្រ។
 
​ក្នុង​រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៣-២០១៧ ការវិនិយោគ​របស់​ប្រទេស​ចិន បាន​ក្លាយជា​ប្រភព​ទុនវិនិយោគ​ធំជាងគេ​នៅ​កម្ពុជា ដែល​ទុនវិនិយោគ​សរុប​៥,៣​ពាន់​លាន​ដុល្លារ ដោយ​គិត​ជា​មធ្យម​ប្រមាណ​១​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ទំហំ​វិនិយោគ​ទាំងនេះ​ផ្តោតលើ​វិស័យ​ធនាគារ ឧស្សាហកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​។ នេះ​បើ​យោង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ថ្ងៃទី​២៤​មេសា ឆ្នាំ​២០១៨​។ 
 
​សូមបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នៃ​បេសកជន​ចិន​ចំនួន​២០០០​នាក់ ក្រៅពី​ចូលរួម​សាទរ «​ឆ្នាំ​វប្បធម៌​និង​ទេសចរណ៍​កម្ពុជា​-​ចិន​ឆ្នាំ​២០១៩» ក៏​មក​ដើម្បី​ឈ្វេងយល់​ពី​ឱកាស​វិនិយោគ ពិសេស​ក្នុង​វិស័យ​ទេសចរណ៍ និង​ជួយ​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា​ដល់​ប្រជាជន​ចិន ក៏ដូចជា​ទាក់ទាញ​ទេសចរ​ចិន​មក​កម្ពុជា​ឲ្យ​កាន់តែច្រើន​ថែមទៀត​៕

Tag:
 វិនិយោគ​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com