ថៃ រិទ្ធី​៖«​ខ្ញុំ​មាន​ល្បី​នៅ ONE កូនសិស្ស​ចង់​ហាត់​ជាមួយ​ខ្ញុំ ដូច្នេះ​កីឡាករ​យើង​ត្រូវ​ខំប្រឹង​ដើម្បី​កេរ្តិ៍ឈ្មោះ​»
ONE Championship
កីឡាជាតិ
ជាតិ
ថៃ រិទ្ធី​៖«​ខ្ញុំ​មាន​ល្បី​នៅ ONE កូនសិស្ស​ចង់​ហាត់​ជាមួយ​ខ្ញុំ ដូច្នេះ​កីឡាករ​យើង​ត្រូវ​ខំប្រឹង​ដើម្បី​កេរ្តិ៍ឈ្មោះ​»
07, Jun 2019 , 9:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​អ្នកលេង​គុន​ចម្រុះ ថៃ រិទ្ធី ដែល​ចាប់ផ្ដើម​ហាត់​តាំងពី​ឆ្នាំ ២០១៣ បានលើកឡើង​ពី​ផលចំណេញ​នៃ​កេរ្តិ៍ឈ្មោះ​ក្រោយ​ឡើង​ប្រកួត​នៅ ONE Championship កន្លងទៅ​ថា មានកូន​សិស្ស​ជាច្រើន​ចង់​ហាត់​ជាមួយ​ខ្លួន​។ រិទ្ធី​ធ្លាប់​ឈ្នះ​ជើងឯក​ផ្នែក​គុន​ចម្រុះ និង ឈ្នះ​មេដាយមាស​ពី​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​កីឡា​ល្បុក្កតោ​ផងដែរ​។


 
​ថៃ រិទ្ធី កំពុង​បង្ហាត់​គុន​ខ្មែរ​នៅ​ក្លិប​ប្រដាល់ «MrLy Gym and Boxing»  នៅ​ទឹកដី​ខេត្តសៀមរាប យ៉ាង​ពេញចិត្ត​ពេញ​ថ្លើម និង ទទួលបាន​ប្រាក់កម្រៃ​គួរសម​ដែល​អាច​ទ្រទ្រង់​ជីវិត​ចាយវាយ​ប្រចាំថ្ងៃ​បាន​។ 
 
​ម្ចាស់​ជើងឯក​គុន​ចម្រុះ​ក្នុងស្រុក Khmer Warrior Challenge រដូវ​កាល​ទី​៣​បាន​ថ្លែង​ដូច្នេះ ៖«​ខ្ញុំ​បែប​ឈប់​ឡើង​វ៉ៃ​ហើយ​បង ប៉ុន្តែ​ខ្ញុំ​នឹង​ចាប់​អាជីព​បង្ហាត់​សិស្ស​វិញ ព្រោះ​រក​កម្រៃ​បាន​គួរសម​អាចរ​ស់បាន​នៅ​សៀមរាប​។ ពេល​យើង​ហាត់​ឲ្យ​ល្អ ច្បាស់លាស់​កាល​នៅ​ជា​កីឡាករ គឺ​មិន​អត់​ប្រយោជន៍​ទេ​។ ដូច​ខ្ញុំ​អីចឹង បរទេស​គេ​ស្គាល់​ខ្ញុំ វ៉ៃ​នៅ ONE ធ្លាប់​ឡើង​សង្វៀន​អន្តរជាតិ គេ​ឃើញ​មេដាយ​ខ្ញុំ គេ​ចង់​ហាត់​ជាមួយ​ខ្ញុំ​ណាស់ ហើយ​ខ្ញុំ​ក៏បាន​ថ្លៃឈ្នួល​ច្រើន​តាម​ហ្នឹង​ដែរ​។ អីចឹង​បាន​ថា ការប្រឹងប្រែង​របស់ខ្ញុំ​ពីមុន​មិន​អត់​ប្រយោជន៍​ទេ​។ ខ្ញុំ​សូម​ឲ្យ​កីឡាករ​គ្រប់រូប​ខំប្រឹង មិន​ថា​គុន​ខ្មែរ ឬ គុន​ចម្រុះ​ទេ​»​។ កីឡាករ​សម្បុរ​ស្រអែម​បន្តថា គុន​ចម្រុះ​ពិបាក​រក​សង្វៀន​វ៉ៃ​បន្តិច​នៅក្នុង​ស្រុក ព្រោះ​គេ​មិនទាន់​រៀបចំ​ឡើងវិញ ប៉ុន្តែ ពេល​ហាត់​កាន់តែខ្លាំង មាន​សមត្ថ​ភាពល្អ នោះ​អាច​ឡើង​សង្វៀន ONE ដោយ​ប្រកួត​ម្ដងៗ​អាច​ទទួលបាន​តម្លៃ​ខ្លួន​ច្រើន​។ 


 
​ដ្បិត​ទៅ​បង្ហាត់​នៅ​សៀមរាប់​មិនទាន់បាន ១ ខែ ស្រួលបួល ប៉ុន្តែ​កូនសិស្ស​បរទេស​ជាច្រើន​មានការ​ពេញចិត្ត​ពេញ​ថ្លើម និង ចង់​ហាត់​ជាមួយ រិទ្ធី ជា​ហូរហែ ព្រោះតែ​កេរ្តិ៍​ល្បី​រន្ទឺ​នៅលើ​សង្វៀន​កម្រិត​អន្តរជាតិ​កន្លងមក រួមទាំង​ការប្រកួត​ថ្នាក់ជាតិ​ជាច្រើន​ផងដែរ​។ ក្បាច់គុន​បាន​ដើរតួ​យ៉ាងសំខាន់​សម្រាប់​ជីវិត របស់​កីឡាករ​មកពី​ខេត្តកណ្ដាល​មួយ​នេះ​។ 
 
