ជាតិ
តើ​«​នំ​បញ្ចុក​»​អាច​ស្នើ​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​អង្គការ UNESCO បាន​ឬទេ​?
07, Jun 2019 , 2:30 pm        
រូបភាព
ភ្នំពេញ​៖ ដោយសារ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ប្រធានបទ​រឿង «​នំ​បញ្ចុក​» បែប​នយោបាយ​ត្រូវបាន​មហាជន​លើកយក​មក​និយាយ​យ៉ាង​ទូលំទូលាយ​។ ទោះជា​«​នំ​បញ្ចុក​» នៅពេលនេះ ត្រូវបាន​មហាជន​ជ​ជជែក​គ្នា​ជា​លក្ខណៈ​នយោបាយ​ក៏ដោយ​ក្តី តែ​ម្ហូបអាហារ​ប្រពៃណី​ខ្មែរ​មួយ​នេះ គឺជា​ម្ហូបអាហារ​ខ្មែរ​បុរាណ ដែលមាន​កំណើត​តាំងពី​យូរយា​ណាស់​មកហើយ​។



អ្នកខ្លះ ថែមទាំង​ស្នើសុំ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ចុះបញ្ជី​មុខម្ហូប​ប្រពៃណី​មួយ​នេះ ទៅជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​ពិភពលោក​ក្នុង​អង្គការ UNESCO ទៅទៀត​។ ដោយ​មិន​និយាយ​ពី​បរិបទ​នយោបាយ តើ​លោកស្រី​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​មាន​យោបល់​យ៉ាងដូចម្តេច​ដែរ​? 
 
​នេះ គឺជា​សំណួរ​ដែល​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​មិនទាន់​ហ៊ាន​ឆ្លើយ​ឲ្យ​ចំ​នោះទេ​។ លោកស្រី​គ្រាន់តែ​និយាយថា កាលពី​ជាង​កន្លះ​ឆ្នាំ ឬ​ជិត​មួយឆ្នាំ​មុន ក្រសួង​ធ្លាប់​គិត​ចង់​ចុះបញ្ជី​មុខម្ហូប​ខ្មែរ​មួយចំនួន​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​ពិភពលោក​នៃ​អង្គការ UNESCO  ដែរ ដូចជា ប្រហុក ផ្អក សម្លកកូរ​។​ល​។ «​យើង​ធ្លាប់បាន​ជជែក​គ្នា និង​លើក​ជា​គំនិត​ដែរ ព្រោះ កន្លងមក យើង​ចុះបញ្ជី​តែ​ល្ខោនខោល ចា​បី​ដង​វែង​។​ល​។​» នេះ គឺជា​ការបញ្ជាក់​បន្ថែម​របស់លោក​ស្រី ភឿង ស​កុ​ណា ឆ្លើយតប​ទៅ​សំណួរ​អ្នកសារព័ត៌មាន Thmeythmey.com (​ថ្មីៗ​)​។ 
 
​ចុះ «​នំ​បញ្ចុក​»​លោកស្រី​? លោកស្រី​រដ្ឋមន្ត្រី​បាន និង​កំពុង​ពិចារណា​ដែរឬទេ​? រឿង នំ​បញ្ចុក​… «​យើង​គិតពី​ម្ហូប​ខ្មែរ​…»​។ ចុះ «​នំ​បញ្ចុក​»? អ្នកសារព័ត៌មាន​សួរ​បន្ត​។ លោកស្រី ក៏​បន្ត​ឆ្លើយថា លោកស្រី​អាច​នឹង​លើក​គំនិត​នេះ ទៅ​ពិភាក្សា និង​ពិចារណា​ជាមួយ​ក្រុមការងារ​ជំនាញ​ដែរ​។ 
 
​សូមបញ្ជាក់ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សន្និដ្ឋានថា អ្នកលក់​«​នំ​បញ្ចុក​»​គ្រប់កន្លែង​នៅ​កម្ពុជា​នឹង​លក់​ចេញ​«​នំ​បញ្ចុក​»​ដល់​ទៅ​រាប់ពាន់​តោន នៅ​ថ្ងៃទី​៩ ខែមិថុនា​ខាងមុខនេះ ព្រោះ​នៅថ្ងៃនោះ ប្រជាពលរដ្ឋ​ទូទាំងប្រទេស​នឹងចូលរួម​ពិសា​«​នំ​បញ្ចុក​»​ដើម្បី​បង្ហាញ​ពី​សាមគ្គី​ជាតិ​៕ 
 

Tag:
 នំ​បញ្ចុក​
© រក្សាសិទ្ធិដោយ thmeythmey.com