អន្តរជាតិ
ប្រមុខការទូតអាមេរិក នឹងធ្វើទស្សនកិច្ចនៅបាងកកដើម្បីបង្ហាញការគាំទ្រលើអាស៊ាន រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ និងសមភាគីមកពីតំបន់អាស៊នានាជំនួបឆ្នាំ២០១៨ ។ រូបភាព AFP
× រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ នឹងធ្វើទស្សនកិច្ចនៅទឹកដីថៃនៅចុងខែកក្កដាខាងមុខ ដើម្បីបង្ហាញការតាំងចិត្តរបស់អាមេរិកក្នុងការបន្តគាំទ្រអាស៊ាន ជាទីដែលឥទ្ធិពលចិនកំពុងកើនឡើងខ្លាំង។ មន្ត្រីក្រសួងការបរទេសអាមេរិកនិយាយថា មិនត្រឹមអាស៊ានជារួម លោក ប៉ុមប៉េអូ នឹងផ្ដោតសំខាន់លើប្រទេសតំបន់មេគង្គផងដែរតាមរយៈគំនិតផ្ដួចផ្ដើមមេគង្គក្រោម។ តំបន់នេះ ហាក់ត្រូវបានមើលរំលងក្នុងអាណត្តិប្រធានាធិបតី ដូណាល់ ត្រាំ ។
ឧបការីរងស្ដីទីក្រសួងការបរទេសអាមេរិក Mark Clark និយាយថា លោក ម៉ៃ ប៉ុមប៉េអូ នឹងធ្វើដំណើរទៅកាន់ទីក្រុងបាងកក ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ដើម្បីចូលរួមកិច្ចប្រជុំជាមួយប្រទេសអាស៊ាន និងដឹកនាំកិច្ចប្រជុំជាមួយសមាជិកគំនិតផ្ដួចផ្ដើមមេគង្គក្រោម។ លោក Clark ប្រកាសបែបនេះនៅថ្ងៃទី៦ ខែមិថុនា នាសន្និសីទស្ដីពីតំបន់ទន្លេមេគង្គ។
គំនិតផ្ដួចផ្ដើមខាងលើនេះ ត្រូវបានបង្កើតកាលពីជាង១០ឆ្នាំមុនដោយអតីតរដ្ឋមន្ត្រីការបរទេស ហ៊ីឡារី គ្លីនតុន សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសតាមបណ្ដោយមេគង្គដូចជា កម្ពុជា ថៃ មីយ៉ាន់ម៉ា ឡាវ និងវៀតណាម។ ប្រទេសខ្លះនៃគំនិតផ្ដួចផ្ដើមនេះ មានទំនាក់ទំនងជិតដិតខ្លាំងជាមួយចិន ដែលនេះអាចជាមូលហេតុមួយដែលរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវគិតគូរពីយុទ្ធសាស្ត្ររបស់ខ្លួនឡើងវិញ ហើយដាក់ការយកចិត្តទុកកាន់តែខ្លាំងផង។
បើតាម Clark ដែលទទួលបន្ទុកកិច្ចការអាស៊ាន ប្រមុខការទូតអាមេរិក នឹងរំឭកពីសមិទ្ធផលនាពេលកន្លងមក និងប្រកាសការប្ដេជ្ញាចិត្តជាថ្មីក្នុងការគាំទ្រប្រជាជននៅតំបន់មេគង្គ។ មន្ត្រីក្រសួងការបរទេសអាមេរិកដដែលនេះ ក៏បានព្រមានពីការជ្រៀតចូលរបស់ចិនដើម្បីត្រួតត្រាតំបន់នេះ។ លោក Clark ឆ្លៀតចោទចិនថា បានបង្ខំឲ្យប្រទេសនានាចូលរួមក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងវិថីរបស់ខ្លួនផង។ លោកថា អាមេរិកវិញមិនបង្ខំឲ្យអ្នកជ្រើសរើសភាគីម្ខាងណាឡើយ។
«អ្វីដែលយើងចង់បាន គឺសិទ្ធិរបស់ប្រទេសនីមួយៗក្នុងការគិតគូរ មុនពេលដើរលើផ្លូវដែលពួកគេឃើញថា ល្អ ហើយងាយស្រួលទទួលបានលុយ ប៉ុន្តែអាចក្លាយទៅជាការពឹងផ្អែកខ្លាំងលើប្រទេសណាមួយទៅវិញ។» នេះជាការបញ្ជាក់របស់លោក Clark ។
បើនិយាយរឿងជះលុយដើម្បីឥទ្ធិពលក្នុងតំបន់នេះ អាមេរិក ទំនងមិនអាចប្រជែងជាមួយចិនបានឡើយ។ ទោះជាមហាអំណាចលេខមួយលើពិភពលោកមែន អាមេរិកហាក់រិះថាំខ្លាំងក្នុងការចាយលុយដើម្បីរកការកៀងគរ ខណៈរដ្ឋាភិបាលប្រទេសក្នុងតំបន់ដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍ បានឲ្យតម្លៃខ្ពស់ជាងលើប្រទេសចិនដែលតែងបានបោះកញ្ចប់លុយច្រើនសន្ធឹកសន្ធាប់ទៅលើគម្រោងតូចធំជាច្រើន។ គំនិតផ្ដួចផ្ដើមខ្សែកវាត់ និងវិថី ជាឧទាហរណ៍ជាក់ស្ដែងបំផុត៕
Tag:
អាមេរិក
ចិន
អាស៊ាន
មេគង្គ
ម៉ៃ ប៉ុមប៉េអូ
© រក្សាសិទ្ធិដោយ thmeythmey.com