គ្រាប់បាល់បញ្ចូលទីនាំមុខរបស់ សៀង ចន្ធា ក្នុងជ័យជម្នះ ២-០ លើប៉ាគីស្ថាន នាការប្រកួតជម្រុះបឋម FIFA World Cup នៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីល្ងាចថ្ងៃទី៦ ខែមិថុនា បាននាំឲ្យគេក្លាយជាអ្នកស៊ុតបាល់បញ្ចូលទីវ័យក្មេងបំផុតរបស់ក្រុមជម្រើសជាតិ ក្នុងអាយុត្រឹម១៦ឆ្នាំ ដោយបំបែកកំណត់ត្រារបស់អតីតខ្សែប្រយុទ្ធជើងចាស់ កែវ សុខងន ដែលសម្រេចបានកាលពីឆ្នាំ២០០៩។
សៀង ចន្ធា ត្រូវបានលោក Felix Dalmas និងលោក Keisuke Honda កោះហៅចូលក្រុមជម្រើសជាតិកម្ពុជា ចាប់តាំងពីយុទ្ធនាការ AFF Suzuki Cup ឆ្នាំ២០១៨ កន្លងមក ប៉ុន្តែខ្សែប្រយុទ្ធវ័យក្មេងរបស់សាលាបាល់ទាត់ជាតិបាទីរូបនេះ មិនមានឱកាសបង្ហាញភាពលេចធ្លោឡើយ។ រហូតដល់ការប្រកួតជម្រុះបឋម World Cup ជើងទីមួយ ជាមួយប៉ាគីស្ថាន កាលពីល្ងាចថ្ងៃទី៦ ខែមិថុនា ចន្ធា បានចូលលេងជំនួស រ៉ូសុីប នៅនាទី ៧៥។
ឈានដល់នាទី៨១ ចន្ធា បានស៊ុតបាល់បញ្ចូលទីនាំមុខ១គ្រាប់សម្រាប់កម្ពុជា មុនពេលរៀមច្បង គួច សុគម្ភៈ បន្ថែមគ្រាប់ទីពីរ នារយៈពេល៤នាទីបន្ទាប់។ ខណៈ សុគម្ភៈ ក្លាយជាកីឡាករចំណាស់ជាងគេក្នុងក្រុមដែលបានស៊ុតបាល់បញ្ចូលទីក្នុងអាយុ៣២ឆ្នាំ ចន្ធា បានបំបែកកំណត់ត្រា កែវ សុខងន ក្នុងនាមជាកីឡាករក្មេងជាងគេដែលស៊ុតបាល់បញ្ចូលទីសម្រាប់ក្រុមជម្រើសជាតិកម្ពុជាផងដែរ។
កើតនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០២ កីឡាករដែលមានដើមកំណើតនៅខេត្តកោះកុងរូបនេះ ស៊ុតបាល់បញ្ចូលទីដំបូងឲ្យជម្រើសជាតិឈុតធំ [កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩] ក្នុងវ័យ១៦ឆ្នាំ ៨ខែ និង២៨ថ្ងៃ។ ការសម្រេចបានបែបនេះ មានន័យថា កំណត់ត្រារបស់ កែវ សុខងន ត្រូវបានបំបែក។
សូមរំលឹកថា នាព្រឹត្តិការណ៍ប្រកួតវគ្គជម្រុះ AFC Challenge Cup នៅក្រុងដាកា ប្រទេសបង់ក្លាដែស កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០០៩ កែវ សុខងន បានស៊ុតបាល់បញ្ចូលទី១គ្រាប់ក្នុងជ័យជម្នះ ២-១ របស់កម្ពុជាលើម៉ាកាវ។ គ្រាប់បាល់បញ្ចូលទីនេះ នាំអតីតខ្សែប្រយុទ្ធក្លិបភ្នំពេញក្រោន, Samuth Sakhon និងបឹងកេត ក្លាយជាកីឡាករដែលវ័យក្មេងជាងគេដែលបានស៊ុតបាល់បញ្ចូលទីសម្រាប់ក្រុមជម្រើសជាតិ ក្នុងអាយុ១៦ឆ្នាំ ១១ខែ និង២៩ថ្ងៃ។
សុខងន កើតកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩២ ដោយការស៊ុតបញ្ចូលទីដំបូងឲ្យជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក ប្រាក់ សុវណ្ណារ៉ា នាពេលនោះ កើតឡើងពីរថ្ងៃមុនការប្រារព្ធឈានដល់អាយុ១៧ឆ្នាំរបស់គេ។
កែវ សុខងន ដែលបច្ចុប្បន្នជាអ្នកដឹកនាំក្លិបភ្នំពេញក្រោន បានអបអរសាទរចំពោះការសម្រេចបានរបស់ ចន្ធា។ សុខងនបានសរសេរនៅលើសារបញ្ចេញមតិលើហ្វេសប៊ុកមួយថា៖«អបអរសាទរ កម្ពុជា! សៀង ចន្ធា ធ្វើបានល្អ! ប្អូនប្រុស ត្រូវខំប្រឹងបន្តទៀត»។
ចន្ធា ជាកីឡាករដ៏សំខាន់ម្នាក់របស់យុវជនបាទី បើទោះបីជាក្រុមថ្នាលមួយនេះ មិនទទួលបានលទ្ធផលល្អក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគក៏ដោយ។ ឆ្នាំ២០១៦ ចន្ធា ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំក្របខណ្ឌ Second League ខណៈក្រុមសាលាបាល់ទាត់ជាតិបាទីជាប់ចំណាត់ថ្នាក់លេខ៣ ។ នៅក្នុងព្រឹត្តិការណ៍អន្តរជាតិវិញ ចន្ធាស៊ុតបាល់បញ្ចូលទី២គ្រាប់ ខណៈ U16 កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងការប្រកួតដណ្តើមពានរង្វាន់ AFF U16 Youth Championship។
សម្រាប់ព្រឹត្តិការណ៍វគ្គជម្រុះ AFC U16 Championship នៅសិង្ហបុរី ចន្ធារួមចំណែកបាន១គ្រាប់ ហើយខ្សែប្រយុទ្ធរូបនេះ រកបាន២គ្រាប់ផងដែរ ក្នុងការប្រកួត AFF U18 Youth Championship នៅក្រុងយាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ កីឡាករឆ្នើមដែលមានប្រភពពីខេត្តកោះកុង បានស៊ុតបាល់បញ្ចូលទីរហូតដល់ទៅ៥គ្រាប់ ដើម្បីក្លាយជា Top Scorer ប្រចាំព្រឹត្តិការណ៍ AFF U15 Championship នៅឈុនបុរី ប្រទេសថៃ បើទោះបីជាកម្ពុជា ហាលអាវក៏ដោយ៕