ភ្នំពេញ៖ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ខ្លះ កំពុងប្រព្រឹត្តទង្វើឆ្គាំឆ្គង និងប្រើប្រាស់អំណាចជ្រុសហួសដែនកំណត់នៃច្បាប់ ដែលមានចែងនៅក្នុងស្ថាប័នថ្មី ដែលបង្កើតឡើងដោយរដ្ឋាភិបាល នៅអាណត្តិទី៦នេះ។ នេះជាការសង្កេតឃើញរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលផ្ដាំឲ្យប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ជួយរំឭកដល់សមាជិកស្ថាប័នខ្លួន អំពីសមត្ថកិច្ចបំពេញភារកិច្ចរបស់ពួកគេផង។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដែលបានចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី៧ មិថុនានេះ បានស្រង់សម្តីនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់សារព័ត៌មានថ្មីៗថា សម្ដេច ហាក់មិនសូវពេញចិត្ត នឹងការបំពេញភារកិច្ចរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ឡើយ។ មិនពេញចិត្ត ត្រង់ថា សមាជិកខ្លះ នៃស្ថាប័នមួយនេះ បានបំពេញការងារដោយបញ្ចេញអំណាចខ្លួនជ្រុលហួសហេតុពេក។
ត្រង់ចំណុចនេះលោក ផៃ ស៊ីផាន បានសង្កត់ធ្ងន់ថា សម្ដេច ហ៊ុន សែន បានរំឭកពួកគេឲ្យបំពេញការងារដោយគ្រាន់តែប្រមូលព័ត៌មានពីមន្ត្រីអសកម្ម និងការរំលោភបំពានសិទ្ធិ ដីធ្លីរបស់ប្រជាពលរដ្ឋ រាយការណ៍មករដ្ឋាភិបាលប៉ុណ្ណោះ ពោលគឺពួកគេមិនត្រូវតាំងខ្លួនជាតុលាការ ឬតំណាងរាស្ត្រ ដែលស្បថចូលកាន់តំណែងពេញសិទ្ធិ ក្នុងការតាំងសំនួរសួរដេញដោយទៅលើរដ្ឋមន្ត្រីក្រសួងសាមីហួសហេតុ ជំនួសរដ្ឋាភិបាលឡើយ។
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បានអត្ថាធិប្បាយដូច្នេះថា៖«សម្ដេច ហ៊ុន សែន គាត់បានលើកទិដ្ឋភាពចំណុច៣ថា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ មានតែអាណត្តិហ្នឹងទេ ដែលអាចធ្វើការជាមួយនាយករដ្ឋមន្ត្រី ។ ហើយនៅអាណត្តិក្រោយទៀត គឺអាស្រ័យលើការសម្រេចរបស់រដ្ឋាភិបាលថ្មី។ ទិដ្ឋភាពទី២ សម្ដេចគាត់បានមើលឃើញពីទង្វើរឆ្គាំឆ្គងរបស់សមាជិកនេះ ដែលធ្វើហួសដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងការសួរដេញដោល ធ្វើដូចខ្លួនជាតុលាការ ឬតំណាងរាស្ត្រដែលជាប់ឆ្នោត ស្បថចូលកាន់តំណែង។ ទិដ្ឋភាពទី៣ សម្ដេច បានរំឭកពួកគេមិនឲ្យធ្វើអ្វីប៉ះពាល់ដល់សមត្ថកិច្ចរបស់ក្រសួងសាមី ជាពិសេសក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ»។
បើតាមលោក ផៃ ស៊ីផាន ប្រមុខរដ្ឋាភិបាល ក៏បានផ្ដាំទៅលោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឲ្យជួយរំឭកដល់សមាជិកស្ថាប័នខ្លួន អំពីសមត្ថកិច្ចបំពេញភារកិច្ចរបស់ពួកគេ តាមរយៈការស្វែងរកតម្រុយព័ត៌មានសម្រាប់រដ្ឋាភិបាល ហើយកុំអួតអាងពីឥទ្ធិពលខ្លួនជ្រុលក្នុងការបំពេញការងារ។
ជុំវិញការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីខាងលើនេះ ត្រូវបានប្រធានគណបក្សយុវជនកម្ពុជាច្រានចោល។ លោក ពេជ្រ ស្រស់ ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់មួយរូប បានការពារជំហរថា ខ្លួននិងសមាជិកដទៃ បានបំពេញការងារស្របតាមលក្ខន្តិកដែលចែងនៅក្នុងច្បាប់ស្តីពីតួនាទីរបស់ឧត្តមក្រុមប្រឹក្សាត្រឹមត្រូវ ស្របតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ។ ដូច្នេះគ្មានចំណុចណា ដែលចាត់ទុកថា លោកនិងសមាជិកស្ថាប័ននេះ ធ្វើផ្ទុយពីតួនាទីនោះទេ។
ងាកមកនិយាយពីរឿងប្រើអំណាចវិញ លោក ពេជ្រ ស្រស់ អះអាងថា ការបំពេញការងារ គឺត្រូវប្រើប្រមូលព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយ មុននឹងផ្ដល់របាយការណ៍ជូននាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ដូច្នេះដើម្បីចង់បានព័ត៌មានច្បាស់លាស់ទាំងនោះ ទើបលោកត្រូវតាំងសំនួរជជែកដេញដោល ជជីកឫសគស់ឲ្យបានលម្អិតពីបញ្ហានីមួយៗនេះ។
«បើគាត់(សម្ដេច ហ៊ុន សែន)លើកឡើងបែបនេះ តើគាត់បង្កើតឧត្តមក្រុមប្រឹក្សានេះឡើងមកធ្វើអ្វី។ ចំណែករឿងដេញដោលរដ្ឋមន្ត្រី វាជាសិល្បៈនៃការសួរ ហើយវាក៏គ្មានលើស គ្មានខ្វះអ្វីទេ។ ហើយមួយទៀត ការចុះបំពេញការងារ គឺខ្ញុំមើលឃើញថា វាមិនទាន់ឈានទៅដល់ការប្រទូសរ៉ាយជាមួយថ្នាក់ក្រោមជាតិ ដោយប្រើពាក្យសម្តីប្រមាថអ្វីក៏មិនទាន់មានដែរ។ អ៊ីចឹងកាលណាខ្ញុំប្រមូលព័ត៌មានទិន្នន័យគ្រប់ជ្រុងជ្រោយ គឺខ្ញុំចុះផ្ទាល់ ព្រោះបើយើងនៅតែកន្លែង ហើយស្ដាប់តែពលរដ្ឋម្ខាងក៏មិនត្រូវ ស្ដាប់អាជ្ញាធរម្ខាងក៏មិនត្រូវ។ ហើយបើតាមចរិកខ្ញុំហ្មង ខ្ញុំមិនដែលអួតក្អេងក្អាងជាមួយថ្នាក់ក្រោមជាតិទេ ប៉ុន្តែបើគេមិនសហការគឺយើងធ្វើតាមបែបវិធីផ្សេងទៀត»។ នេះជាការលើកឡើងរបស់លោក ពេជ្រ ស្រស់។
អះអាងបែបនេះហើយ ប្រធានគណបក្សយុវជនរូបនេះ បានដាក់ការសង្ស័យវិញថា ប្រហែលជាមានមន្ត្រីរដ្ឋាភិបាលខ្លះ អុចអាលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីការបំពេញភារកិច្ចរបស់សមាជិកឧត្តមក្រុមប្រឹក្សា ដែលតែងតែប្រមូលព័ត៌មានរសើបប៉ះពាល់ប្រយោជន៍របស់ពួកគេ។ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់រូបនេះ បានបញ្ជាក់ដូច្នេះថា៖«អ៊ីចឹងតាមការលើកឡើងរបស់គាត់ (សម្ដេច ហ៊ុន សែន) ប្រហែលជាគាត់មើលឃើញតែមួយជ្រុងក៏អាចថាបាន ឬក៏មានអ្នករាយការណ៍ទៅពិរោះពួកខ្ញុំក៏អាចថាបាន។ ប៉ុន្តែទោះបីយ៉ាងណាយើងអត់ខ្វល់ទេ។ អត់ខ្វល់ត្រង់ថា ទី១ គឺយើងមិនបានរំលោភច្បាប់ នូអ្វីដែលយើងធ្វើ។ ទី២ គឺយើងមិនបានរំលោភព្រះរាជក្រឹត្យ។ ហើយចំពោះការតាំងសំនួរសួរ(រដ្ឋមន្ត្រី) នេះ ព្រោះខ្ញុំមិនមែនជាមន្ត្រីគណបក្សប្រជាជន ខ្ញុំមិនមែនជាអ្នកនៅក្រោមឱវាទរដ្ឋាភិបាល។ ខ្ញុំជាគណបក្សឯករាជ្យ ហើយប្រមូលធាតុផ្សំឲ្យរដ្ឋាភិបាល ដូច្នេះសំនួរខ្លះយើងសួរចាក់ដោត ដើម្បីចង់បានចម្លើយពិត និងរូបភាពពិតដើម្បីធ្វើការកែតម្រូវអំពើខុសឲ្យទៅជាអំពើត្រូវវិញ»។
