ភ្នំពេញ៖ កម្ពុជា នឹងព្យាយាមការពារប្រព័ន្ធអនុគ្រោះពន្ធ (Everything But Arms) មិនឲ្យបាត់បង់នោះទេ។ នេះជាការលើកឡើងរបស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងជំនួបជាមួយលោក Jean-Christophe Belliard អគ្គលេខាធិការរង នៃមន្ទីការបរទេសសហភាពអឺរ៉ុប នៅថ្ងៃទី៦ មិថុនា។
ផ្ដើមកិច្ចពិភាក្សាដំបូងលោក ប្រាក់ សុខុន បានរៀបរាប់ពីវឌ្ឍនភាពរបស់កម្ពុជា ប្រាប់ទៅប្រតិភូសហភាពអឺរ៉ុប ដើម្បីស្នើឲ្យមានការផ្ដល់ភាពអព្យាក្រឹត្យដល់កម្ពុជា។ ឈានចូលដល់កិច្ចសន្ទនាពីបញ្ហាអនុគ្រោះពន្ធវិញ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអះអាងថា កម្ពុជា នឹងខិតខំប្រឹងប្រែងការពារEBA មិនឲ្យបាត់បង់នោះទេ។ ដ្បិតកម្ពុជាប្រឹងការពារEBAនេះ ប៉ុន្តែកម្ពុជាក៏មានបន្ទាត់ក្រហមកំណត់ ដោយមិនឲ្យបរទេសយកប្រព័ន្ធមួយនេះ ដាក់សម្ពាធ និងលូកដៃចូលកិច្ចការផ្ទៃក្នុងជាតិផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេស លោក កេត សុផាន់ ដែលបានស្រង់សម្ដីលោក ប្រាក់ សុខុន បានប្រាប់អ្នកកាសែតក្រោយជំនួបប្រមុខក្រសួងដូច្នេះថា៖«រាជរដ្ឋាភិបាល បានផ្ដោតយកចិត្តទុកដាក់ខ្លាំងលើជីវភាពកម្មករប្រមាណ៧០ម៉ឺននាក់ ហើយអ្នកទទួលផល ក្រុមគ្រួសារ បងប្អូនប្រហែលជា២លាននាក់ទៀត អំពីការងារដែលកម្មករគាត់ទទួលបានពីប្រាក់បៀវត្ស។ ហើយរដ្ឋាភិបាលនឹងខិតខំធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីរក្សាឲ្យកម្ពុជានៅទទួលបានEBA (ការអនុគ្រោះពន្ធ)។ ក៏ប៉ុន្តែទោះខិតខំយ៉ាងក៏ដោយ គឺ(កម្ពុជា) នៅមានបន្ទាត់ក្រហម គឺមិនអាចយកអធិបតេយ្យ និងឯករាជ្យជាតិ ទៅដូរជាមួយEBA នោះទេ»។
អមជាមួយការលើកឡើងខាងលើរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក៏បានរំឭកទៅប្រតិភូអឺរ៉ុបថា កម្ពុជាបានប្រឹងបំពេញភារកិច្ច និងដោះស្រាយបញ្ហានានាក្នុងប្រទេស ដើម្បីទទួលបានការយោគយល់លើប្រព័ន្ធអនុគ្រោះពន្ធនេះច្រើនហើយ ប៉ុន្តែខាងប្រតិភូអឺរ៉ុប មិនបានសរសេររបាយការណ៍រៀបរាប់ពីវឌ្ឍនភាពនៃប្រទេសកម្ពុជាឡើយ។ នេះបើតាមលោក កេត សុផាន់។
កន្លងមករដ្ឋាភិបាល បានសម្រេចផ្ដល់នីតិសម្បទានយោបាយដល់អតីតមន្ត្រីគណបក្សប្រឆាំង, ការផ្ទេរឲ្យលោក កឹម សុខា មកជាប់ឃុំនៅក្នុងផ្ទះវិញ, ការស្នើឲ្យតុលាការពន្លឿនដោះស្រាយបណ្ដឹងរបស់ក្រុមសហជីព រហូតដល់មានការសម្រេចទម្លាក់ចោលបទចោទលើពួកគេ រួមទាំងគោលនយោបាយដោះស្រាយបញ្ហាដីធ្លី និងការលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករ តាមរយៈការដំឡើងប្រាក់ខែ និងសម្រួលលក្ខខណ្ឌការងារជាដើម។ ចំណុចទាំងអស់ហើយ ដែលរដ្ឋាភិបាល ចាត់ទុកថា ជាវឌ្ឍនភាពចុងក្រោយនៅកម្ពុជានោះ ដើម្បីទទួលបានការផ្ដល់ភាពអនុគ្រោះពន្ធនេះ។
