សង្គមអន្តរជាតិ​
អន្តរជាតិ
ក្រុង Los Angeles មាន App សម្រាប់​ហៅ​មនុស្ស​ឲ្យ «​ដើរ​កំដរ​» ពេល​អផ្សុក​...១​ម៉ោង​៣០​ដុល្លារ​
08, Jun 2019 , 8:59 am        
រូបភាព
ដោយ: ធីតា
The People Walker ជា​ប្រភេទ App និង​វ៉ិ​ប​សាយ ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​រស់នៅ​ក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក អាច​ស្វែងរក​មនុស្ស​ដើរ​កំដរ​ខ្លួន នៅពេលដែល​ពួកគេ​មាន​អារម្មណ៍​ឯកា ឬ​ភ័យខ្លាច​។ បើតាម​ការផ្សាយ​របស់ AFP សេវា​កម្មនេះ មានតម្លៃ​៣០​ដុល្លារ​អាមេរិក​ក្នុង​១​ម៉ោង​។​

 
«​ខ្ញុំ​បាន​គិតពី​ការដាក់​ដំណើរការ​សេវាកម្ម​បណ្តើរ​សត្វ​ឆ្កែ ប៉ុន្តែ​ខ្ញុំ​មិនសូវ​ឃើញ​មាន​សត្វ​ឆ្កែ​នៅក្នុង​ទីក្រុង​ឡើយ ហើយ​ម្យ៉ាងទៀត យើង​ច្បាស់​ជា​ពិបាក​ពេល​នាំ​ឆ្កែ​ទៅ​ជុះ​អាច​ម៌​»​។ លោក Chuck McCarthy បានបញ្ជាក់​យ៉ាង​ដូច្នេះ  ខណៈពេល​ដើរ​ជាមួយ​អតិថិជន​របស់ខ្លួន​នៅ​តំបន់ Hollywood Hills​។​


 
​ដំណើរការ​រយៈពេល​២​ឆ្នាំកន្លងមក លោក McCarthy ដែលជា​ស្ថាបនិក The People Walker បាន​អះអាងថា សេវាកម្ម​របស់​មាន​តម្រូវការ​កាន់តែ​ខ្ពស់​ឡើងជា​បន្តបន្ទាប់ ពីព្រោះ​មនុស្ស​ជាច្រើន​មាន​ភាព​ឯកា ហើយ​ចង់បាន​ដៃគូ​ដើរ​កំដរ​ខ្លួន​។ ចាប់ផ្តើម​ពី​ខ្លួន​លោក McCarthy ផ្ទាល់ បច្ចុប្បន្ន App នេះ មាន​អ្នកចូលរួម​ផ្តល់​សេវាកម្ម​ឡើងដល់​៣៥​នាក់​ហើយ​។​
 
​ការ​កាត់ផ្តាច់​ខ្លួន​ពី​សង្គម កំពុង​បង្ក​ផលវិបាក​ច្រើន​ផ្នែក​សុខភាព​ផ្លូវចិត្ត ការតានតឹង​អារម្មណ៍ ជំងឺ​បេះដូង ទឹកនោមផ្អែម និង​មហារីក​ជាដើម ហើយ​អ្នកខ្លះ​ចូលចិត្ត​ផឹក និង​ជក់បារី​។ លោក Eric Klinenberg សាស្ត្រាចារ្យ​ផ្នែក​សង្គមវិទ្យា​នៅ​សាកលវិទ្យាល័យ​ញូវយ៉ក បាន​រៀបរាប់​នៅលើ​ទំព័រ​កាសែត The New York Times ពី​ផលវិបាក​នៃ​ជីវិត​ឯកោ ដែល​រស់​កាត់ផ្តាច់​ពី​សង្គម​។​
 
​ទាក់ទង​ករណីនេះ លោក Eric បាន​លើកឡើងថា មនុស្ស​ត្រូវការ​ទំនាក់ទំនង​ពី​ខាងក្រៅ ជាពិសេស​នៅពេល​ធ្វើដំណើរ និង​និយាយ​លេង​នៅពេល​មាន​អារម្មណ៍​អផ្សុក​។ 



