ជាតិ
សង្គមជាតិ
នយោបាយជាតិ
មេប៉ុស្តិ៍ម្នាក់ ត្រូវបានដកតួនាទី ដោយសាររារាំងពលរដ្ឋបរិភោគនំបញ្ចុក លោក ហេង ប៊ុនថន មេប៉ុស្តិ៍រដ្ឋបាល ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន (ឈរក្នុងឯកសណ្ឋាននគរបាល)
× ភ្នំពេញ៖ មេប៉ុស្តិ៍ម្នាក់ ត្រូវបានដកតួនាទី ដោយសាររារាំងពលរដ្ឋបរិភោគនំបញ្ចុក។ ការដកតួនាទីនេះ ទំនងជាដោយសារមេប៉ុស្តិ៍រូបនេះ អនុវត្តផ្ទុយពីបញ្ជារបស់ប្រមុខរដ្ឋាភិបាល។
តាមរយៈហ្វេសប៊ុករបស់អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានបញ្ជាក់ថា គណ:បញ្ជាការឯកភាពខេត្ត បានសម្រេចដកតួនាទី លោក ហេង ប៊ុនថន មេប៉ុស្តិ៍រដ្ឋបាល ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន មកកាន់ស្នងការនគរបាលខេត្តវិញ ។
«ខ្ញុំបាទ គួច ចំរើន អភិបាលខេត្តកំពង់ចាម បន្ទាប់ពីបានឃើញវីដេអូឃ្លីបនេះ ខ្ញុំពិតជាមានការសោកស្តាយជាខ្លាំង និងសូមអភ័យទោស ចំពោះសកម្មភាពរបស់ លោក ហេង ប៊ុនថន មេប៉ុស្តិ៍រដ្ឋបាល ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន កំពង់ចាម ដែលបានចុះទៅរារាំងសិទ្ធិសេរីភាពរបស់ប្រជាជន ក្នុងការហូបនុំបញ្ចុក »។ នេះបើតាមអភិបាលខេត្តកំពង់ចាម សរសរលើហ្វេសប៊ុក។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកំណត់យកថ្ងៃទី៩ មិថុនា បង្កើតកម្មវិធីបរិភោគនំបញ្ចុកជុំគ្នា ដើម្បីបង្ហាញពីការបង្រួបបង្រួមជាតិ សាមគ្គី និងឯកភាពជាតិ។ សម្ដេច ហ៊ុន សែន ក៏បញ្ជាឲ្យសមាជិក សមាជិកា និងមន្ត្រីគណបក្សខ្លួនទាំងអស់ រៀបចំកម្មវិធីបរិភោគនិងចែកនំបញ្ចុក ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ លោកនាយករដ្ឋមន្ត្រី ក៏បញ្ជាមិនឲ្យអាជ្ញាធររារាំងពលរដ្ឋបរិភោគនំបញ្ចុក ដោយប្រកាន់គោលគណបក្សនយោបាយដែរ។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា មូលហេតុដែលសម្ដេចប្រកាសឲ្យរៀបចំកម្មវិធីនេះ ដោយសារចង់ផ្ចាញ់ផ្ចាលទៅលើថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលបានកំណត់ និងអំពាវនាវនាំគ្នាធ្វើយុទ្ធនាការបរិភោគនំបញ្ចុកនៅថ្ងៃទី៩ មិថុនា។
សកម្មជនអតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស បាននាំគ្នាបង្កើតកម្មវិធីហូបនំបញ្ចុកជាបន្តបន្ទាប់ ដោយពួកគេបានកំណត់យកថ្ងៃទី៩ មិថុនា ធ្វើកម្មវិធីបរិភោគនំបញ្ចុកជាលក្ខណៈទ្រង់ទ្រាយធំផងដែរ។ តាមរយៈការរៀបចំកម្មវិធីនេះ អ្នកគាំទ្រអតីតបក្សប្រឆាំង បានអំពាវនាវដល់ពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែងទាំងក្នុង ទាំងក្រៅប្រទេសចូលរួមហូបនំបញ្ចុកជុំគ្នា ។ ពួកគេយល់ថា ការបរិភោគនំបញ្ចុកនេះ គឺជាការចូលរួមថែរក្សាវប្បធម៌ប្រពៃណី ម្ហូបអាហារខ្មែរ ក៏ដូចជាការរួបរួមគ្នា និងសាមគ្គីគ្នា៕
Tag:
នំបញ្ចុក
គួច ចំរើន
កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com