ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី​៖ ពលរដ្ឋ​ខ្មែរ យល់ព្រម​ឲ្យ​អឺរ៉ុប ព្យួរ EBA និង​ត្រៀម​លំបាក​រយៈពេល​ខ្លី
07, Jun 2019 , 6:59 pm        
រូបភាព
លោក សម រង្ស៊ី ស្ថិតក្នុងសភាសហភាពអឺរ៉ុបនាពេលកន្លងមក
លោក សម រង្ស៊ី ស្ថិតក្នុងសភាសហភាពអឺរ៉ុបនាពេលកន្លងមក
ដោយ: ថ្មីៗ
​ស្របពេល​គណៈប្រតិភូ​នៃ​សហភាព​អឺរ៉ុប ចុះមក​កម្ពុជា ដោយ​ផ្តោតលើ​ការពិភាក្សា​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA លោក សម រង្ស៊ី មេដឹកនាំ​ក្រុមប្រឆាំង ដែល​កំពុង​រស់​នៅឯ​ក្រៅប្រទេស ក៏​បញ្ចេញ​សារ​គាំទ្រ​ឲ្យ​សហភាព​អឺរ៉ុប រក្សា​ជំហ​របស់ខ្លួន​បាន​រឹងមាំ ស្តីពី​គម្រោង​ព្យួរ EBA នៅ​កម្ពុជា​។ លោក ចាត់ទុក​វិធានការ​របស់​សហភាព​អឺរ៉ុប ថា​ជា​ប្រតិកម្ម​ដ៏​ត្រឹមត្រូវ​ទៅនឹង​ការ​រំកិល​ទៅរក​អំណាច​ផ្តាច់ការ​នៅ​កម្ពុជា​។


 
​មេដឹកនាំ​ក្រុមប្រឆាំង​រូបនេះ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​៦ ខែមិថុនា យ៉ាង​ដូច្នេះ​ថា «​ចំពោះ​លទ្ធភាព​នៃ​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ប្រជារាស្ត្រ​ខ្មែរ យល់ព្រម​និង​ត្រៀមខ្លួន ប្រឈម​ការលំបាក​ខ្លះ​ថែមទៀត​ក្នុង​រយៈពេល​មួយ​ដ៏​ខ្លី ពីព្រោះ​យើង គិតពី​អនាគត​វែងឆ្ងាយ ហើយ​យល់ឃើញថា មានតែ​លទ្ធិប្រជាធិបតេយ្យ​ទេ ដែល​អាច​ធានា​អនាគត​មួយ​ដ៏​រុងរឿង​សម្រាប់​ខ្លួន​យើង​និង​កូនចៅ​យើង​។​»
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​សរសេរ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​ថា «​នៅពេល​បាត់ EBA ពី​កម្ពុជា មិនមែន​ត្រឹមតែ​កម្ពុជា​ទេ  គឺ​បណ្តា​ប្រទេស​នៅលើ​លោក ក៏មាន​បញ្ហា​ដែរ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្មរ​វា​ចិន​និង​អាមេរិក​។​» លើសពីនេះ លោក ចោទ​សួរថា «​បើ​រដ្ឋាភិបាល​កម្ពុជា រឹតត្បិត​សិទ្ធិសេរីភាព ហេតុម្តេច​បានជា​មាន​សិទ្ធិ​និយាយប្រាប់​ក្រុម​សហភាព​អឺរ៉ុប​បាន​?» 
 
​ក្នុងជំនួប​ជាមួយ​គណៈប្រតិភូ​សហភាព​អឺរ៉ុប នា​ថ្ងៃទី​៦ ខែមិថុនា លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា បាន​បញ្ជាក់ថា កម្ពុជា នឹង​ព្យាយាម​ការពារ EBA មិន​ឲ្យ​បាត់បង់​ឡើយ​។ ប៉ុន្តែ លោក​រដ្ឋមន្ត្រី សង្កត់ធ្ងន់ថា កម្ពុជា មិន​អនុញ្ញាត​ឲ្យ​បរទេស​យក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មួយ​នេះ មក​ដាក់​សម្ពាធ និង​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​នោះទេ​៕  
 

Tag:
 សម រង្ស៊ី​
  EU
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com