តើ​ចិន​នឹង​ទប់ទល់​យ៉ាងដូចម្តេច ប្រសិនបើ​អាមេរិក​អនុម័ត​ការដាក់ទណ្ឌកម្ម​លើ​ការពង្រីក​ដែនសមុទ្រ​នោះ​?
អន្តរជាតិ
តើ​ចិន​នឹង​ទប់ទល់​យ៉ាងដូចម្តេច ប្រសិនបើ​អាមេរិក​អនុម័ត​ការដាក់ទណ្ឌកម្ម​លើ​ការពង្រីក​ដែនសមុទ្រ​នោះ​?
07, Jun 2019 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​តៃប៉ិ ៖​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក កំពុង​ពិចារណា​សេចក្តីព្រាងច្បាប់​មួយ​ដែល​នឹងដាក់​ទណ្ឌកម្ម​ដល់​ក្រុមហ៊ុន ឬ​បុគ្គល ដែល​ជួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពង្រីក​ការ​វាតទី​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ជម្លោះ​។

 
​សេចក្តីព្រាងច្បាប់​របស់​សភា​សហរដ្ឋអាមេរិក​ដើម្បី​ដាក់ទណ្ឌកម្ម​ក្រុមហ៊ុន​ណា​ដែល​ជួយ​ការពង្រីក​របស់​ចិន​នៅក្នុង​សមុទ្រ​អាស៊ី ដែលមាន​ជម្លោះ ត្រូវគេ​រំពឹង​នឹង​បណ្តាល​ឲ្យ​មានការ​សងសឹក ប្រសិនបើ​សេចក្តីព្រាងច្បាប់​នោះ​ត្រូវ​បានអនុម័ត ដោយ​មិនបាន​បញ្ឈប់​សកម្មភាព​នាវាចរណ៍​របស់​ចិន​។​
 
​ចិន​អាចដាក់​ទណ្ឌកម្ម​លើ​បណ្តា​ក្រុមហ៊ុន ឬ​បុគ្គល​សហរដ្ឋអាមេរិក ឬ​ធ្វើ​ឲ្យ​ពួកគេ​មានការ​លំបាក​កាន់តែខ្លាំង​ឡើង​ក្នុង​ប្រតិបត្តិការ​ក្នុងប្រទេស​ចិន​។​នេះ​តាម​ការបញ្ជាក់​របស់​អ្នកវិភាគ​។ ពួក​អ្នកវិភាគ​និយាយទៀតថា សេចក្តីព្រាងច្បាប់​ដែល​រង់ចាំ​ការសម្រេច​នៅ​ព្រឹទ្ធសភា នឹងមិន​កែប្រែ​ទិសដៅ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ប្រកួតប្រជែង​គ្នា​នោះទេ​។​
 
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានទាមទារ​ប្រហែល ៩០​ភាគរយ​នៃ​សមុទ្រ ដែលមាន​ទំហំ​៣​លាន​៥​សែន​គីឡូម៉ែត្រ​ការេ​។ ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះ​តៃវ៉ាន់ និង​ប្រទេស​វៀតណាម បាន​ជំទាស់​តវ៉ា​ការទាមទារ​របស់​ចិន ជាពិសេស​ក្នុង​ផ្ទៃ​ទឹក​នៃ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែល​ទាមទារ​គង​គ្នា​។ ចាប់តាំងពី​ឆ្នាំ​២០១០​មក ចិន​បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ផ្សេងទៀត​ខឹងសម្បារ​ដោយ​ការចាក់ដី​ធ្វើ​កោះ​តូចៗ​ក្នុង​សមុទ្រ​សម្រាប់​ការប្រើប្រាស់​ខាង​យោធា​។ មន្ត្រី​ចិន​យោង​ដល់​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ដើម្បី​គាំទ្រ​ការទាមទារ​អធិបតេយ្យភាព​របស់ខ្លួន​។​


 ការ​ទាមទារ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ដោយបណ្តា​ប្រទេស​នានា។