ដ្បិតរដ្ឋាភិបាល អះអាងថា ខ្លួនបានបើកចំហរនយោបាយ និងសម្រួលស្ថានការណ៍សង្គមក្តី ប៉ុន្តែខាងអ្នកតាមដានស្ថានការណ៍សង្គម នៅតែយល់ឃើញថា ការព្យាយាមដោះស្រាយរបស់រដ្ឋាភិបាលនេះ មិនទាន់ចំចំណុចដែលសហភាពអឺរ៉ុបចង់បាននៅឡើយ។ នោះក៏ព្រោះតែមេដឹកនាំអតីតគណបក្សប្រឆាំង គឺលោក កឹម សុខា នៅមិនទាន់មានសេរីភាពពេញលេញនៅឡើយ ខណៈដែលអ្នកបញ្ចេញមតិមួយចំនួន នៅតែទទួលការគំរាមកំហែងដោយសារបទចោទជាដើម។
តែយ៉ាងណាលោក Jean-Christophe Belliard បានអះអាងថា លោកនឹងយកអ្វីដែលខ្លួន បានសិក្សា និងទទួលបានព័ត៌មានពីកម្ពុជានោះ ទៅរៀបរាប់ប្រាប់គណៈកម្មាធិការអឺរ៉ុប ហើយនឹងរកកិច្ចពិភាក្សារួមគ្នាបន្ថែមលើការដោះស្រាយបញ្ហាអនុគ្រោះពន្ធនេះ។ នេះជាលើកទី២ហើយ ដែលប្រតិភូសហភាពអឺរ៉ុប បានធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា។ ក្រោយចប់ដំណើរទស្សនកិច្ចនេះ លោក Jean-Christophe Belliard អគ្គលេខាធិការរង នៃមន្ទីការបរទេសសហភាពអ៊ឺរ៉ុប នឹងសរសេររបាយការណ៍ពីកម្ពុជា ដាក់ទៅគណៈកម្មាធិការអឺរ៉ុបពិនិត្យ នៅថ្ងៃ១២ ខែសីហានេះ។
មកដល់ពេលនេះ សហភាពអឺរ៉ុប កំពុងបន្តដំណើរការនីតិវិធីតាមដាន និងត្រួតពិនិត្យលើស្ថានការណ៍កម្ពុជា មុននឹងសម្រេចថា បន្ត ឬដកប្រព័ន្ធអនុគ្រោះពន្ធ EBA នៅកម្ពុជា។ នីតិវិធីនេះ ត្រូវការរយៈពេល១៨ខែ ទើបសហភាពអឺរ៉ុប ធ្វើសេចក្តីសម្រេចចុងក្រោយ។ ក្នុងអំឡុង៦ខែដំបូង សហភាពអឺរ៉ុប ឲ្យកម្ពុជាចូលរួមពិភាក្សានិងការពារខ្លួន ដើម្បីបញ្ចៀសពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA។
ខណៈដែលកម្ពុជា កំពុងប្រឈមមុខបញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធនេះ មេដឹកនាំចិន បានចេញមុខសន្យាជួយដោះស្រាយ និងទ្រទ្រង់ពាណិជ្ជកម្មមិត្តដែកថែបខ្លួន។ ប៉ុន្តែមេដឹកនាំចិន មិនបានបង្ហើបពីលទ្ធភាពដែលខ្លួន អាចជួយកម្ពុជាតាមវិធីណានោះទេ។
ប៉ុន្តែការសន្យារបស់ចិននេះ វាក៏ជាសញ្ញាវិជ្ជមានដល់កម្ពុជាផងដែរ។ លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បាននិយាយថា ការសន្យារបស់ចិនជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចកម្ពុជានេះ ទំនងជាចិនអាចរក្សាលំនឹងវិនិយោគ ដោយឲ្យក្រុមហ៊ុនចិនទាំងអស់បន្តរកស៊ីនៅកម្ពុជា ដោយកុំងាកទៅវិនិយោគនៅប្រទេសផ្សេង។ ចំណុចទី២ ដែលលោក ឈាង វណ្ណារិទ្ធ មើលឃើញនោះ គឺចិនអាចជួយជំរុញសមត្ថភាពការងារផលិត និងបង្កើនកម្មករជំនាញ សម្រាប់កម្ពុជា អាចមានលទ្ធភាពបង្កើត និងផលិតអ្វីបាន ដូចប្រទេសអភិវឌ្ឍ។ ជាពិសេសការបោះទុនវិនិយោគបន្ថែម លើវិស័យសេវាកម្ម និងកម្មន្តសាលជាដើម ដើម្បីជួយទ្រទ្រង់ និងការពារហានិភ័យ នៅពេលកម្មករបាត់បង់ការងារធ្វើ។
យោងតាមរបាយការណ៍ធនាគារពិភពលោក បានចេញផ្សាយថា ក្នុងករណីមានការព្យួរការអនុគ្រោះពន្ធ EBA ពីកម្ពុជា នោះការនាំចេញនឹងអាចធ្លាក់ចុះ ដែលគិតជាទឹកប្រាក់ចន្លោះប្រមាណ ៥១៣លានដុល្លារ ទៅ ៦៥៤លានដុល្លារក្នុងមួយឆ្នាំ។ ការគណនានេះ ដោយផ្អែកតួលេខនៃនាំចេញទៅ EU ឆ្នាំ២០១៨ ទំហំ ៤៣៤០លានដុល្លារ នៃផលិតផលសម្លៀកបំពាក់ ស្បែកជើង និងអង្ករ ដោយមិនគិតផលិតផលកង់៕