ចាប់ផ្ដើម​ពី​ពេទ្យ​អង្គ​ដួង​៖ អ្នកជំងឺ​ហុច​តែ​កាត ពេទ្យ​នឹង​ស្កេ​ន​ឃើញ​សាវតា​ជំងឺ​ទាំងអស់​
ជាតិ
ចាប់ផ្ដើម​ពី​ពេទ្យ​អង្គ​ដួង​៖ អ្នកជំងឺ​ហុច​តែ​កាត ពេទ្យ​នឹង​ស្កេ​ន​ឃើញ​សាវតា​ជំងឺ​ទាំងអស់​
06, Jun 2019 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​ចាប់ផ្ដើម​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​សុខាភិបាល​ឌីជីថល ដែល​ហៅថា​កម្មវិធី​«​ពេទ្យ​យើង​» នៅ​មន្ទីរពេទ្យ​ព្រះអង្គដួង លើកដំបូង​គេ​ក្នុងចំណោម​មន្ទីរពេទ្យ​រដ្ឋ​នៅ​កម្ពុជា​។


 
​នេះ​ជា​ប្រព័ន្ធ​ថ្មី​មួយ ដែល​ត្រូវអនុវត្ត​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​។ តាមរយៈ​កម្មវិធី​«​ពេទ្យ​យើង​»​នេះ គឺ​មន្ទីរពេទ្យ​កត់ត្រា​ប្រវត្តិ​ជំងឺ​របស់​អ្នកជំងឺ​ទាំងអស់​ក្នុង​ប្រព័ន្ធ​ឌីជីថល​។ អ្នកជំងឺ​ត្រូវបាន​ផ្ដល់​កាត​សុខភាព​ម្នាក់​មួយ ហើយ​នៅពេល​មក​ពិនិត្យ​សុខភាព​លើក​ក្រោយ ហុច​តែ​កាត​នេះ​ឲ្យ​គ្រូពេទ្យ​ស្កេ​ន នោះ​សាវតា​ជំងឺ​ដែល​កត់ត្រា​ទាំងអស់​នឹង​លោត​ចេញមក​ភ្លាម​។​


 
​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ពន្យល់​ដូច្នេះ​ថា​៖«​ពេលដែល​យើង​ដាក់​នូវ​ប្រព័ន្ធគ្រប់គ្រង​បែប​ឌី​ជី​ល​នេះហើយ រាល់​អ្នកជំងឺ ដែល​មក​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង យើង​នឹងធ្វើ​កាត ឬ​បណ្ណ​សុខភាព​ជូន​ពួកគាត់ ដោយ​បណ្ណ​នេះ មានភ្ជាប់​រូបថត អាសយដ្ឋាន ដោយ​ប​ញ្ជូ​ល​ទិន្នន័យ​របស់​អ្នកជំងឺ​ម្នាក់ៗ ដូច្នេះ​ពេល​គាត់​មក​ពិនិត្យ​លើក​ក្រោយ យើង​នឹង​ដឹង​ពី​ប្រ​វ​ត្ដិ​អ្នកជំងឺ ងាយស្រួល​តាមដាន​ថា អ្នកជំងឺ ឈឺ​អ្វី កាល​បរិ​ច្ឆេ​កមក​ពេទ្យ​ពេលណា ប​ញ្ជួ​ន​ទៅ​កន្លែង​ណា ម៉ោង​ប៉ុន្មាន ផ្តល់​ឱសថ​អ្វីខ្លះ ដែល​នេះ​ជា​ភាពងាយស្រួល​មួយ ដល់​គ្រូពេទ្យ ក្នុងការ​ពិនិត្យ​ព្យាបាល​អ្នកជំងឺ បាន​លឿន​រហ័ស និង​មាន​គុណភាព​»​។​
 
​លោក ម៉ម ប៊ុនហេង បាន​អះអាង​ក្នុង​ពិធី​សម្ពោធ​កម្មវិធី​ពេទ្យ​យើង នៅ​ថ្ងៃទី​៦​ខែមិថុនា​នេះ​ថា បើ​កម្មវិធី​នេះ​ដំណើរការ​ជោគជ័យ​នៅ​មន្ទីរពេទ្យ​អង្គ​ដួង កម្មវិធី​ពេទ្យ​យើង​នេះ​នឹងត្រូវ​ពង្រីក​ឲ្យ​ប្រើប្រាស់​នៅតាម​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​ផ្សេងៗ​ទៀត​នៅ​ទូទាំងប្រទេស​។ 


 
​កាត​សុខភាព​នេះ សព្វថ្ងៃ​ប្រើ​បានតែ​សម្រាប់​មន្ទីរពេទ្យ​អង្គ​ដួង​ប៉ុណ្ណោះ ប៉ុន្តែ​នៅពេល​មន្ទីរពេទ្យ​ផ្សេង​មានកម្ម​វិធី​កត់ត្រា​សាវតា​អ្នកជំងឺ​តាម​ឌីជីថល​ដែរ នោះ​កាត​មួយ​អាច​ប្រើ​បាន​គ្រប់​មន្ទីរពេទ្យ ពោលគឺ​ទិន្នន័យ​ទាំង​ប៉ុន្មាន​របស់​អ្នកជំងឺ មន្ទីរពេទ្យ​នីមួយៗ​អាច​ដឹងបាន​ដូចគ្នា​។ 
 
​អ្នកស្រី ប៉ុង លីម​សាន ស្ថាបនិក​កម្មវិធី​ពេទ្យ​យើង មានប្រសាសន៍​ដូច្នេះ​ថា​៖«​បើ​កម្មវិធី​នេះ​ដាក់​នៅ​ពេទ្យ​អង្គ​ដួង​ជោគជ័យ នោះ​យើង​នឹងដាក់​ឲ្យ​ប្រើ​នៅតាម​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​ផ្សេងទៀត ហើយ​មន្ទីរពេទ្យ​ចង​ប្រព័ន្ធ​រួមគ្នា ដូចនេះ​ឲ្យ​តែមាន​កាត​នេះ​មួយ អាច​មើល​គ្រប់​មន្ទីរពេទ្យ​ណា​ក៏បាន គេ​ដឹង​ពី​ប្រវត្តិ​ជំងឺ​របស់​យើង​»​។ គួរ​បញ្ជាក់ថា អ្នកស្រី ប៉ុង លីម​សាន បានទទួល​ពានរង្វាន់​សហគ្រិន​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ប្រចាំឆ្នាំ​២០១៩ ដែលជា​អ្នកគ្រប់គ្រង​កម្មវិធី​ពេទ្យ​យើង ពី​ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍​៕
 

Tag:
 កម្មវិធី​ពេទ្យ​យើង ម៉ម ប៊ុនហេង
© រក្សាសិទ្ធិដោយ thmeythmey.com