​លោក Jay Batongbacal សាស្ត្រាចារ្យ​កិច្ចការ​សមុទ្រ​អន្តរជាតិ​នៅឯ​សាកលវិទ្យាល័យ​ហ្វីលីពីន បាន​និយាយថា​៖ «​ចិន ប្រាកដ​ត្រូវគេ​រំពឹង​នឹងធ្វើ​ការសង​សឹក​។ ចិន​អាចដាក់​ទណ្ឌកម្ម​ប្រឆាំងនឹង​ក្រុមហ៊ុន​និង​ពាណិជ្ជករ​សហរដ្ឋអាមេរិក​ដែរ​។ ការណ៍​នេះ​ដូចជា វិស័យ​ការទូត​នៅ​សតវត្សរ៍​ទី​១៩ ដែល​ការ​ផ្ចាញ់​តប​ជាការ​ធម្មតា​កាលពី​ពេលមុន​»​។​
 
​សេចក្តីព្រាងច្បាប់​ដាក់ទណ្ឌកម្ម​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​និង​សមុទ្រ​ចិន​ខាងកើត បានស្នើ​នៅ​ព្រឹទ្ធសភា​កាលពី​ថ្ងៃទី​២៣ ខែឧសភា នឹងដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ចិន ឬ​បុគ្គល ដែល​រួមវិភាគទាន​ដល់​គម្រោង​ផ្លូវ​នាវារ​ចរណ៍ ដែល​ប្រទាញប្រទង់​គ្នា​នៃ​ផ្លូវទឹក​សមុទ្រ​ទាំង​២​។ សេចក្តីព្រាងច្បាប់​នោះ​ឲ្យ​ដឹងថា គម្រោង​ទាំងនោះ​នឹង​គ្របដណ្តប់​ការរាន​យក​ដី «​ការធ្វើ​កោះ​» និង​ការស្ថាបនា​កន្លែង​បញ្ចាំង​ភ្លើង​សម្រាប់​នាវា​។​
 
​ការដាក់ទណ្ឌកម្ម​ក៏​នឹង​អនុវត្ត​ចំពោះ​បុគ្គល ឬ​ក្រុមហ៊ុន ដែល​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព ឬ​គោលនយោបាយ ដែល​គំរាមកំហែង​សន្តិភាព សន្តិសុខ​ឬ​ស្ថិរភាព​នៃ​ផ្លូវ​នាវាចរណ៍ ដែល​មានការ​ប្រទាញប្រទង់​ដោយ​រដ្ឋាភិបាល​នានា​។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន មិនបាន​ទាមទារ​សមុទ្រ​នោះទេ ក៏ប៉ុន្តែ បាន​និយាយថា សមុទ្រ​ត្រូវតែ​បើកចំហ​ដល់​ការប្រើ​ជា​អន្តរជាតិ​។​
 
​ចិន​ឈ្លោះប្រកែក​ជាមួយ​ប្រទេស​ជប៉ុន​នៅ​តំបន់​ខ្លះ​ក្នុង​សមុទ្រ​ចិន​ខាងកើត ក៏ប៉ុន្តែ​បាន​អភិវឌ្ឍ​យ៉ាងច្រើន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​
 
​លោក Sean King​អនុប្រធាន​ពិគ្រោះ​យោបល់​ខាង​នយោបាយ​នៃ​អង្គការ Park Strategies ក្នុង​ទីក្រុង​ញូវយ៉ក​និយាយថា ក្រុមហ៊ុន​ចិន​និង​បុគ្គល​ក្នុង​ផ្នែក​ថាមពល អាកាសចរណ៍ ទូរគមនាគមន៍ និង​ក្នុង​ការជីក​កាយ នឹងត្រូវ​រក​ការដាក់ទណ្ឌកម្ម​។ សេចក្តីព្រាងច្បាប់​នោះ អំពាវនាវ​ឲ្យ​ស្វែងរក​ក្រុមហ៊ុន​ចិន​ចំនួន ២៤ រួមមាន​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ចិន និង​ទូរ​គម​ន៍​នាគ​មន៍​ចិន​។​
 
​ការដាក់​ទោសពៃរ៍​នោះ​អាច​រួមទាំង​ការដក​ទិដ្ឋាការ​សហរដ្ឋអាមេរិក ការបិទ​ខ្ទប់​ការផ្ទេរ​ទ្រព្យសម្បត្តិ​នៅក្នុង​សហរដ្ឋអាមេរិក​និង​ការបញ្ឈប់​បុគ្គល​ទាំងនោះ​មិន​ឲ្យ​ចូលក្នុង​សហរដ្ឋអាមេរិក​។​
 
