សម្ដេច ហ៊ុន សែន និង​សម្ដេច ស ខេង ត្រៀម​ប្ដឹង​លោក សម រង្ស៊ី ទៅ​តុលាការ​បារាំង​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន និង​សម្ដេច ស ខេង ត្រៀម​ប្ដឹង​លោក សម រង្ស៊ី ទៅ​តុលាការ​បារាំង​
07, Jun 2019 , 1:12 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្ដេច ស ខេង កំពុង​ឲ្យ​មេធាវី​សិក្សា​ផ្នែក​ច្បាប់​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការបារាំង ដើម្បី​ប្ដឹង​លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លើ​ករណី​ប្រមាថ និង​ចោទប្រកាន់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល លើ​ករណី​ពីរ​ផ្សេងគ្នា​។ នេះ​បើតាម​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​។​



អត្ថបទទាក់ទង
​លោក ផៃ ស៊ី​ផាន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មេធាវី​រដ្ឋាភិបាល កំពុង​ពិនិត្យមើល​ទិដ្ឋភាព​ច្បាប់​ប្ដឹង​លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ករណី​ចោទប្រកាន់​សម្ដេច ហ៊ុន សែន នៅ​ពីក្រោយ​ការស្លាប់​របស់លោក ហុក ឡង់ឌី អតីត​អគ្គស្នងការ​នគរបាលជាតិ។ ចំណែក​ពាក្យបណ្ដឹង​មួយទៀត គឹ​គ្រោង​ប្ដឹង​ដោយ​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជុំវិញ​ករណី​ដែល​មេដឹកនាំ​អតីត​គណបក្សប្រឆាំង​រូបនេះ និយាយថា សម្ដេច ស ខេង មាន​គម្រោង​ផ្ដួលរំលំ​រដ្ឋាភិបាល និង​ធ្វើ​បក្ស​ប្រហារ​ទម្លាក់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​
 
​អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​សម្ដេច​ទាំង​ពីរបាន​ឲ្យ​មេធាវី​សិក្សា​ផ្នែក​ច្បាប់ ដើម្បី​ស្វែងរក​យុត្តិធម៌​សាកល​មួយ ក្នុងករណី​ស្លាប់​របស់លោក ហុក ឡង់ឌី ដែល​លោក សម រង្ស៊ី ចោទប្រកាន់​លើស​ម្ដេច​ថា ជា​អ្នក​សម្លាប់​។ ចំណែក​សម្ដេច ស ខេង គាត់​ប្ដឹង​លោក សម រង្ស៊ី ដែល​ចោទ​សម្ដេច​ថា មាន​ផែនការ​ផ្ដួលរំលំ​រដ្ឋាភិបាល និង​សម្ដេច ហ៊ុន សែន​»​។ 

កាលពី​ថ្ងៃទី​២ មិថុនា លោក សម រង្ស៊ី បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា សម្ដេច ហ៊ុន សែន ជា​អ្នក​សម្លាប់​លោក ហុក ឡង់ឌី តាមរយៈ​ការដាក់​គ្រាប់បែក​ឲ្យ​ផ្ទុះ​ក្នុង​ឧទ្ធម្ភាគចក្រ (Helicopter) នៅពេលដែល​កំពុងតែ​ហោះហើរ​លើ​ខេត្តស្វាយរៀង កាលពី​ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០០៨​។ លោក សម រង្ស៊ី ថែមទាំង​អះអាងថា សម្ដេច ហ៊ុន សែន បានសម្រេច​ចិត្ត​សម្លាប់​លោក ហុក ឡង់ឌី ដោយសារតែ​អតីត​ស្នងការ​នគរបាលជាតិ​រូបនេះ បានដឹង​រឿង​អាក្រក់​របស់​សម្ដេច ហ៊ុន សែន ច្រើនពេក​។ ជាពិសេស​កាលណោះ​លោក ហុក ឡង់ឌី ត្រៀម​លាតត្រដាង​អំពី​បញ្ជា ដែល​គាត់​បានទទួល​ពីស​ម្ដេច ហ៊ុន សែន ឲ្យ​សម្លាប់​លោក ជា វិជ្ជា អតីត​មេដឹកនាំ​សហជីព​ដ៏​ខ្លាំងក្លា​មួយរូប កាលពី​ឆ្នាំ ២០០៤​ជាដើម​៕​

Tag:
 ហ៊ុន សែន​
  ស ខេង​
  សម រង្ស៊ី​
  បារាំង​
© រក្សាសិទ្ធិដោយ thmeythmey.com