ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពលរដ្ឋ​គាំទ្រ​គម្រោង​ក្រាល​ឥដ្ឋ​បញ្ចៀស​ទឹក​ដក់​របស់​អង្គការ​JICA នៅ​ផាប់​ស្ទ្រី​ត ខណៈ​ការលក់ដូរ​គ្មាន​សណ្ដាប់ធ្នាប់​នៅតែ​ជា​បញ្ហា​
08, Jun 2019 , 8:29 am        
រូបភាព
​សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប តាមរយៈ​កិច្ចព្រមព្រៀង​រវាង​អង្គការ JICA និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បានចាប់ផ្តើម​គម្រោង​សាងសង់​កម្រាល​និង​ចិញ្ចើមផ្លូវ ដោយ​ប្រើ​បច្ចេកទេស​បេតុង​ជ្រាប​ទឹក ក្នុង​បំណង​ដើម្បី​កាត់បន្ថយ​ទឹកជំនន់​និង​ទឹក​ដក់ ដែល​តែង​កើតមាន​ជា​ញឹកញាប់​នៅក្នុង​ក្រុង​សៀមរាប​។ គម្រោង​សាកល្បង​នេះ បានបញ្ចប់​ហើយ​ក្រោយ​ដំណើរ​ការសាងសង់​តាំងពី​ពាក់​កណ្ដាលខែ កុម្ភៈ​មក​ដែលមាន​ប្រវែង​សរុប​ជាង ៩០​ម៉ែត្រ​។ ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​ផាប់​ស្ទ្រី​ត បាន​មើលឃើញ​ពី​អត្ថប្រយោជន៍​នៃ​ផ្លូវ​មួយ​នេះ ពិសេស​ផ្លូវ​នេះ​មាន​ប្រសិទ្ធិភាព​ខ្ពស់​បញ្ចៀស​ការដក់​ទឹក​តាមផ្លូវ​។ ពលរដ្ឋ​ចង់ឱ្យមាន​ការអភិវឌ្ឍ​បន្ថែម​លើ​គម្រោង​នេះ ដើម្បី​លើក​សោភ័ណភាព​ក្រុង​សៀមរាប​ទាំងមូល​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖



 
​តំបន់​ផាប់​ស្ទ្រី​ត​ផ្សារ​ចាស់ ត្រូវបាន​គេ​ចាត់ទុកថា​ជា​បេះដូង​នៃ​ខេត្តសៀមរាប ដ្បិត​តំបន់​នេះ​មានការ​អភិវឌ្ឍ​និង​មាន​ភាព​មមាញឹក​ខ្លាំង​ផ្នែក​អាជីវកម្ម ពិសេស​កន្លែង​លក់ដូរ​និង​កន្លែង​កម្សាន្ត​សម្រាប់​នាពេល​រាត្រី​។ ទោះបី​មានការ​អភិវឌ្ឍ​ក៏ពិតមែន តែ​គេ​សង្កេតឃើញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នេះ​មិនទាន់មាន​ភាពល្អប្រសើរ​នៅឡើយ ពិសេស​ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ​នា​រដូវវស្សា​។ ទឹក​ដក់​នៅ​កៀន​ផ្លូវ ប៉ះពាល់​ដល់​សោភ័ណភាព​ក្នុង​តំបន់​មួយ​នេះ​។​
 
​ដោយ​មើលឃើញ​ពី​ចំណុច​អវិជ្ជមាន​នេះហើយ ទើប​រដ្ឋបាល​ខេត្តសៀមរាប​បានអនុញ្ញាត​ឱ្យ​អង្គការ JACA របស់​រាជរដ្ឋាភិបាល​ជប៉ុន​ចុះ​អនុវត្តន៍​គម្រោង​សាកល្បង សាងសង់​កម្រាល​និង​ចិញ្ចើមផ្លូវ​ដោយ​ប្រើ​បច្ចេកទេស​បេតុង​ជ្រាប​ទឹក​។ គោលបំណង​នៃ​ការរៀប​ចំនេះ គឺ​ដើម្បី​កាត់បន្ថយ​ទឹកជំនន់​និង​ទឹក​ដក់ ដែល​តែង​កើតមាន​ជា​ញឹកញាប់​ក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ​។​
 
