ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
ចិន មានទំហំវិនិយោគជាង៤៨ភាគរយនៃការវិនិយោគសរុប ក្នុងឆ្នាំ២០១៨
× ភ្នំពេញ៖ ទំហំវិនិយោគចិនក្នុងឆ្នាំ២០១៨ មានទំហំ២,៧ពាន់លានដុល្លារ ដែលស្មើនឹង៤៨,២ភាគរយ នៃការវិនិយោគសរុប៥,៨ពាន់លានដុល្លារ។ បើតាម លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ទំហំទឹកប្រាក់វិនិយោគចិននេះ បានអនុវត្តលើគម្រោងចំនួន៧៥ នៃគម្រោងសរុប១៤៩។
លោកប៊ិន ឈិន មានប្រសាសន៍ក្នុងពិធីអបអរសាទរឆ្នាំវប្បធម៌និងទេសចរណ៍កម្ពុជា-ចិន និងដំណើរទស្សនកិច្ចនៃបេសកជនចិនចំនួន២០០០នាក់ នៅកម្ពុជា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅសាលមហោស្របកោះពេជ្រ ដូច្នេះថា៖«ជាការពិត កំណើនសេដ្ឋកិច្ចកម្ពុជាកន្លងមក និងកំណើនរំពឹងទុកនាថ្ងៃអនាគត មិនអាចកាត់ផ្តាច់ពីការចូលរួមរបស់មិត្តចិនបានឡើយ។ គិតមកត្រឹមឆ្នាំ២០១៨ ចិនគឺជាប្រទេសដែលបានវិនិយោគធំជាងគេលំដាប់លេខមួយនៅកម្ពុជា»។
លោកប៊ិន ឈិន បានមានប្រសាសន៍ក្នុងពិធីអបអរសាទរ ឆ្នាំវប្បធម៌ -ទេសចរណ៍ កម្ពុជា - ចិន និងដំណើរទស្សនកិច្ចនៃបេសកជនចិនចំនួន ២ ០០០នាក់ មកទស្សនាព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅសាលមហោស្របកោះពេជ្រ។
ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៣-២០១៧ ការវិនិយោគរបស់ប្រទេសចិន បានក្លាយជាប្រភពទុនវិនិយោគធំជាងគេនៅកម្ពុជា ដែលទុនវិនិយោគសរុប៥,៣ពាន់លានដុល្លារ ដោយគិតជាមធ្យមប្រមាណ១ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ទំហំវិនិយោគទាំងនេះផ្តោតលើវិស័យធនាគារ ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាដើម។ នេះបើយោងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី២៤មេសា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនៃបេសកជនចិនចំនួន២០០០នាក់ ក្រៅពីចូលរួមសាទរ «ឆ្នាំវប្បធម៌និងទេសចរណ៍កម្ពុជា-ចិនឆ្នាំ២០១៩» ក៏មកដើម្បីឈ្វេងយល់ពីឱកាសវិនិយោគ ពិសេសក្នុងវិស័យទេសចរណ៍ និងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនចិន ក៏ដូចជាទាក់ទាញទេសចរចិនមកកម្ពុជាឲ្យកាន់តែច្រើនថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com