​លោក McCarthy បាន​បញ្ជាក់ថា អតិថិជន​របស់លោក​មាន​គ្រប់​សណ្ឋាន ដោយ​ពួកគាត់​សុទ្ធតែ​បង្ហាញ​ភាព​រីករាយ​តាមរយៈ​ទំនាក់ទំនង​ផ្ទាល់ ជាជាង​ការ​ចំណាយពេល​ឆ្លើយ​ទាក់ទង​គ្នា​នៅតាម​បណ្តាញ​សង្គម​ដូចជា Facebook ឬ Twitter ជាដើម​។​
 
​លោក McCarthy បាន​អះអាងថា លោក​គ្រោង​ពង្រីក​សេវាកម្ម​ពេញ​រដ្ឋ California ហើយ​ឈានដល់​ពេញ​សហរដ្ឋអាមេរិក និង​ពិភពលោក​ទាំងមូល​។ រយៈពេល​២​ឆ្នាំ​ចុងក្រោយ គាត់​បាន​ដើរ​ជាមួយ​ភ្ញៀវ​យ៉ាងហោចណាស់​ពី​៤ ទៅ​៥​ដង​ក្នុង​មួយ​សប្តាហ៍ ដែល​ភាគច្រើន​មាន​រយៈពេល​១​ម៉ោង​។ ក្នុង​ដំណើរ​ភាគច្រើន លោក McCarthy ស្តាប់​អតិថិជន ជាជាង​ការនិយាយ​ខ្លួនឯង​។​
 
​របាយការណ៍​របស់ UCLA Loneliness Scale កាលពី​ឆ្នាំ​២០១៨ បាន​បង្ហាញថា យុវជន​អាមេរិក ជាង​២០ ០០០​នាក់ លើកឡើង​ពី​ភាព​ឯកោ​ក្នុង​ជីវិត​របស់ខ្លួន ហើយ​ត្រឹមតែ​៥៣​ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​អះអាងថា ពួកគេ​មាន​ទំនាក់ទំនង​ល្អ​ប្រចាំថ្ងៃ​នៅក្នុង​សង្គម​។​


 
​លោក McCarthy ក៏បាន​កត់សម្គាល់ថា​៖ «​អ្នក​អាចមាន​មិត្ត​៥០០០​នាក់​នៅក្នុង​ហ្វេ​ស​ប៊ុ​ក ប៉ុន្តែ​នៅពេលដែល​អ្នក​ត្អូញត្អែ​ពី​បញ្ហា មិនមាន​អ្នកណា​ជួយ​អ្នក​សម្រាល​ការគិត​របស់​អ្នក​ឡើយ​»​។ លោក​បាន​អះអាងថា ទំនាក់ទំនង​ផ្ទាល់​ពេលធ្វើ​ដំណើរ​ធ្វើ​ឲ្យ​មនុស្ស​ផ្លាស់ប្តូរ​យោបល់​គ្នា​ជាច្រើន ថែមទាំង​អាច​រៀន​ភាសា និង​វប្បធម៌​ថ្មីៗ​បន្ថែមទៀត ហើយ​បន្ថែម​ពីលើ​នេះ វា​ជួយ​ដល់​សុខភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។​
 
​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ Los Angeles Times លោក Sam Pocker សិល្បករ​ម្នាក់​ដែល​និពន្ធ​បទ​ចម្រៀង និង​សំដែង​តាម YouTube បាន​បញ្ជាក់ថា លោក​ក៏​ជា​អតិថិជន​របស់​សេវាកម្ម The People Walker ផងដែរ​។ លោក​បាន​លើកឡើងថា សេវាកម្ម​បែបនេះ ពិត​ជាមាន​អត្ថប្រយោជន៍​សម្រាប់​បុគ្គល​ដែល​សំបូរ​មិត្តភក្តិ ប៉ុន្តែ​ពួកគេ​ជាប់រវល់​ជាមួយ​ការងារ ឬ​ក្រុមគ្រួសារ​៕


 

Tag:
 App
  សេវាកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com