ជាតិ
តើ«នំបញ្ចុក»អាចស្នើចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីនៃអង្គការ UNESCO បានឬទេ?
×
ភ្នំពេញ៖ ដោយសារក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប្រធានបទរឿង «នំបញ្ចុក» បែបនយោបាយត្រូវបានមហាជនលើកយកមកនិយាយយ៉ាងទូលំទូលាយ។ ទោះជា«នំបញ្ចុក» នៅពេលនេះ ត្រូវបានមហាជនជជជែកគ្នាជាលក្ខណៈនយោបាយក៏ដោយក្តី តែម្ហូបអាហារប្រពៃណីខ្មែរមួយនេះ គឺជាម្ហូបអាហារខ្មែរបុរាណ ដែលមានកំណើតតាំងពីយូរយាណាស់មកហើយ។
អ្នកខ្លះ ថែមទាំងស្នើសុំឲ្យក្រសួងពាក់ព័ន្ធចុះបញ្ជីមុខម្ហូបប្រពៃណីមួយនេះ ទៅជាសម្បត្តិបេតិកភណ្ឌអរូបីពិភពលោកក្នុងអង្គការ UNESCO ទៅទៀត។ ដោយមិននិយាយពីបរិបទនយោបាយ តើលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌មានយោបល់យ៉ាងដូចម្តេចដែរ?
នេះ គឺជាសំណួរដែលលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌មិនទាន់ហ៊ានឆ្លើយឲ្យចំនោះទេ។ លោកស្រីគ្រាន់តែនិយាយថា កាលពីជាងកន្លះឆ្នាំ ឬជិតមួយឆ្នាំមុន ក្រសួងធ្លាប់គិតចង់ចុះបញ្ជីមុខម្ហូបខ្មែរមួយចំនួនជាសម្បត្តិបេតិកភណ្ឌអរូបីពិភពលោកនៃអង្គការ UNESCO ដែរ ដូចជា ប្រហុក ផ្អក សម្លកកូរ។ល។ «យើងធ្លាប់បានជជែកគ្នា និងលើកជាគំនិតដែរ ព្រោះ កន្លងមក យើងចុះបញ្ជីតែល្ខោនខោល ចាបីដងវែង។ល។» នេះ គឺជាការបញ្ជាក់បន្ថែមរបស់លោកស្រី ភឿង សកុណា ឆ្លើយតបទៅសំណួរអ្នកសារព័ត៌មាន Thmeythmey.com (ថ្មីៗ)។
ចុះ «នំបញ្ចុក»លោកស្រី? លោកស្រីរដ្ឋមន្ត្រីបាន និងកំពុងពិចារណាដែរឬទេ? រឿង នំបញ្ចុក… «យើងគិតពីម្ហូបខ្មែរ…»។ ចុះ «នំបញ្ចុក»? អ្នកសារព័ត៌មានសួរបន្ត។ លោកស្រី ក៏បន្តឆ្លើយថា លោកស្រីអាចនឹងលើកគំនិតនេះ ទៅពិភាក្សា និងពិចារណាជាមួយក្រុមការងារជំនាញដែរ។
សូមបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្និដ្ឋានថា អ្នកលក់«នំបញ្ចុក»គ្រប់កន្លែងនៅកម្ពុជានឹងលក់ចេញ«នំបញ្ចុក»ដល់ទៅរាប់ពាន់តោន នៅថ្ងៃទី៩ ខែមិថុនាខាងមុខនេះ ព្រោះនៅថ្ងៃនោះ ប្រជាពលរដ្ឋទូទាំងប្រទេសនឹងចូលរួមពិសា«នំបញ្ចុក»ដើម្បីបង្ហាញពីសាមគ្គីជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com