​លោក Batongbacal បាន​និយាយថា ចិន អាច​បន្ធូរបន្ថយ​បន្តិចបន្តួច​លើ​ការពង្រីក​ដែនសមុទ្រ ពីព្រោះ​តែ​ការដាក់ទណ្ឌកម្ម​នេះ ក៏ប៉ុន្តែ​មិន​បញ្ឈប់​ការពង្រីក​កម្លាំង​របស់​ខ្លួន​ទេ​។ លោក​និយាយទៀតថា រដ្ឋាភិបាល​ចិន​ក៏​នឹង​ព្យាយាម​ប្រមូល​ការគាំទ្រ​មកពី​ប្រទេស​អាស៊ី​នានា ជាពិសេស បណ្តា​ប្រទេស​ដែលមាន​ទំនាក់ទំនង​ខាង​សេដ្ឋកិច្ច​ខ្លាំង​។​
 
​ក្រុមមន្ត្រី​ចិន​បាន​បំបិទមាត់​រួចហើយ​ក្នុងចំណោម​ប្រទេស ដែល​ទាមទារ​សមុទ្រ​នៅ​អាស៊ីអាគ្នេយ៍ ដោយ​ប្រើប្រាស់​សេដ្ឋកិច្ច​ដ៏​សន្ធឹកសន្ធាប់​របស់ខ្លួន​ដើម្បី​ផ្តល់​ឲ្យ​ប្រទេស​ទាំងនោះ​នូវ​ផលប្រយោជន៍ខាង​ពាណិជ្ជកម្ម​និង​វិនិយោគទុន​។ ប្រទេស​ទាមទារ​ទាំងអស់​ឲ្យ​តម្លៃ​សមុទ្រ​នោះ​ចំពោះ​ការនេសាទ អណ្តូងប្រេង​និង​ផ្លូវ​នាវាចរណ៍​។​
 
​លោក​Oh Ei Sun​ជា​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ​ក្នុងប្រទេស​សឹង្ហ​បូរី បាន​និយាយថា ក្រុមហ៊ុន​នានា​ដែល​បាន​ជួយ​រដ្ឋាភិបាល​ដោយ​ការទាមទារ​ទឹកដី ឬ​ផ្គត់ផ្គង់​កង​នាវា​របស់​ចិន ប្រហែល​នឹងមិន​ផ្លាស់ប្តូរ​សកម្មភាព​រប​ស់​ខ្លួន​ទេ ប្រសិនបើ​រង​ការដាក់ទណ្ឌកម្ម ហើយ​អាច​ត្រូវបាន​សង​ដោយ​ចិន ប្រសិនបើ​ការដាក់ទណ្ឌកម្ម​នោះ ប៉ះពាល់​ពាណិជ្ជកម្ម​។ លោក​និយាយទៀតថា ក្រុមហ៊ុន ឬ​មនុស្ស​ដែល​រង​ផលប៉ះពាល់ ដោយ​ការដាក់ទណ្ឌកម្ម​ក្នុងប្រទេស​តូចៗ​ជាង ដូចជា អ៊ីរ៉ង់​នឹង​បាន​ការទទួល​ជួយឧបត្ថម្ភ​តិចតួច​។​
 
​លោក Oh​បាន​និយាយទៀតថា​៖ «​ចិន​ខុសពី​ប្រទេស​ផ្សេងៗ​ទៀត ពីព្រោះ​ខ្លួន​មាន​ទីផ្សារ​ក្នុងស្រុក​ដ៏​ធំ​សម្បើម​។ ដូច្នេះ ប្រសិនបើ​អស់លោក​និយាយ​អំពី​ការដាក់ទណ្ឌកម្ម និង​បញ្ហា​ផ្សេងៗ​ទៀត​ដូចជា​ការដាក់ទណ្ឌកម្ម​នោះ ចិន​មាន​សេដ្ឋកិច្ច​ក្នុងស្រុក​ដ៏​ធំ​សម្បើម​។ ក្រុមហ៊ុន​និង​បុគ្គល​ទាំងនោះ អាច​គ្រាន់តែ​ប្តូរ​ទៅធ្វើ​ពាណិជ្ជកម្ម​ក្នុងស្រុក​។​
 