​អ្នកលេង​ក្បាច់គុន​៣​ប្រភេទ ល្បុក្កតោ គុន​ខ្មែរ និង គុន​ចម្រុះ​សង្កត់ធ្ងន់ថា​៖«​ខ្ញុំ​គ្មានអ្វី​ក្រៅពី​លើកទឹកចិត្ត​ទេ​។ បើ​យើង​ខំប្រឹង​ឲ្យ​មានឈ្មោះ​កាល​នៅ​សិស្ស នោះ​យើង​នឹងមាន​ឈ្មោះ​ពេល​យើង​ក្លាយជា​គ្រូ​គេ​ដែរ​។ ក្នុងនាម​ជា​កីឡាករ យើង​ត្រូវ​ស្ដាប់​តាម​គ្រូ ទី​១ ហ្វឹកហាត់​ឲ្យ​ខ្លាំង​ជាប្រចាំ មិនមែន​ហាត់​ឈប់​ហាត់​ឈប់​នោះទេ ទី​២ ព្យាម​គេង​ឲ្យ​បាន​គ្រប់គ្រាន់ និង​ញុាំ​គ្រប់គ្រាន់ និង ទី​៣ កុំ​សេព​អំពើ​អបាយមុខ​ដែល​សង្គម​ស្អប់ កុំ​សេព​គ្រឿង​ស្រវឹង ជាពិសេស​ត្រូវ​ដើរ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។ ខ្ញុំ​ដឹងថា អ្នកខ្លះ​ខ្លួន​ជា​កីឡាករ​តែ​បែរ​ទៅ​ដើរ​សាក​ជក់​គ្រឿងញៀន​ជាមួយ​មិត្ត​ភ័ក្ដិ​ទៅវិញ​។ វា​ជា​អំពើ​ខុសឆ្គង​។ ទាំងនេះ​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​»​។ 
 
​គ្រូបង្វឹក​វ័យ​ត្រឹម ២១ ឆ្នាំ​រូបនេះ​មានកូន​សិស្ស​អាជីព​ឡើង​សង្វៀន​ញឹកញាប់​ចំនួន ៥ នាក់ ហើយ​រូបគេ​បាន​ឡើងមក​ភ្នំពេញ​ជារឿយៗ ដើម្បី​ឲ្យ​ទឹក​សិស្ស​ពេល​ឡើង​វ៉ៃ​តាម​ប៉ុស្តិ៍​ទូរទស្សន៍​នានា​។ នៅ​សប្ដាហ៍​នេះ​អាច​នឹង​នាំ​កូនសិស្ស​ទៅ​វ៉ៃ​នៅ​សង្វៀន ឯក​ភ្នំ​នៅ​ខេត្តបាត់ដំបង មុននឹង​មក​ភ្នំពេញ​ម្ដងទៀត​នៅ​ថ្ងៃទី ២១ មិថុនា ដើម្បី​នាំ លី រិទ្ធី ទៅ​វ៉ៃ​នៅ​សង្វៀន​បាយ័ន​។ 
 
​គួរ​ដឹងថា​ថៃ រិ​ទ្ធ ជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​កម្មវិធី Khmer Warriors Challenges រដូវ​កាល​ទី​៣ ដែល​រៀបចំ​ដោយ ស៊ី​ធី​អិន និង MyTV  និង​ជា​ម្ចាស់​មេដាយមាស​ជើងឯក​ការប្រកួត​ល្បុក្កតោ​ថ្នាក់ជាតិ​ឆ្នាំ ២០១៥​។ គេ​នៅចាំ​កំណត់ត្រា​ប្រកួត​គុន​ខ្មែរ​ចំនួន ៣៧ ដង ក្នុងនោះ​ឈ្នះ ៣០ ដង​។ អតីត​កូនសិស្សលោក ទេព ស៊ី​វុត្ថា និង ប៉ាន់ ស៊ី​ថៃ ធ្លាប់​ប្រកួត​នៅ​សង្វៀន ONE Championship បាន​ចំនួន ២ ដង ពោល ឈ្នះ ១ ដង និង ចាញ់ ១​ដង​។ ម្ចាស់​មេដាយមាស​ល្បុក្កតោ​រូបនេះ ឈ្នះ Jerome S.Paye ដោយ​វ៉ៃ​ឲ្យ​ចុះចាញ់​ត្រឹម​ទឹក​ទី​២ នា​ខែ កញ្ញា ឆ្នាំ ២០១៧ និង កីឡាករ​ចិន Zhao Zhi Kang ក្នុងការ​ប្រកួត​លើក​ទី​២​នៅ វិច្ឆិកា ឆ្នាំ ២០១៨ នា ប្រទេស​ហ្វីលីពីន​។ លើសពីនេះ កីឡាករ​មកពី ភូមិ​ព្រែក​ថោង ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ប្រលូក​លើស​ង្វៀន​អន្តរជាតិ FULL METAL DOJO ជា​ញឹកញាប់​នៅ​ប្រទេស​ថៃ​៕ 

Tag:
 MMA
  ថៃ រិទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com