​ក្រោយ​ស្ថាបនា​រួចរាល់ គម្រោង​នេះ​ទទួលបាន​ការកោតសរសើ​រ​ពី​ប្រជាពលរដ្ឋ ពិសេស​នៅ​តំបន់​ផាប់​ស្ទ្រី​ត​តែម្ដង​។ ប្រជាពលរដ្ឋ​យល់ថា ផ្លូវ​នេះ​បាន​លើក​សោភ័ណភាព​ក្រុង​និង​ចង់ឱ្យមាន​ការអភិវឌ្ឍ​បន្ថែមទៀត​នៅ​តំបន់​ផ្លូវ​នានា​ក្នុង​ក្រុង​សៀមរាប​តែម្ដង​។​
 
​លោក ឈុ​យ និ​ញ ម្ចាស់​អាជីវកម្ម​មួយ​ក្នុង​តំបន់​ផាប់​ស្ទ្រី​ត​បាន​លើកឡើងថា លោក​នៅ​មិនទាន់​ដឹង​ពី​គុណភាព​ផ្លូវ​ក្រាល​បេតុង​ជ្រាប​ទឹក​នេះ​ថា​រឹងមាំ​ប៉ុណ្ណា​ទេ តែ​អ្វីដែល​លោក​មើលឃើញ​នៅពេលនេះ​គឺ​ផ្លូវ​នេះ​បាន​ស្រូបយក​ទឹក​លឿន​និង​ឆាប់​ស្ងួត​ក្រោយពេល​ភ្លៀង​ធ្លា​ក់រួច​ខុសពី​ផ្លូវ​បេតុង​ចាស់​ដែល​តែងមាន​ទឹក​លក់​ជាប់​យូរ​ក្រោយពេល​ភ្លៀង​។ ជាមួយគ្នានេះ​លោក​ក៏​គាំទ្រ​ឱ្យមាន​ការស្ថាបនា​និង​សាងសង់​បន្ថែម​ទៅលើ​ផ្លូវ​ជុំវិញ​ផាប់​ស្ទ្រី​ត​ឬ​តំបន់​ប្រជុំជន​ដទៃទៀត ដើម្បី​ភាពស្រស់ស្អាត​នៃ​ក្រុង​សៀមរាប​ទាំងមូល​។​
 
​រីឯ​កញ្ញា សុផាត ម្ចាស់​អាជីវកម្ម​កម្សាន្ត​នៅក្បែរនោះ ក៏បាន​លើកសរសើរ​ពី​ភាពងាយស្រួល​នៃ​ផ្លូវ​ថ្មី​នេះដែរ​។ កញ្ញា​ថា ផ្លូវ​ថ្មី​ដើរ​ស្រួល​និង​ស្រស់ស្អាត​ជាង​ពេលមុន​ឆ្ងាយ​។ ដូច​លោក ឈុ​យ និ​ញ​ដែរ កញ្ញា​សង្កេត​ថា​ក្រោយ​ភ្លៀង​ប៉ុន្មាន​មេ​កន្លងទៅនេះ ហាក់​ពុំមាន​ទឹក​ដក់​ដូច​មុនៗ​ឡើយ​គឺ​ឥដ្ឋ​កម្រាល​ថ្មី​មាន​ប្រសិទ្ធភាព​ជ្រាប​ទឹកបាន​លឿន​ជាង​មុន​ឆ្ងាយ​និង​សុំឱ្យ​មានការ​រៀបចំ​ជុំវិញ​ផ្លូវ​ផាប់​ស្ទ្រី​ត​តែម្ដង​។ 
 
​យ៉ាងណាក៏ដោយ បើទោះបី​សរសើរ​ពី​ភាពស្រស់ស្អាត​នៃ​ផ្លូវ​ថ្មី​ក៏ពិតមែន តែ​កញ្ញា សុផាត លើក​ពី​ការលក់ដូរ​គ្មាន​សណ្ដាប់ធ្នាប់​នៅលើ​ចិញ្ចើមផ្លូវ​បាន​ប៉ះពាល់​ដល់​ផ្លូវ​ថ្មី​នេះ ដោយសារ​ការ​វេច​ខ្ចប់​គ្មាន​អនាម័យ​របស់​អ្នកលក់​មួយចំនួន​និង​បោះចោល​សំរាម​លើផ្លូវ​ជាដើម​។ កញ្ញា​មិន​គាំទ្រ​ឱ្យមាន​ការលក់​បែបនេះ​ឡើយ ហើយ​យល់ថា​ក្នុងនាម​ជា​ពលរដ្ឋ​មួយរូប​គួរតែ​ចូលរួម​សម្អាត​អនាម័យ​មុខផ្ទះ​ឬ​ផ្លូវថ្នល់​ទាំងអស់គ្នា ដើម្បី​ភាពស្រស់ស្អាត​នៃ​ទីក្រុង​ទាំងមូល​។​
 
