ជាតិ
រថយន្ត
សង្គមជាតិ
ខែឧសភា ក្រសួង​សាធារណការ ផាក​បាន​ជាង​៥០០​លាន​រៀល ពី​រថយន្ត​ដឹក​លើស​ទម្ងន់
07, Jun 2019 , 7:19 pm        
រូបភាព
រូបភាពពីក្រសួងសាធារណ​ការ​ និង​ដឹក​ជញ្ជូន
រូបភាពពីក្រសួងសាធារណ​ការ​ និង​ដឹក​ជញ្ជូន
ដោយ:
​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឃាត់​បាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​ចំនួន​២២១​គ្រឿង និង​ផាកពិន័យ​បាន​ជាង​៥០០​លាន​រៀល (​ជាង​១,២​សែន​ដុល្លារ​) ក្នុង​ខែឧសភា ឆ្នាំ​២០១៩​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​៦ ខែមិថុនា​។

 
​ក្រសួង​បាន​បញ្ជាក់ថា ក្នុងចំណោម​រថយន្ត​ទាំង​២២១​គ្រឿង ភាគច្រើន​ជា​រថយន្ត​ដែល​ផ្ទុកទំនិញ​លើស​ទម្ងន់​ចាប់ពី​៥​តោន រហូតដល់​៤៧​តោន​។ ប្រតិ​ប​តិ្ត​ការចាប់​រថយន្ត​ទាំងនេះ គឺមាន​ការដឹកនាំ​ដោយ​លេខាធិការដ្ឋាន​របស់​គណៈ​ក​ម្មា​ធិ​ការសម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​។​
 
​ស្ថានីយ​ដែល​បាន​ឃាត់​រថយន្ត​ច្រើនជាងគេ​គឺ ក្រុមការងារ​ចល័ត​របស់​ក្រសួង ដោយ​ឃាត់​បាន​៥៦​គ្រឿង និង​ស្ថានីយ ថ្នល់កែង ខេត្តកំពង់ចាម ដែល​ចាប់បាន​រថយន្ត​៣៦​គ្រឿង បន្ទាប់​ពីនេះ​ស្ថានីយ​ព្រៃ​ពៅ្ន ខេត្តព្រៃវែង និង​មាន​បណ្តា​ស្ថានីយ​តាម​ខេត្ត​មួយចំនួនទៀត​ផងដែរ​។ 
 
​គួររម្លឹកថា ក្នុង​ឆ្នាំ​២០១៨ ក្រសួង​សាធារណការ​បាន​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​បាន​ជាង​២៦០០​គ្រឿង និង​ផាកពិន័យ​ជា​ប្រាក់​បាន​ជាង​១​លាន​៥​សែន​ដុល្លារ​៕
 

Tag:
 រថយន្ត​
 ​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com