ជាតិ
រដ្ឋមន្ត្រី​រ៉ែ​៖ កម្ពុជា មាន​ប្លុក​ប្រេងកាត​២៥​កន្លែង ហើយ​ខាងមុខ នឹងមាន​ប្រេង​ខ្លួនឯង​
07, Jun 2019 , 8:59 am        
រូបភាព
រូបភាពពីAKP
រូបភាពពីAKP
​បច្ចុប្បន្ន​កម្ពុ​ជាមាន​ប្លុក​ប្រេងកាត​២៥​កន្លែង ទាំង​ក្នុង​ដែនសមុទ្រ និង​ដែន​គោក ដែល​អាច​បូម​ខួង​យក​ប្រេង​។ លោក ស៊ុយ សែម រដ្ឋ​ម​ន្រី្ត​ក្រសួង​រ៉ែ​និង​ថាមពល បាន​អះអាងថា កម្ពុជា​នឹងមាន​តំណក់​ប្រេង​ប្រើប្រាស់​ខ្លួនឯង​នៅពេល​ខាងមុខ​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP)​។​

 
​លោក ស៊ុយ សែម បាន​អះអាងថា «​ការ​គូស​ផែនទី​ប្រេងកាត ផ្ដោតលើ​ដែន​គោក​និង​សមុទ្រ ហើយ​បច្ចុប្បន្ន​កម្ពុ​ជាមាន​ប្លុក​ប្រេង​២៥​។ តំបន់​ប្រេងកាត​មាននៅ​ដែនសមុទ្រ​៦​ប្លុក គោក​១៩​ប្លុក និង​៤​តំបន់​នៅ​ដែនសមុទ្រ​ត្រួតគ្នា​រវាង​កម្ពុជា​និង​ថៃ​។​»  ការលើកឡើង​នេះ ធ្វើឡើង​ក្នុង​សិក្ខាសាលា​ឈ្វេងយល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត​និង​ផលិតផល​ប្រេងកាត នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា​។​


 
​លោក​រដ្ឋ​ម​ន្រី្ត បាន​បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​១៩៧០ ក្រុមការងារ​ប្រទេស​បារាំង បាន​ស្វែងរក​ធនធាន​ប្រេងកាត ហើយ​បាន​ខួងអណ្ដូង​៣​កន្លែង​នៅ​ដែនសមុទ្រ​កម្ពុជា​។ ប៉ុន្តែ​ត្រូវបាន​ផ្អាក​ទៅវិញ​ដោយសារ​សង្គ្រាម រហូតដល់​ឆ្នាំ​១៩៨៧ ទើប​ក្រុម​ជំនាញ​ប្រេងកាត​សហភាពសូវៀត​បានចាប់ផ្ដើម​សិក្សា​ស្រាវជ្រាវ​ឡើងវិញ ហើយ​គូស​ផែនទី​បែងចែក​ប្លុក​រុករក​ប្រេង​ទូទាំង​កម្ពុជា​។ 
 
​បន្ទាប់ពី​កម្ពុជា​រកឃើញ​តំបន់​ប្រេងកាត ហើយ​នៅ​ឆ្នាំ​១៩៩១ កម្ពុជា​បានដាក់​ដេញថ្លៃ​ប្លុក​ប្រេង​នៅ​ដែនសមុទ្រ​លើ​ដំបូង ហើយ​បានផ្ដល់​សិទ្ធិ​រុករ​កនៅ​ដែនសមុទ្រ​ឲ្យ​ក្រុមហ៊ុន​ចំនួន​៣​។

មកដល់​ឆ្នាំ​១៩៩៦ រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​និង​ផ្ដល់​សិទ្ធិ​ឲ្យ​សាជីវកម្ម​ប្រេងកាត​ជប៉ុន វាស់​ស្ទង់​តាម​អាកាស​ដើម្បី​វាយតម្លៃ​ស្ថានភាព​ភូគព្ភសាស្ត្រ​ជុំវិញ​តំបន់​ទន្លេសាប និង​តំបន់ ទន្លេមេគង្គ​។ នៅក្នុង​ឆ្នាំ​១៩៩៧ រាជរដ្ឋាភិបាល​កម្ពុជា ចុះ​កិច្ចព្រមព្រៀង​ប្រេងកាត​នៅ​តំបន់​ទាមទារ​ដែនសមុទ្រ​ត្រួតស៊ីគ្នា​កម្ពុជា​និង​ថៃ ឲ្យ​ក្រុមហ៊ុន​អន្តរជាតិ​ផ្សេងៗ​ទៀត​។ 
 
​សកម្មភាព​រុករក​ប្រេងកាត​នៅ​កម្ពុជា​កាន់តែ​ដំណើរការ​ច្រើន​ទាំង​ដែន​គោក​និង​សមុទ្រ ជាពិសេស​ឆ្នាំ​២០០២ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​កិច្ច​ព្រម​ព្រៀម​ប្រេងកាត​នៅ​ប្លុក «A» ឲ្យ​ក្រុមហ៊ុន Chevoron ដើម្បី​រុករក​ប្រេង​នៅ​ដែនសមុទ្រ​កម្ពុជា​។ បន្ទាប់មក​ក្នុង​ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​កម្ពុជា​បានផ្ដល់​សិ​ទិ្ធ​ឲ្យ​ក្រុមហ៊ុន Petroleum Geo-Services ធ្វើ​ការវាស់ស្ទង់ 2D Seismic ទាំង​ដែន​គោក​និង​សមុទ្រ​។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចុះ​កិច្ច​ព្រម​ព្រៀម​ប្រេងកាត​ជាមួយ​ក្រុមហ៊ុន មកពី​ប្រទេស​ថៃ ចិន ជប៉ុន វៀតណាម និង​ឥណ្ឌូណេស៊ី ដើម្បី​រុករក​ប្រេងកាត​នៅ​កម្ពុជា​។​
 
​ជាមួយគ្នា​ដែរ​នៅ​វិមាន​រដ្ឋសភា លោកស្រី និ​ន សា​ផុន ប្រធាន​គណៈកម្មការ​ទី​៩​នៃ​រដ្ឋសភា​បាន​បញ្ជាក់ថា សេចក្តីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រេងកាត​និង​ផលិត​ប្រេង នឹងដាក់​ចូលក្នុង​សម័យ​ប្រជុំ​សភា​ឆាប់ៗ​នេះ​។ AKP បាន​ស្រង់​សម្តី​របស់​លោកស្រី ទៅ​ចុះផ្សាយ​ថា «​មុននឹង​ដាក់ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​នោះ សេចក្តីព្រាងច្បាប់​នេះ ក៏​នឹងត្រូវ​ឆ្លងកាត់​ការសិក្សា​ពី​គណៈកម្មការ​ជំនាញ រដ្ឋសភា​ទាំងអស់​ផងដែរ​។ កម្ពុជា​នឹងមាន​ប្រេង​ប្រើប្រាស់​ផ្ទាល់ខ្លួន​នៅពេល​ខាងមុខនេះ ដែល​ករណីនេះ​រាជរដ្ឋាភិបាល​បាន​កំពុងតែ​ខិតខំ​គិតគូរ​យ៉ាងខ្លាំង​»៕ 


 

Tag:
 ប្រេងកាត
© រក្សាសិទ្ធិដោយ thmeythmey.com