ប្រធានសភា​សិង្ហ​បុរី ឆ្លើយតប​នឹង​វៀតណាម​ជុំវិញ​សំដី​លោក លី សៀន​ឡុង
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានសភា​សិង្ហ​បុរី ឆ្លើយតប​នឹង​វៀតណាម​ជុំវិញ​សំដី​លោក លី សៀន​ឡុង
07, Jun 2019 , 1:37 pm        
រូបភាព
ប្រធានសភាសិង្ហបុរី Tan Chuan-jin និងអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម  Le Thi Thu hang
ប្រធានសភាសិង្ហបុរី Tan Chuan-jin និងអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Le Thi Thu hang
ប្រធាន​សភាសិង្ហបុរី លោក Tan Chuan-Jin បាន​ឆ្លើយតបទៅ​នឹងប្រតិកម្ម​របស់​អ្នក​នាំពាក្យរដ្ឋាភិបាល​វៀតណាម ជុំវិញ សំដី​ លោក លី សៀនឡុង លើករណី​វត្តមានទ័ព​វៀតណាមនៅ​កម្ពុជា កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​៨០។  ប្រធានសភារូបនេះអះអាងថា ភាពប្រទាញប្រទង់គ្នាលើបញ្ហាអតីកាលមិនធ្វើឲ្យប៉ះពាល់ដល់ភាពជាមិត្តល្អរវាងវៀតណាម​ និងសិង្ហបុរីឡើយ។ 


អត្ថបទទាក់ទង


តាមរយៈហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន ប្រធាន​សភាសិង្ហបុរី បាន​លើក​ឡើងថា៖ «វៀតណាម​ប្រហែលជា​មិន​ចូលចិត្ត​ផ្នែក​ខ្លះ​នៃ​សំដី​របស់លោក លី សៀន​ឡុង ហើយ​ខ្ញុំ​សន្ម​ត​ថា គេ​អាច​ជ្រើស​រើសយក​ការកំណត់និយមន័យ​អតីតកាល​បែបណា​ដែល​ខ្លួន​គិតថា​សមស្រប​។ វា​មិន​ផ្លាស់ប្តូរ​អតីត​កាលដែល​មនុស្ស​ភា​គ​ច្រើន​យល់ឃើញ​ឡើយ ឬក៏​វា​មិនអាចបំបែកយើង​ចេញពី​ការធ្វើជា​មិត្ត​ល្អ ឬក៏​អ្នកជិតខាង​ល្អ​សព្វថ្ងៃនេះ​ទេ​។ យើង​ប្តេជ្ញា​ក្នុងការ​ធ្វើជា​មិត្ត​ល្អ​នេះ​»។​


លោក​បន្ត​ថា ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នៅ​តំបន់​ឥណ្ឌូចិន​កាល​នោះ ពុំ​មែនជា​អតីត​កាល​កើត​ឡើង​យូរ​ឡើយ ហើយ​ស្ថានភាព​កាល​នោះ​បាន​បង្កជាក្តីព្រួយបារម្ភដល់ភ្នាក់ងារសន្តិសុខរ​បស់​សិង្ហបុរី។ នេះ​បើតាមអះអាងរបស់លោក Tan Chuan-Jin ដោយ​បន្ថែម​ថា បណ្តា​ប្រទេស​ពាក់ព័ន្ធទាំងនោះ ដឹងច្បាស់ថា ការគំរាម​កំហែង​នៃ​លទ្ធិកម្មុយនីស្ត និងការ​រីក​សាយ​ភាយ​នៃលទ្ធិនេះឆ្ពោះ​ទៅ​ទិស​ខាងត្បូង ជាកង្វល់ធ្ងន់ធ្ងរបំផុត។

ក្រៅពីឆ្លើយតបនឹងភាគីវៀតណាម ប្រធានសភាសិង្ហបុរីរូបនេះបានបង្ហាញចម្ងល់ផងដែរជុំវិញករណីដែលប្រជាជនសិង្ហបុរីមួយចំនួនចូលរួមជាមួយគេឯងដោយជំទាស់ជាមួយរដ្ឋាភិបាលសិង្ហបុរី ដោយមិនបានគិតគូរដល់រឿងប្រវិត្តសាស្រ្តឡើយ។ លោកនិយាយបែបនេះ៖«ប្រហែលជា ពួកគេពុំអាន ឬក៏គ្មានគំនិតយោបល់អ្វីពីរឿងដែលបានកើតឡើងទេដឹង?។ ពួកគេដឹង ប៉ុន្តែនៅតែជ្រើសរើសយកការទិតៀន ដោយសារតែវាមានផលប្រយោជន៍នយោបាយ»។

ការឆ្លើយតបរបស់លោក Tan ធ្វើឡើងពីរថ្ងៃប៉ុណ្ណោះក្រោយពេលដែល​មន្ត្រីក្រសួងការបរទេសវៀតណាមបង្ហាញ​ការខកចិត្តចំពោះសំដីនាយករដ្ឋមន្ត្រី​ លី សៀនឡុង ដែលហៅការអន្តរាគមន៍​របស់វៀតណាមផ្តួលរំលំរបបខ្មែរក្រហមជាការឈ្លានពានទាំងក្នុងពេលផ្តល់​សុន្ទរកថានា​កិច្ចសន្ទនា​សន្តិសុខ Shangri-La និង​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​សប្តាហ៍មុន។

អ្នកស្រី Le Thi Thu hang អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter ដូច្នេះថា​៖ «​វៀតណាម​មានការ​សោកស្ដាយ​ចំពោះ​ការលើកឡើង​របស់​នាយ​ក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង នា​កិច្ចប្រជុំ​Shangri-La និង​នៅលើ​ហ្វេ​ស​ប៊ុ​ក ដែល​មិនបាន​ឆ្លុះបញ្ចាំង​ពី​សច្ចភាព​ប្រវត្តិសាស្ត្រ ហើយ​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​អវិជ្ជមាន​ក្នុងចំណោម​សាធារណមតិ»​៕



Tag:
 វៀតណាម​
  សិង្ហ​បុរី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម