អន្តរជាតិ
ថៃ​៖ ការបែងចែក​កៅអី​រដ្ឋមន្ត្រី ក្លាយជា​បញ្ហា​សម្រាប់​សម្ព័ន្ធភាព​គាំទ្រ​លោក ប្រា​យុទ្ធ
07, Jun 2019 , 7:39 pm        
រូបភាព
​ក្រោយ​ទទួលបាន​ការផ្ដល់​ទំនុកចិត្ត​ពីស​ភា​រួចហើយ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ត្រូវបង្កើត​រដ្ឋាភិបាល​ថ្មី​ដើម្បី​ប្រទេស​។ ប៉ុន្តែ​នេះ​ជា​រឿង​លំបាក​សម្រាប់​លោក ប្រា​យុទ្ធ ក៏ដូចជា​បក្ស​កម្លាំង​ប្រជារាស្ត្រ​ដែល​ប្រមូល​បក្សនយោបាយ​ជិត​ម្ភៃ​ទៀត​ឲ្យ​គាំទ្រ​លោក​បន្ត​កាន់តំណែង​នាយករដ្ឋមន្ត្រី​នោះ​។ ភាពមិន​ចុះសម្រុង បាន​លេច​ឡើងជា​បណ្ដើរៗ​ហើយ​ក្នុង​សម្ព័ន្ធភាព​កាន់អំណាច ពិសេស​ការបែងចែក​កូ​តា​រដ្ឋមន្ត្រី​តាម​ក្រសួង​តែម្ដង​។​

 
​ការផ្ដល់​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល ជា​ពាក្យសន្យា​របស់​បក្ស​កម្លាំង​ប្រជារាស្ត្រ​ក្នុងការ​ទាក់ទាញ​បក្សនយោបាយ​នានា​ឲ្យ​គាំទ្រ​បេក្ខភាព​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ធ្វើជា​នាយករដ្ឋមន្ត្រី​។ ពេលនេះ លោក ប្រា​យុទ្ធ ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី ដោយមាន​បក្ស​ធំៗ​បោះឆ្នោត​ឲ្យ​ដូចជា​បក្ស​កម្លាំង​ប្រជារាស្ត្រ បក្ស​ប្រជាធិបតេយ្យ និង​បក្ស​ភូមិ​ចៃ​ថៃ​។ បក្ស​កម្លាំង​ប្រជារាស្ត្រ​ដែលជា​មេ​សម្ព័ន្ធ​នយោបាយ​បាន​សន្យា​ផ្ដល់​តំណែង​រដ្ឋមន្ត្រី​សំខាន់ៗ​ដល់​បក្ស​ប្រជាធិបតេយ្យ និង​បក្ស​ភូមិ​ចៃ​ថៃ​។​
 
​តាម​កិច្ចព្រមព្រៀង បក្ស​ប្រជាធិបតេយ្យ នឹង​កាន់តំណែង​រដ្ឋមន្ត្រី​កសិកម្ម ពាណិជ្ជកម្ម និង​កសិកម្ម ឯ​បក្ស​ភូមិ​ចៃ​ថៃ​វិញ ត្រូវបាន​រាយការណ៍​ថា នឹង​ទទួលបាន​ក្រសួងសុខាភិបាល ដឹកជញ្ជូន និង​ទេសចរណ៍​។ បក្ស​ទាំងពីរ សុទ្ធតែ​បានទាមទារ​តំណែង​ក្រសួង​ទាំងនេះ មុននឹង​សម្រេចចិត្ត​ចូលរួម​ជាមួយ​សម្ព័ន្ធភាព​ដឹកនាំ​បក្ស​កម្លាំង​ប្រជារាស្ត្រ​។ ឯ​មូលហេតុ គឺ​ដោយសារ បក្ស​ទាំងពីរ​ត្រូវបាន​ការអនុវត្ត​គោលនយោបាយ​ដែល​សន្យា​ជាមួយ​ប្រជាជន​ពេល​ឃោសនា​រក​សំឡេងឆ្នោត​។​
 