លោក ពេជ្រ ស្រស់ សង្កត់ធ្ងន់ថា ការលើកឡើងរបស់សម្ដេច ហ៊ុន សែន នេះ មិនមែនជាសម្ពាធ ហើយក៏មិនប៉ះពាល់ផ្ដូវអារម្មណ៍លោក ក្នុងការបំពេញការងារឡើយ។ បន្ថែមពីនេះលោក ស្រស់ បានបញ្ជាក់ថា ទោះជាគ្មានស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ ក៏លោកត្រូវបំពេញការងារដោះស្រាយបញ្ហាតាមមូលដ្ឋាន ដូចជារិះគន់មន្ត្រីអសកម្ម និងស្វែងរកដំណោះស្រាយដីធ្លី រួមទាំងផលប៉ះពាល់នានា ដល់ពលរដ្ឋដែរ។
ក្នុងរយៈពេល១០ខែ នៃការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ ក្រុមការងារស្ថាប័ននេះ បានកោះហៅរដ្ឋមន្ត្រីជាច្រើនរូប ដើម្បីសួរនាំព័ត៌មានជុំវិញការដោះស្រាយបញ្ហាពលរដ្ឋ។ រដ្ឋមន្ត្រីក្រសួងសាម៉ីទាំងនោះរួមមាន លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍនា, លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ , រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក អ៊ិត សំហេង និងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលជាដើម។
ក្រោយកិច្ចប្រជុំពិភាក្សានោះ លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ តែងតែចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញពីរបាយការណ៍ការជជែកដេញដោលជុំវិញបញ្ហាទាំងនោះ ដោយភ្ជាប់ជាមួយចម្លើយរបស់រដ្ឋមន្ត្រី ដែលស្ថាប័នមួយនេះ អះអាងថា ទទួលយកមិនបាន។ ប៉ុន្តែខាងក្រសួង ក៏តែងតែច្រានចោលរាល់ព័ត៌មានដែលស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ លើកឡើងដែរ។ ក្រុមប្រតិភូពីគណបក្សនយោបាយទាំង១៦ បានចុះបេសកកម្មទៅតាមបណ្តាខេត្ត ដើម្បីដោះស្រាយបញ្ហាបានជាង ១០០លើក ក្នុងរយៈពេល១០ខែមកនេះ។
បច្ចុប្បន្នសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ មានចំនួន៣២រូប ដែលមកពីគណបក្សនយោបាយចំនួន១៦ ហើយមានឋានៈស្មើទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី សម្រាប់ទទួលបានអំណាចគ្រប់គ្រាន់ ក្នុងការចុះបំពេញការងារ និងដោះស្រាយបញ្ហាជូនពលរដ្ឋ។ គ្រប់តំណាងគណបក្ស អាចធ្វើជាប្រធាននៃក្រុមប្រឹក្សានេះម្តងម្នាក់ ក្នុងរយៈពេលមួយខែ។ ក្រុមប្រឹក្សាខាងលើ ត្រូវបើកកិច្ចប្រជុំម្តងក្នុងរយៈពេលមួយខែ និងក្នុងរយៈពេល៦ខែ ត្រូវជួបជាមួយនាយករដ្ឋមន្ត្រី (សម្តេច ហ៊ុន សែន) ម្តង។ វិមានសន្តិភាព ជាកន្លែងសម្រាប់ប្រជុំរបស់ក្រុមប្រឹក្សានេះ។ គួរបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ត្រូវបានបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ ២០១៨ តាមគំនិតផ្តួចផ្តើមរបស់សម្តេច ហ៊ុន សែន ក្រោយពេលការបោះឆ្នោតជាតិអាណត្តិទី៦៕