ជាតិ
ផលវិបាក​ខ្លាំង​ក្នុង​អាស៊ាន ក្រោយ​សារ​របស់លោក លី សៀន​ឡុង
07, Jun 2019 , 12:29 pm        
រូបភាព
លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី
លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី
​ហេតុអ្វី​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង លើកឡើង​ពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា និង​វៀតណាម​ក្នុង​ទស្សវត្សរ៍​១៩៨០ ឡើងវិញ នៅពេលនេះ​? ក្រុមអ្នកតាមដាន និង​អ្នកវិភាគ​នយោបាយ​តំបន់​ក៏​មិន​ជឿ​ដែរ​ថា មេដឹកនាំ​នៃ​ប្រទេស​អភិវឌ្ឍន៍​ដូច​សិង្ហ​បុរី​មិនបាន​គិតដល់​បច្ច័យ​អាក្រក់​នៃ​ទំនាក់ទំនង​ការទូត​ទ្វេភាគី​ជាមួយ​វៀតណាម និង​កម្ពុជា និង​ទំនាក់ទំនង​ក្នុង​អាស៊ាន​ផង​នោះ ដែល​នឹង​កើតចេញពី​សេចក្តីថ្លែងការណ៍​ដោយ​ចេតនា​របស់លោក​នោះដែរ​។​

 
​សេចក្តីថ្លែងការណ៍​ដែល​គ្មាន​នរណា​នឹកស្មាន​ដល់​របស់​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី អាចធ្វើឱ្យ​សិង្ហ​បុរី​ខាតបង់​ច្រើន​។ នេះ​ជាការ​យល់ឃើញ​របស់លោក ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (Asian Vision Institute) ដែល​ចាប់អារម្មណ៍​ខ្លាំង​ទៅលើ​ផលប៉ះពាល់​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​សមាជិក​អាស៊ាន​។​
 
​លោក ឈាង វណ្ណា​រិ​ទ្ធ ដែល​មើលឃើញថា លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​បាន​លើកយក​ប្រវត្តិសាស្ត្រ​ដែល​ទាក់ទង​នឹង​គំនិត​ជាតិនិយម​របស់​កម្ពុជា និង​វៀតណាម​ផង នឹងធ្វើ​ឲ្យ​ភាព​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ​។ ប្រធាន​វិទ្យាស្ថាន AVI បាន​វាយតម្លៃ​យ៉ាង​ដូច្នេះ​ថា​៖«​អ្វីដែល​ខ្ញុំ​ព្រួយបារម្ភ គឺ​លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​បាន​បញ្ឆេះ​ចំ​គំនិត​ជាតិនិយម​នៅ​ខ្មែរ និង​វៀតណាម​។ វៀតណាម​គិតថា គេ​បាន​ចំណាយ​ជីវិត​ប្រជាជន និង​ធនធាន​របស់គេ ហើយ​ថា​គេ​ឈ្លានពាន​កម្ពុជា គេ​ទទួល​មិន​បានទេ​។ ពលរដ្ឋ​កម្ពុជា​យើង​មាន​ពីរ​ក្រុម គឺ​៧​មករា ជា​ថ្ងៃ​រៀ​ត​ណា​ម​រំដោះ​កម្ពុជា និង​៧​មក​រាជា​ថ្ងៃ​វៀតណាម​ឈ្លានពាន​កម្ពុជា​។ សារ​របស់លោក លី សៀន​ឡុង ស្មើនឹង​ការគាំទ្រ​មតិ​ដែលថា វៀតណាម​ឈ្លា​ន​កម្ពុជា​»​។​
 
​សម្រាប់ លោក ឈាង វណ្ណា​រិ​ទ្ធ វា​មិនមែនជា​រឿង​ភ្ញាក់ផ្អើល​ទេ​ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ប្រតិកម្ម​ទៅ​សិង្ហ​បុរី ក្នុង​សំណុំរឿង​ដែល​លោក​ហៅថា​ស្មុគស្មាញ​នោះ​។ លោក វណ្ណា​រិ​ទ្ធ ពន្យល់ថា សារ​របស់លោក លី សៀន​ឡុង ធ្វើ​ឲ្យ​គេ​ដាក់​ជា​សំណួរ​ចំពោះ​ភាពស្របច្បាប់​នៃ​រដ្ឋ (​កម្ពុជា​) បច្ចុប្បន្ន ដែល​ត្រូវបាន​បង្កើតឡើង​ក្រោយ​ការដួលរលំ​នៃ​របប​ខ្មែរក្រហម​នោះ​។​
 
«​ខ្ញុំ​គិតថា បញ្ហា​នេះ​នឹង​កាន់តែ​ធំ​ទៅៗ ព្រោះ​វា​មិនមាន​សញ្ញា​ណាមួយ​ដែល​សិង្ហ​បុរី​ធ្វើការ​កែតម្រូវ​។ សិង្ហ​បុរី​មិន​ដកថយ​ទេ​។ ខ្មែរ និង​វៀតណាម កាន់តែ​មិន​ដកថយ​»​។ នេះ​ជាការ​សន្និដ្ឋាន​របស់​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ដែល​បារម្ភ​ដល់​ភាព​រង្គោះរង្គើ​នៅក្នុង​អាស៊ាន​ទៀតផង នៅពេលដែល​លោក​យល់ឃើញថា រដ្ឋាភិបាល​ថៃ​ដែល​ធ្លាប់​គាំទ្រ​ចលនា​របស់​ប៉ុលពត ប្រាកដជា​គាំទ្រ​សារ​របស់​លោកនាយករ​ដ្ឋ​មន្ត្រី​សិង្ហ​បុរី​។ លោក ឈាង វណ្ណា​រិ​ទ្ធ អះអាងថា​៖«​ដូច្នេះ​អាស៊ាន​ចាស់ និង​អាស៊ាន​ថ្មី កាប់​ចាក់​គ្នា​ទៀតហើយ​។ ហើយ​ភាព​ទុកចិត្ត​គ្នា​ក្នុង​វិស័យ​ការទូត រវាង​កម្ពុជា វៀតណាម និង​សិង្ហ​បុរី ត្រូវបាន​បាត់បង់​ហើយ​»​។​
 
​បើ​ផលវិបាក​នៃ​ការ​សេចក្តីថ្លែងការណ៍​លោក លី សៀន​ឡុង ធ្ងន់ធ្ងរ​យ៉ាងនេះ ហើយ​ដែល​លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​ខ្លួនឯង ក៏​ទំនងជា​បានដឹង​មុន​ដែរ​ហើយ​នោះ តើ​ហេតុអ្វី​បានជា​លោក លី សៀន​ឡុង នៅតែ​ថ្លែង​សារ​បែបនេះ​? ម្តង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក និង​ម្តងទៀត​នៅក្នុង​វេទិកា​សន្តិសុខ​តំបន់ Shangri-La នៅក្នុង​សិង្ហ​បុរី​?
 
​គ្មាន​ចម្លើយ​ពិតប្រាកដ​ឡើយ​។ លោក ឈាង វណ្ណា​រិ​ទ្ធ គ្រាន់តែ​មានគំនិត​ទូលាយ​សិន​ក្នុង​ពេលនេះ​ថា ទំនងជា​លោក លី ស៊ាន​ឡុង ចង់យក​ចិត្ត​ថៃ និង​ចិន​ខ្លះ​៕
 

Tag:
 លី សៀន​ឡុង​
  អាស៊ាន​
  ឈាង វណ្ណា​រិ​ទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com