​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត​មាន​ប្រវត្តិ​ពី​ការបង្កើន​ភាពគ្រោះថ្នាក់​មិន​សុខចិត្ត​ចុះចាញ់​សហរដ្ឋអាមេរិក​ទេ​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ទប់ទល់​នឹង​ចលនា​នាវា​សហរដ្ឋអាមេរិក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ចាប់តាំងពី​ឆ្នាំ​២០១៧ ដោយ​ការបង្កើន​សកម្មភាពរ​បស់​ខ្លួន​ផ្ទាល់​។ ចិន​បាន​កាត់ផ្តាច់​ការផ្លាស់ប្តូ​រ​ខាង​យោធា​ក្នុង​ឆ្នាំ ២០១០ បន្ទាប់ពី​រដ្ឋាភិបាល​ស​ហ​រដ្ឋ​អាមេរិក​បាន​យល់ព្រម​លក់​អាវុធ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់ ដែល​ចិន​បាន​ហៅ​កោះ​នោះ​ថា ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​មិនមែនជា​រដ្ឋ​អធិបតេយ្យភាព​។​
 
​លោក King បាន​និយាយទៀតថា សភា​សហរដ្ឋអាមេរិក​ប្រហែល​នឹង​អនុម័ត​សេចក្តីព្រាងច្បាប់​ដាក់ទណ្ឌកម្ម ក៏ប៉ុន្តែ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ អាច​ផ្អាក​ការចុះហត្ថលេខា​លើ​សេចក្តីព្រាងច្បាប់​នោះ ក្នុងករណី ចិន​និង​សហរដ្ឋអាមេរិក ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម ដែល​បាន​កើតមានឡើង​កាលពី​ឆ្នាំទៅ​។​
 
​លោក King និយាយទៀតថា​៖ «​សេចក្តីព្រាងច្បាប់​នោះ​ត្រូវបាន​ដាក់​ស្នើ​ដោយ​សមាជិក​ព្រឹទ្ធសភា​សំខាន់ៗ​មកពី​គណបក្ស​ទាំង​២ ហើយ​មិនមាន​គណបក្ស​ណាមួយ​ក្នុង​ព្រឹទ្ធសភា​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទេ​នៅពេល​ឥឡូវនេះ​។ ក៏ប៉ុន្តែ​ថា​តើ​ប្រធានាធិបតី​ត្រាំ​នឹង​ចុះហត្ថលេខា​លើ​សេចក្តីព្រាងច្បាប់​ឬក៏​អត់ វា​ជា​រឿង​មួយទៀត នៅពេលដែល​ប្រធានាធិបតី​ត្រាំ​ពេញចិត្ត​វិធានការ​បម្រុង ជាការ​គំរាមកំហែង​មួយ​ប្រឆាំងនឹង​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង ដែល​គួរតែ​ជា​មិត្ត​ដ៏​ល្អ​របស់លោក​»​។​
 
​បន្ទាប់ពី​ប្រធានាធិបតី​ត្រាំ​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាលពី​ឆ្នាំទៅ​ពី​ការធ្វើ​ពាណិជ្ជកម្ម​មិន​ត្រឹមត្រូវ រដ្ឋាភិបាល​របស់លោក​បានអនុម័ត​ការយក​ពន្ធគយ​លើ​ទំនិញ​ចិន ដែលមាន​តម្លៃ ២​រយ​៥០​ពាន់​លាន​ដុល្លារ​។ នៅ​ខែក្រោយ រដ្ឋបាល​ប្រធានាធិបតី​ត្រាំ នឹងធ្វើ​សវន​ការ​ស្តីពី​ការយក​ពន្ធគយ​ថ្មី ដែល​ប៉ះពាល់​ការ​នាំចូល​ទំនិញ​បន្ថែម ដែលមាន​តម្លៃ​៣​រយ​ពាន់​លាន​ដុល្លារ​មកពី​ប្រទេស​ចិន​។ ក៏ប៉ុន្តែ​កាលពី​ឆ្នាំទៅ រហូតដល់​ពេលនេះ ភាគី​ទាំង​២ បាន​ព្យាយាម​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com