​ងាក​ទៅ​អ្នកស្រី ស៊ួ ម៉ា​រ័ត្ន កំពុង​រៀបចំ​នៅក្នុង​ហាង​មួយ​ក្នុង​តំបន់​ផាប់​ស្ទ្រី​ត​នោះបាន​និយាយថា ក្នុង​ចិត្ត​អ្នកស្រី​សប្បាយ​ជាខ្លាំង​ក្រោយ​ផ្លូវ​ថ្មី​ត្រូវបាន​ស្ថាបនា​យ៉ាង​ស្រស់ស្អាត​បែបនេះ​។ អ្នកស្រី​គាំទ្រ​ឱ្យមាន​ការរៀបចំ​បែបនេះ​ទៅ​តំបន់​ផាប់​ស្ទ្រី​ត​ទាំងមូល​និង​តំបន់​ប្រជុំជន​សំខាន់ៗ​ក្នុង​ក្រុង​ផងដែរ​។ ក្រៅពីនេះ អ្នកស្រី ម៉ា​រ័ត្ន ក៏​ចង់ឱ្យ​អាជ្ញាធរ​យកចិត្តទុកដាក់​លើ​ការលក់ដូរ​តាម​ចិញ្ចើមផ្លូវ​ឱ្យបាន​ខ្លាំង និង​សុំឱ្យ​អ្នកលក់​ទាំងនោះ​សហការ​សម្អាត​សំរាម​ក្នុង​ក្រុង​ឱ្យបាន​ស្អាត​ផងដែរ​។​

​យុវជន ឧ​ត្ត​ម ដែលមាន​អាជីវកម្ម​ស្រប​ផ្លូវ​ក្រាល​ឥដ្ឋ​ថ្មី​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​មួយ​នេះ ក៏​រីករាយ​ចំពោះ​សមិទ្ធិផល​ថ្មី​នេះដែរ​។ ហាង​វី​ងរ​បស់​យុវជន​រូបនេះ​កាន់​តែមាន​អតិថិជន​ច្រើនជាង​មុន ក្រោយពេល​មាន​ផ្លូវ​ស្អាត​និង​ធំ​ទូលាយ​។ បើតាម​ការលើកឡើងរ​បស់​យុវជន ឧ​ត្ត​ម ផ្លូវ​នេះ​បានរៀបចំ​ការ៉ូ​បង្ក​ភាពងាយស្រួល​ដល់​អ្នកដំណើ​រ មិន​រអិល និង​មិន​ដក់​ទឹក​។​
 
​ផ្លូវ​ក្រាល​ការ៉ូ​ឥដ្ឋ​ជ្រាប​ទឹក អាច​ចាត់ទុកជា​មុខមាត់​ថ្មី​របស់​ក្រុង​សៀមរាប​នៅពេល​ផ្លូវ​នេះ​ត្រូវបាន​អនុវត្តតាម​គោលការណ៍​និង​ការថែទាំ​បាន​ត្រឹមត្រូវ​។ ក្រោយ​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ​នៅ​ចុងខែ​មេសា​កន្លងមកនេះ វា​បាន​ជួយ​សម្រួល​ចរាចរណ៍​ច្រើន ពិសេស​អ្នកដំណើរ​ថ្មើរជើង​ជនជាតិ​បរទេស​ដែល​និយម​ដើរ​កម្សាន្ត​ពេល​រាត្រី​ក្នុង​តំបន់​ផាប់​ស្ទ្រី​ត​។ យ៉ាងណា បញ្ហា​សំរាម​កើតឡើង​ដោយសារ​អ្នកលក់ដូរ​តាម​ចិញ្ចើមផ្លូវ នៅតែ​ចោទ​សម្រាប់​ផ្លូវ​ថ្មី​មួយ​នេះ ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​យកចិត្តទុកដាក់​៕
 
 

Tag:
 ផាប់​ស្ទ្រី​ត​
  ឥដ្ឋ​បញ្ជៀ​ស​ទឹក​ដក់
© រក្សាសិទ្ធិដោយ thmeythmey.com