កីឡាជាតិ
ជាតិ
អបអរសាទរ កម្ពុជា ឈ្នះ ប៉ាគីស្ថាន ២-០ នាជំនួបជើងទី១វគ្គជម្រុះ World Cup សៀង ចន្ធា វ័យក្មេងជាងគេ និង គួច សុគម្ភៈ អាយុច្រើនជាងគេក្នុងក្រុម បានស៊ុតបាល់បញ្ចូលទីម្នាក់មួយគ្រាប់ក្នុងជ័យជម្នះ ២-០ លើប៉ាគីស្ថាន។ រូបថត FFC
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះប៉ាគីស្ថាន ២-0 នាការប្រកួតជម្រុះ World Cup វគ្គជម្រុះបឋមជើងទីមួយដែលប្រព្រឹត្តទៅក្រោមដំណក់ទឹកភ្លៀងនៅពហុកីឡដ្ឋានជាតិអូឡាំពិកនាល្ងាចថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា នេះ។ សៀង ចន្ធា ស៊ុតបាល់បញ្ចូលទីនៅនាទី៨១ ហើយ គួច សុគម្ភៈ បន្ថែមគ្រាប់ទី២នៅនាទី៨៤។
ចាប់ផ្តើមការប្រកួតដំបូង ក្រុមទាំងពីរ មិនទាន់បើកការវាយលុកឡើយ ខណៈអ្នកចាំទីប៉ាគីស្ថាន Yousuf Ejaz Butt បានសង្គ្រោះបាល់ដល់ទៅពីរនៅ១០នាទីដំបូង ដែលស៊ុតដោយ កែវ សុខផេង និង សេត រ៉ស៊ីប នាពេលបន្ទាប់។
រយៈពេលមិនឃ្លាតឆ្ងាយពីគ្នា ប៉ាគីស្ថាន មានឱកាសទាត់បាល់ពិន័យពីចម្ងាយ ប៉ុន្តែខ្សែប្រយុទ្ធ Hassan Bashir បានលោតតែតខុសគោលដៅ។
កម្ពុជាគ្រប់គ្រងបាល់ និងមានឱកាសចូលទៅកាន់តំបន់គ្រោះថ្នាក់របស់ប៉ាគីស្ថាន ប៉ុន្តែមិនអាចទម្លាយរនាំងការពាររបស់ក្រុមភ្ញៀវបានឡើយ។ Muhammad Ali មានបាល់ដាច់មាត់មួយ តែខ្សែការពារ សឿយ វិសាល ព្យាយាមទប់ស្កាត់បានទាន់ពេលវេលា ដោយមានជំនួយពីគួច សុគម្ភៈ។
នៅនាទី៣៦ ខ្សែការពារ Yaqoob Ijaz Butt បានធ្វើឲ្យ កែវ សុខផេង ដួល នៅចម្ងាយប្រមាណ៣៥ម៉ែត្រ ក្រៅប្រអប់គ្រោះថ្នាក់ ប៉ុន្តែការទាត់ហ្វ្រីឃីតរបស់ សឿយ វិសាល រំលងលើរបាទី។
៣នាទីក្រោយមក Adnan Yaqoob បានប្រើកម្លាំងជើងយ៉ាងខ្លាំងស្វែងរកគ្រាប់បាល់បាល់បញ្ចូលទី ហើយអ្នកចាំទី កែវ សុខសិលា បានចាប់ផ្លាត ប៉ុន្តែបាល់បានធ្លាក់ឆ្ងាយពីជើងរបស់ Ali ដែលធ្វើសុខសិលា ទៅស្រោចស្រង់វិញ បានសម្រេច។
កែវ សុខផេង ប្រាក់ មុនីឧត្តម និង ឆេង ម៉េង បង្ហាញពីសកម្មភាពរស់រវើកនៅតំបន់ស្លាបខាងឆ្វេង ប៉ុន្តែមិនអាចរកគ្រាប់បាល់បញ្ចូលទីបានឡើយ ស្របពេលដែល Muhammad Ali តែងតែទប់បាល់មិនបានល្អ នៅពេលមានឱកាសដាច់តែម្នាក់ឯង។
ការប្រកួតនៅតង់ទីមួយ បានបញ្ចប់ដោយគ្មានការស៊ុតបាល់បញ្ចូលទី។
