ក្រុមបាល់ទាត់ឥន្ទ្រទេវីបានបើកឆាកជាមួយលទ្ធផលដ៏ល្អប្រសើរ ដោយលត់ក្រុមច្បារអំពៅក្នុងលទ្ធផល ៨-០ នាការប្រកួតបើកឆាកពានរង្វាន់ជើងឯកវិទ្យាល័យ ដែលបើកការប្រកួតផ្លូវការកាលពីថ្ងៃទី៦ ឧសភា នៅទីលានបាល់ទាត់ច្បារអំពៅ។ ពានរង្វាន់ក្រោមការសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញជាមួយក្លិបបាល់ទាត់បឹងកេតនេះ គឺបង្កើតឡើងដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅកម្ពុជា និងផ្តល់ឱកាសដល់យុវជនចង់ក្លាយជាកីឡាករអាជីពបានបង្ហាញសមត្ថភាព។
«ពានជើងឯកវិទ្យាល័យ»ដែលកើតឡើងក្រោមការសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញជាមួយក្លិបបឹងកេតបានរៀបចំកម្មវិធីបើកការប្រកួតផ្លូវការ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ នៅទីលានបាល់ទាត់វិទ្យាល័យច្បារអំពៅ។ នាជំនួបបើកឆាកដើម្បីអបអរក្នុងថ្ងៃបើកការប្រកួតផ្លូវការ ក្រុមបាល់ទាត់ឥន្ទ្រទេវីបានលត់ក្រុមច្បារអំពៅក្នុងលទ្ធផល ៨-០។ ជ័យជម្នះនេះជួយឲ្យឥន្ទ្រទេវីឈរកំពូលតារាងបណ្តោះអាសន្ន ដោយមាន៣ពិន្ទុ។
កីឡាករ ចាន់ វឌ្ឍនាកា (អាវក្រហម)ចូលរួមបើកពានជើងឯកវិទ្យាល័យ
នាសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៣ ឧសភា លោក ងួន សុភៈ ប្រធានគណៈកម្មការរៀបចំពានរង្វាន់ជើងឯកវិទ្យាល័យ បានលើកឡើងថា ពានរង្វាន់នេះ គឺបង្កើតឡើងដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា និងជំរុញចលនាកីឡាបាល់ទាត់តាមសាលាឲ្យមានសមត្ថភាពកាន់តែផុសផុល ពិសេសផ្តល់ឱកាសឲ្យយុវជនបានបង្ហាញសមត្ថភាព។
លោកបានរៀបរាប់ដូច្នេះថា៖«យើងបង្កើតពានជើងឯកវិទ្យាល័យនេះ ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់កម្ពុជាឲ្យមានសកម្មភាពរស់រវើកនិងកាន់តែរីកចម្រើនសំដៅបណ្តុះស្មារតីឲ្យយុវជនចេះស្រលាញ់កីឡា សុខភាព និងចៀសឆ្ងាយពីគ្រឿងញៀន។ ពិសេសសម្រិតសម្រាំងធនធានកីឡាករបន្តវេន រឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងសិស្សានុសិស្ស»។
ជាការប្រកួតប្រជែងដណ្តើមយកពាន តែវាជាឱកាសល្អសម្រាប់យុវជនដែលចង់ក្លាយជាកីឡាករអាជីពនាពេលអនាគត។ ព្រោះក្លិបបឹងកេតនឹងចាត់ក្រុមការងារជំនាញសង្កេតមើលកីឡាករមានទេពកោសល្យ ដើម្បីធ្វើជាយុវជនថ្នាលរបស់ក្លិប។ ដូច្នេះកីឡាករមកពីបណ្តាវិទ្យាល័យទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីទាក់ទាញការចាប់អារម្មណពីអ្នកជំនាញ។
«យើងតែងតែមានក្រុមបច្ចេកទេសជំនាញតាមដានគ្រប់ការប្រកួត ដើម្បីជ្រើសរើសកីឡាករល្អពិតប្រាកដ។ ពេលខ្លះយើងសន្យាថានឹងយក តែបែជាមិនយក ដោយសារសមត្ថភាពពួកគេមិនដល់កម្រិតដែលយើងចង់បាន និងមានលក្ខខណ្ឌច្រើនទៀតដូចជាឪពុកម្តាយមិនឯកភាព ឬកីឡាករខ្លួនឯងមិនចង់ធ្វើជាកីឡាករអាជីពជាដើម»។ នេះជាការបញ្ជាក់របស់លោក បែ មករា អ្នកចាត់ការទូទៅក្លិបបាល់ទាត់បឹងកេតកាលពីពេលកន្លងទៅ។
នាពិធីបើកការប្រកួតក្រោមដំណក់ភ្លៀងនោះ ដោយមានការចូលរួមពីសំណាក់លោកស្រី ឌិត នីតា ប្រធានកិត្តិយសក្លិបបឹងកេត និងលោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេតរួមជាមួយថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញនិងក្លិបបឹងកេតជាច្រើនរូបទៀត។ តាមពិតវិធីបើកនេះ គ្រោងធ្វើឡើងក្រោមវត្តមានលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ តែដោយសារលោកមានភារកិច្ចបន្ទាន់។
កីឡាករ ចាន់ វឌ្ឍនាកា, ឃួន ឡាបូរ៉ាវី និង ហុង ផេង ក៏បង្ហាញវត្តមានក្នុងកម្មវិធីបើកនេះដែរ ដោយ ឡាបូរ៉ាវី ជាអ្នកកាន់ពាន ដែលមាន វឌ្ឍនាកា និង ហុង ផេង អមសងខាង៕
សកម្មភាពប្រកួតរវាងក្រុមឥន្ទ្រទេវី(អាវស្វាយ)ជាមួយក្រុមច្បារអំពៅក្នុងថ្ងៃបើកពានជើងឯកវិទ្យាល័យ