លោក អ៊ូ ច័ន្ទរ័ត្ន មន្ត្រីជាន់ខ្ពស់និងធ្លាប់ជាតំណាងរាស្ត្រ នៃអតីតគណបក្សប្រឆាំង ហាក់មិនសូវចាប់អារម្មណ៍ឡើយ ចំពោះព្រឹត្តិការណ៍ហូបនំបញ្ចុកទូទាំងប្រទេស នៅថ្ងៃទី៩មិថុនា ដែលបំផុសបំផុលដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្ស៊ី។
លោក អ៊ូ ច័ន្ទរ័ត្ន ដែលកំពុងរស់នៅក្នុងស្រុក លើកឡើងថា លោក គ្មានគម្រោងចុះទៅហូបនំបញ្ចុកនៅតាមមូលដ្ឋានឬជាមួយក្រុមណានោះទេ នៅថ្ងៃទី៩មិថុនា។ លោក ប្រាប់សារព័ត៌មានថ្មីៗ នៅរសៀលថ្ងៃទី៧មិថុនាថា «ខ្ញុំ មិនខ្វល់ខ្វាយរឿងហ្នឹងទេ»។
អ្វីដែលអតីតតំណាងរាស្ត្រគណបក្សប្រឆាំងរូបនេះ យល់ថា រដ្ឋាភិបាលកម្ពុជា គួរតែដោះស្រាយ គឺការប្រឈមនឹងការបាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA និងសម្ពាធអន្តរជាតិផ្សេងទៀត មកលើកម្ពុជា។ លោក សង្កត់ធ្ងន់ដូច្នេះថា «សំខាន់ គឺរឿងជាតិ។ ការហូបនំបញ្ចុក ដូចជាមិនមែនជារឿងចំបាច់ទេសម្រាប់ពេលនេះ ហើយក៏មិនគួរទាញមកធ្វើជាប្រធានបទនយោបាយដែរ»។
ពេលនេះ គណៈប្រតិភូសហភាពអឺរ៉ុប កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដោយផ្តោតលើការពិភាក្សាពីរឿង EBA។ លោក អ៊ូ ច័ន្ទរ័ត្ន និងអតីតតំណាងរាស្ត្រគណបក្សប្រឆាំងពីរនាក់ផ្សេងទៀត បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃទី៥មិថុនា ជុំវិញបញ្ហា EBA និង ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហភាពអឺរ៉ុប។
«យើងខ្ញុំ សូមអំពាវនាវដល់គណៈកម្មការពាណិជ្ជកម្មសហភាពអឺរ៉ុប មេត្តាជួយសម្របសម្រួលយ៉ាងណាក្នុងការរក្សាទុកប្រព័ន្ធ EBA និងស្តារលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជា»។ នេះជាខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍របស់អតីតតំណាងរាស្ត្រគណបក្សប្រឆាំងទាំងបីនាក់។
តាមរយៈសេចក្តីថ្លែងការណ៍ ពួកលោកទាំងបី បានសរសេរទៀតថា «យើងខ្ញុំ យល់ឃើញថា អ្នកដឹកនាំនយោបាយគ្រប់និន្នាការ គួរតែងាកមកស្វែងរកដំណោះស្រាយបញ្ហាចំពោះមុខរវាងខ្មែរនិងខ្មែរ ក្រោមម្លប់អង្គព្រះមហាក្សត្រ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ដើម្បីបញ្ចប់វិបត្តិនយោបាយ រក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP និងស្តារលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សពេញលេញឡើងវិញ»។
ទោះជាគ្មានគម្រោងចូលរួមពិសានំបញ្ចុកក្តី តែលោក អ៊ូ ចន្ទរ័ត្ន នៅតែឲ្យតម្លៃថា ការពិសានំបញ្ចុកនេះ ជាការបង្ហាញពីអត្តសញ្ញាណជាតិ។
ជុំវិញរឿងនេះ លោក ជឿថា នឹងមានមន្ត្រីនៃអតីតគណបក្សប្រឆាំងមួយចំនួន ដែលស្និទ្ធនិងស្រឡាញ់លោក សម រង្ស៊ី ធ្វើតាមការអំពាវនាវរបស់លោក សម រង្ស៊ី ដោយចុះទៅរៀបចំនិងហូបនំបញ្ចុកជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទៅ ចូលរួមពិសានំបញ្ចុកទាំងអស់គ្នា ដោយគ្មានការប្រកាន់និន្នការនយោបាយ។ ប្រមុខរដ្ឋាភិបាល ហៅព្រឹត្តិការណ៍នេះ ថាជាសាមគ្គីនិងឯកភាពជាតិ ហើយក៏អាចជំរុញការប្រើប្រាស់និងទិញផលិតផលក្នុងស្រុកផងដែរ៕