ក្រោយសម្រាកតង់ ប៉ាគីស្ថាន បើកការវាយលុកភ្លាមៗទៅលើម្ចាស់ផ្ទះ ដោយ Samir Nabi ស្ទើរតែរកគ្រាប់បានទៅហើយ ប៉ុន្តែខ្សែបម្រើរូបនេះ តែតបាល់ខុស ក្រោយការបញ្ជូនរបស់ Muhammad Ali។
នៅនាទី៥២ កម្ពុជាដណ្តើមបានឱកាសរបស់ខ្លួនឡើងវិញ ដោយឆេង ម៉េង បញ្ជូនបាល់ខ្លីឲ្យ គួច សុគម្ភៈ មុនពេលដែលកីឡាករជើងចាស់រូបនេះ បញ្ជូនបាល់ជ្រុល ហើយឆ្ងាយពីតំបន់គ្រោះថ្នាក់របស់ប៉ាគីស្ថាន។
នៅនាទី៥៥ សុគម្ភៈ តែតបាល់ទម្លាក់ឲ្យ មុនីឧត្តម ហើយ មុនីឧត្តម បញ្ជូនបន្ត ប៉ុន្តែមិនចំទីតាំងរបស់ សុខផេង និងស៊ូហាណា នោះឡើយ។ ម្ចាស់ផ្ទះបានខកឱកាសមាសមួយនេះ។
ការវាយសម្រុកជាបន្តបន្ទាប់បានកើតឡើងពេលការប្រកួតដំណើរការបានជាងមួយម៉ោង ដោយខ្សែការពារប៉ាគីស្ថានទប់ឱកាសរបស់ សុគម្ភៈ មុនពេលដែល សុខសិលា រារាំង ការស៊ុតដ៏នៅចំមុខទីរបស់ Samir Nabi។
សុះ ស៊ូហាណា ត្រូវបានដាក់ជំនួសដោយ គួច ដានី មិត្តរួមក្លិបណាហ្គាវើលដ៍ នៅនាទី៦៣ មុនពេលដែលប៉ាគីស្ថានផ្លាស់ប្តូរកីឡាករទីពីររបស់ខ្លួន។ កម្លាំងរបស់កីឡាករកម្ពុជាហាក់ថមថយ ដោយប្រធានក្រុម សឿយ វិសាល បំពេញតួនាទីបានល្អជាច្រើនដើម្បីទប់ស្កាត់ខ្សែប្រយុទ្ធរបស់ប៉ាគីស្ថាន។
សៀង ចន្ធា ដែលប្តូរជំនួស សេត រ៉ស៊ីប នៅនាទី៧៥ ក្លាយជាកីឡាករដែលបានរកគ្រាប់បាល់បញ្ចូលទីសម្រាប់ក្រុមនារយៈពេល៦នាទីក្រោយបង្ហាញខ្លួន។ ខណៈ ចន្ធា ជាកីឡាករដែលក្មេងជាងគេក្នុងរកគ្រាប់បាល់បញ្ចូលទី សុគម្ភៈ បានក្លាយជាស៊ុតបាល់បញ្ចូលទីក្នុងជាកីឡាករដែលមានវ័យចំណាស់ជាងគេ។
ជម្រើសជាតិកម្ពុជា៖ កែវ សុខសិលា (អ្នកចាំទី), សេត រ៉ស៊ីប (សៀង ចន្ធា ៧៥), សារ៉េត គ្រីយ៉ា, សឿយ វិសាល (ប្រធានក្រុម), ប្រាក់ មុនីឧត្តម, អ៊ន ចាន់ប៉ូលីន, គួច សុគម្ភៈ, សុះ ស៊ូហាណា (គួច ដានី ៦៣), អ៊ុក សុវណ្ណ, ឆេង ម៉េង (កែន ចាន់សុភក្ត្រ ៨៧), កែវ សុខផេង។
ជម្រើសជាតិប៉ាគីស្ថាន៖ Yousuf Ejaz Butt (អ្នកចាំទី), Muhammad Umar Hayat, Yaqoob Ijaz Butt (Abdullah Nasir Qazi ៦៦), Zeeshan Rehman, Muhammad Ali, Hassan Bashir, Mohammad Adnan Yaqoob, Muhammad Riaz, Samir Nabi, Navid Rahman, Rahis Nabi។
ក្រុមទាំងពីរត្រូវបន្តជួបគ្នានៅជើងទីពីរ នាថ្ងៃទី១១ ខែមិថុនា នៅក្រុងដូហា ប្រទេសកាតា៕
Tag:
ជម្រើសជាតិ
Asian Cup
World Cup
© រក្សាសិទ្ធិដោយ thmeythmey.com