អន្តរជាតិ
លោក ម៉ា​ឌុយ​រ៉ូ ដក​រដ្ឋមន្ត្រី​អគ្គិសនី ក្រោយ​បរាជ័យ​ដោះស្រាយ​បញ្ហា​ដាច់​ភ្លើង​
07, Jun 2019 , 9:57 am        
រូបភាព
ប្រភពរូបៈ AFP
ប្រភពរូបៈ AFP
ដោយ:
​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ បានតែងតាំង​រដ្ឋមន្ត្រី​ក្រសួង​អគ្គិសនី​ថ្មី កាលពី​ថ្ងៃទី ៦ ខែមិថុនា ដោយ​ជំនួស​លោក Igor Gavidia ។ អតីតរដ្ឋមន្ត្រី​រូបនេះ ទើបតែ​ត្រូវបាន​រដ្ឋបាល​លោក​ម៉ា​ឌុយ​រ៉ូ ជ្រើសតាំង​ឲ្យ​កាន់តំណែង​នេះ​កាលពី​២​ខែ​មុន ខណៈ​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា បាន​ជួបប្រទះ​នឹង​វិបត្តិ​ដាច់​ភ្លើង​ទ្រង់ទ្រាយ​ធំ​ដែល​បានអូសបន្លាយ​ជាច្រើន​សប្តាហ៍​។

 
​តាមរយៈ​បណ្តាញ​សង្គម Twitter មេដឹកនាំ​សង្គមនិយម លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ បញ្ជាក់​ឲ្យ​ដឹងថា លោក Freddy Brito នឹង​បន្តការងារ​ស្តារ​ប្រព័ន្ធ​អគ្គិសនី​ជាតិ​ឲ្យ​បាន​ពេញលេញ​ក្នុងនាម​ជា​រដ្ឋមន្ត្រី​អគ្គិសនី និង​ប្រធាន​ក្រុមហ៊ុន​អគ្គិសនី​រដ្ឋ Corpolec ។ 
 
​មាន​ប្រវត្តិ​ជា​វិស្វករ​អគ្គិសនី  លោក Brito ចូលកាន់​តំណែង​នេះ ជំនួស​ឲ្យ​អតីតរដ្ឋមន្ត្រី​អគ្គិសនី លោក  Igor Gavidia ដែល​ត្រូវបានតែងតាំង​កាលពី​ថ្ងៃទី​១ ខែមេសា ។ កាលនោះ លោក Gavidia មាន​គោលដៅ​ចម្បង​មួយ គឺ ដោះស្រាយ​បញ្ហា​ដាច់​ភ្លើង​ឲ្យ​វិលត្រឡប់​ដូចដើម​វិញ​។ យ៉ាងណាមិញ គេ​ពុំ​ឃើញ​លទ្ធផល​ច្រើន​ឡើយ​។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន ក្រោយ​ការតែងតាំង​តំណែង​នេះ លោក​រដ្ឋមន្ត្រី​អគ្គិសនី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ថ្មី  Brito បាន​ប្តេជ្ញាចិត្ត​បែបនេះ​ថា​៖ «​យើង​នឹង​បន្ត​ប្រើប្រាស់​ចំណេះដឹង​ក្នុង​គោលដៅ​ដោះស្រាយ​បញ្ហា​ដាច់​ភ្លើង ដែល​កំពុង​ប៉ះពាល់​ដល់​ប្រជាជន​យើង​»​។ 
 
​សូមបញ្ជាក់ថា វ៉េ​ណេ​ស៊ុយ​អេ​ឡា មាន​បញ្ហា​ដាច់​ភ្លើង​ទ្រង់​ទ្រោ​យ​ធំ​ជា​ប្រវត្តិសាស្ត្រ​ជា​លើកដំបូង កាលពី​ថ្ងៃទី​៧ ខែមីនា ដែល​បានអូសបន្លាយ​អស់​រយៈ​៥​ថ្ងៃ​ពេញ​។ បញ្ហា​ដាច់​ភ្លើង ដែល​មិន​ទៀងទាត់ និង​រប៉េះរប៉ោះ​នេះ បន្ត​បង្ក​ផលប៉ះពាល់​ដល់​ប្រទេស រួមមាន បង្អាក់​សកម្មភាព​នៃ​ការផ្គត់ផ្គង់​ចំណីអាហារ និង​ទឹក ការដឹកជញ្ជូន និង​មន្ទីរពេទ្យ​ជាដើម​។ ក្នុង​ហេតុការណ៍​នេះ មានការ​រាយការណ៍​ថា មនុស្ស​ស្លាប់​ជាច្រើន​នាក់​ថែម​ទៀតផង​។ 
 
​ពាក់ព័ន្ធ​នឹង​ការ​បញ្ហា​ដាច់​ភ្លើង​នេះ កន្លងទៅ លោក ម៉ា​ឌុយ​រ៉ូ បាន​ចោទប្រកាន់​លើ​សហរដ្ឋអាមេរិក និង​ក្រុម​បក្សប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ថា នៅ​ពីក្រោយ​ហេតុការណ៍​នេះ ទោះបីជា​អ្នកជំនាញ​ជាច្រើន អះអាងថា ការជួសជុល និង​រក្សា​មិនបាន​ល្អ ជា​មូលហេតុ​ក៏ដោយ​ក្តី​៕

Tag:
 វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ​
  រដ្ឋមន្ត្រី​អគ្គិសនី​
© រក្សាសិទ្ធិដោយ thmeythmey.com