ជាតិ
ក្រសួងការបរទេស​ខ្មែរ​នឹង​ជួប​ទូត​សិង្ហ​បុរី រឿង​សេចក្តីថ្លែងការណ៍​របស់​លោក លី សៀន​ឡុង​
06, Jun 2019 , 4:57 pm        
រូបភាព
ស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា
ស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា
​សេចក្តីថ្លែងការណ៍​ពីរដង​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង​ដោយ​ប្រើពាក្យ​ថា កងទ័ព​វៀតណាម​ឈ្លានពាន​កម្ពុជា និង​ថា​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​បានមក​ជំនួស​របប​ខ្មែរក្រហម មិនបាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ភ្នំពេញ​នៅ​ស្ងៀម​ឡើយ​។​

 
​ក្រសួងការបរទេស​ក​ម្ពុ​ជា​បាន​ទាក់ទង​ស្ថានទូត​សិង្ហ​បុរី​ប្រចាំ​ប្រទេស​កម្ពុជា​ហើយ​។ លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ឆ្លើយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាងខ្លី​យ៉ាង​ដូច្នេះ​ថា​៖«​យើង​បាន​ទំនាក់ទំនង​គ្នា និង​កំណត់​ថ្ងៃ​ជួបគ្នា​ហើយ​»​។​
 
​ស្ថានទូត​សិង្ហ​បុរី​នៅ​រាជធានី​ភ្នំពេញ មិនបាន​ឆ្លើយតប​ចំពោះ​ការស្នើសុំ​អត្ថាធិប្បាយ​ពី​សារព័ត៌មាន​ថ្មីៗ​ឡើយ​។​
 
​ការទាក់ទង​ពី​ក្រសួងការបរទេស​កម្ពុ​ជា​ទៅកាន់​ស្ថានទូត​សិង្ហ​បុរី ត្រូវបាន​ធ្វើឡើង​ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​បាន​អធិប្បាយ​នៅលើ​ទំព័រ​ហ្វ៊េ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​កាលពី​ថ្ងៃទី​៣១​ឧសភា និយាយ​អំពី​ការឈ្លានពាន​របស់​កង​ទ័ព​វៀតណាម​មកលើ​កម្ពុជា​។ តាមពិត​លោក លី សៀន​ឡុង បាន​យក​ឱកាស​នៃ​ការរំលែក​មរណទុក្ខ​ចំពោះ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ព្រេ​ម ទីន ស៊ូ​ឡា​នុ​ន​ដា និង​បានលើកឡើង​ពី​ឥទ្ធិពល​របស់លោក ព្រេ​ម នៅក្នុង​អាណត្តិ​លោក​ជា​នាយករដ្ឋមន្ត្រី​ថៃ​នៅក្នុង​ទស្សវត្សរ៍​១៩៨០​នោះ ដែល​ធ្វើ​ឲ្យ​លោក លី សៀន​ឡុង និយាយ​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​នេះ​។ លោក លី សៀន​ឡុង បាន​សរសេរ​យ៉ាង​ដូច្នេះ​«​ក្នុងអំឡុង​ពេលដែល​លោក ព្រេ​ម ទីន​ស៊ូ​ឡា​នុ​ន​ដា ធ្វើជា​នាយករដ្ឋមន្ត្រី​ថៃ​នោះ វា​ក៏​ជា​ពេលដែល​សមាជិក​អាស៊ាន​ទាំង​៥​នៅពេលនោះ បាន​ប្រឆាំងនឹង​ការឈ្លានពាន​របស់​វៀត​ណា​ម​មកលើ​កម្ពុជា និង​រដ្ឋាភិបាល​កម្ពុជា (​ពេលនោះ​) ដែល​មក​ជំនួស​របប​ខ្មែរក្រហម​»​។ លោក លី សៀន​ឡុង សរសេរ​បន្តទៀតថា​៖«​ប្រទេស​ថៃ​បាន​ប្រឈម​នឹង​កងទ័ព​វៀតណាម​នៅតាម​បណ្តោយ​ព្រំដែន​របស់ខ្លួន​ជាមួយ​កម្ពុជា​។ លោក​ឧ​ត្ត​ម​សេនីយ៍ ព្រេ​ម បានសម្រេច​ចិត្ត​យ៉ាង​មុតមាំ​ដោយ​មិន​ទទួលយក​អ្វីដែល​កំពុង​កើតឡើង​នោះ ហើយ​បានធ្វើការ​ជាមួយ​ដៃគូ​ក្នុង​អាស៊ាន​ដើម្បី​ប្រឆាំង​វៀតណាម​នៅតាម​វេទិកា​អន្តរជាតិ​នានា​»​។​
 
​សេចក្តីថ្លែងការណ៍​នេះ បានធ្វើឱ្យ​តំណាងរាស្ត្រ​កម្ពុជា លោក ហ៊ុន ម៉ា​នី បាន​បញ្ចេញ​ប្រតិកម្ម​ក្នុងនាម​ផ្ទាល់ខ្លួន​ប្រឆាំង​លោក លី សៀន​ឡុង​។​
 
 
​មិន​ត្រឹមតែ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឡើយ លោក លី សៀន​ឡុង ក៏បាន​ធ្វើ​សេចក្តីថ្លែងការណ៍​សាធារណៈ​នៅក្នុង​វេទិកា​សន្តិសុខ​តំបន់ Shangri-La នៅ​សិង្ហ​បុរី​ថា វៀតណាម​បាន​ឈ្លានពាន​កម្ពុជា​ដែរ​។​
 
​អ្នកនាំពាក្យ​ក្រសួង​ការបទេស​វៀតណាម​ក៏បាន​ប្រតិកម្ម​ចំពោះ​ការអត្ថាធិប្បាយ​របស់លោក លី សៀន​ឡុង ដូចគ្នា​ដែរ​៕

Tag:
 សិង្ហ​បុរី
  វៀតណាម
  ប៉ុលពត​
© រក្សាសិទ្ធិដោយ thmeythmey.com