ជាតិ
ពីនេះ ពីនោះ
ពាក្យ ដែលមាន «អភិ» នៅខាងដើមពាក្យ តែងបង្ហាញអត្ថន័យបែប «ក្រៃលែង»
× «អភិ» គឺជានិបាតសព្ទមួយ ដែលអាចឈរនៅមុខពាក្យដទៃ។ ពាក្យ ដែលមាននិបាតសព្ទ «អភិ» នៅខាងដើម តែងតែមានលក្ខណៈបែបក្រៃលែងខ្ពង់ខ្ពស់ ឬ ឧដុង្គឧត្តម។
«អភិ» អាចប្រែបានច្រើនបែប ដូចជា ខ្ពស់, ខ្ពង់ខ្ពស់, ខ្ពស់បំផុត, វិសេស, ក្រៃលែង, ឧត្តម, ឧដុង្គឧត្តម, សម្បើម ជាដើម។
អភិជន (មនុស្សខ្ពង់ខ្ពស់), អភិជ័យ (ជម្នះយ៉ាងសម្បើម), អភិញ្ញា (សេចក្តីដឹងយ៉ាងខ្ពស់, សេចក្តីដឹងវិសេស), អភិធម្ម (ធម៌មានសេចក្តីល្អិតក្រៃលែង), អភិប្រណិប័តន៍ (ការសម្តែងសេចក្តីគោរពយ៉ាងក្រៃលែង), អភិមង្គល (មង្គលដ៏ឧត្តម), អភិរដ្ឋមន្ត្រី (មន្ត្រីថ្នាក់ខ្ពស់បំផុត), អភិរាជ (ព្រះរាជាជាធំចម្បងជាងព្រះរាជាទាំងឡាយក្នុងប្រទេសជិតខាង, អធិរាជ, មហារាជ), អភិវឌ្ឍ (ចម្រើនក្រៃលែង, លូតលាស់ចម្រើន), អភិសមាចារ (មារយាទល្អក្រៃលែង) ។ល។
ការបកស្រាយខាងលើនេះ គឺយោងទៅតាមវចនានុក្រម សម្តេច ជួន ណាត៕
© រក្សាសិទ្ធិដោយ thmeythmey.com