​យ៉ាងណាមិញ ការផ្ដល់​តំណែង​រដ្ឋមន្ត្រី​ដល់​បក្ស​ផ្សេង ធ្វើ​សមាជិក​បក្ស​កម្លាំង​ប្រជារាស្ត្រ​មិន​ពេញចិត្ត​ឡើយ ព្រោះ​បាត់បង់​កៅអី​សម្រាប់​សមាជិក​បក្ស​ខ្លួនឯង​វិញ ដែល​នោះ​ធ្វើ​ឲ្យ​បក្ស​មិនអាច​អនុវត្ត​គោលនយោបាយ​របស់ខ្លួន​បានដែរ​។ កន្លងមក មាន​ពាក្យ​លេច​ឮថា ថ្នាក់ដឹកនាំ​បក្ស​កម្លាំង​ប្រជារាស្ត្រ​ខ្លះ ចង់​ឲ្យ​បក្ស​ខ្លួន​ដែលមាន​សំឡេង​ក្នុង​សភា​ច្រើនជាងគេ​ក្នុង​សម្ព័ន្ធភាព កាន់តំណែង​រដ្ឋមន្ត្រី​សំខាន់ៗ​ដូចជា​ដឹកជញ្ជូន​ជាដើម​ដែល​ទទួលបន្ទុក​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​។​
 
​លោក Somsak Thepsuthin សមាជិកសភា​បក្ស​កម្លាំង​ប្រជារាស្ត្រ​មកពី​ក្រុម Sam Mitr និយាយថា បក្ស​នេះ​គួរ​កាន់កាប់​ក្រសួងកសិកម្ម​ដើម្បី​ងាយស្រួល​អនុត្ត​នយោបាយ​របស់ខ្លួន​។ យ៉ាងណាមិញ ការដណ្ដើម​ក្រសួង​គ្នា​បែបនេះ ទំនងជា​បង្កបញ្ហា​សម្រាប់​អនាគត​រដ្ឋាភិបាលចម្រុះ​របស់លោក ប្រា​យុទ្ធ ដ្បិត​បក្ស​ប្រជាធិបតេយ្យ និង​បក្ស​ភូមិ​ចៃ​ថៃ អាច​ដើរ​ចេញពី​សម្ព័ន្ធភាព​វិញ​បើ​ការទាមទារ​របស់ខ្លួន ត្រូវ​ទាត់ចោល​នោះ​។ បើ​រឿងនេះ​កើតមាន កៅអី​នាយករដ្ឋមន្ត្រី​របស់លោក ប្រា​យុទ្ធ រង្គើ​មិន​ខាន​។​
 
​បើ​គិត​តាម​លទ្ធផល​ឆ្នោត​នៃ​កិច្ចប្រជុំសភា​ថ្ងៃទី​៥ ខែមិថុនា លោក ប្រា​យុទ្ធ មានការ​គាំទ្រ​ពី​សមាជិក​រដ្ឋសភា​ចំនួន​២៥៤ ហើយ​បក្ស​កម្លាំង​ប្រជារាស្ត្រ បក្ស​ប្រជាធិបតេយ្យ និង​បក្ស​ភូមិ​ចៃ​ថៃ ជា​កម្លាំង​ស្នូល​។ សំឡេង​សមាជិកសភា​របស់​បក្ស​ប្រជាធិបតេយ្យ និង​បក្ស​ភូមិ​ចៃ​ថៃ មាន​ចំនួន​១០៣ ដែល​អាច​ប្រើ​ក្នុងការ​តថ្លៃ​ជាមួយ​បក្ស​កម្លាំង​ប្រជារាស្ត្រ​ដែល​សំឡេង​ចំនួន​១១៦ ប៉ុណ្ណោះ​។ ដូចនេះ លោក ប្រា​យុទ្ធ ត្រូវការ​កម្លាំង​បន្ថែម បើ​មិន​ចង់​ដឹកនាំ​រដ្ឋាភិបាល​សំឡេង​ភាគតិច​ទេនោះ​៕ 
 

Tag:
 ​ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com