ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ​៖ មន្ត្រី CPP ចាយលុយ​ខ្លួនឯង​រៀបចំ​ហូប​នំ​បញ្ចុក មិនមែន​បក្ស​ទេ​
07, Jun 2019 , 10:19 pm        
រូបភាព
លោក ឈឹម ផលវរុណ អ្នកនាំពាក្យ CPP (រូបពី CPP)
លោក ឈឹម ផលវរុណ អ្នកនាំពាក្យ CPP (រូបពី CPP)
ដោយ: ថ្មីៗ
​លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​ម្នាក់​របស់​គណបក្សកាន់អំណាច ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មន្ត្រី​នីមួយៗ ជា​អ្នកចំណាយ​ថវិកា​ផ្ទាល់ខ្លួន ក្នុងការ​រៀបចំ​ហូប​នំ​បញ្ចុក​ជាមួយ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន នៅ​ថ្ងៃទី​៩​មិថុនា​។ លោក បញ្ជាក់ថា «​មិនមែនជា​ការចំណាយ​របស់​បក្ស​ទេ​»​។


 
​អ្នកនាំពាក្យ​គណបក្សកាន់អំណាច បន្តថា ព្រឹត្តិការណ៍​ហូប​នំ​បញ្ចុក​នេះ នឹងត្រូវ​រៀបចំ​ជាទូទៅ និង​គ្រប់​ទីកន្លែង មិនមែន​គណបក្ស រដ្ឋាភិបាល រៀបចំ​ឡើយ ដូច្នេះ មន្ត្រី និង​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ជា​អ្នករៀបចំ​ខ្លួនឯង​។ លោក និយាយ​ដូច្នេះ «​គណបក្ស អត់​មានកំ​ម៉​ង់​នំ​បញ្ចុក​ទុក​ទេ អ្នកណា​ចង់​ហូប រៀបចំ​ហូប​ទៅ​»​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សន្និដ្ឋានថា នំ​បញ្ចុក​រាប់ពាន់​តោន  នឹងត្រូវ​បញ្ចេញ នៅ​ថ្ងៃទី​៩ ខែមិថុនា ព្រោះ​ថ្ងៃនោះ គឺ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ចូលរួម​ហូប​នំ​បញ្ចុក ដើម្បី​បង្ហាញ​ពី​សាមគ្គី​ជាតិ​។​
 
​យ៉ាងណា ស​ម្តេ​នាយករដ្ឋមន្ត្រី បាន​តឿន​ប្រជាពលរដ្ឋ ឲ្យ​ប្រុងប្រយ័ត្ន ដោយ​ខ្លាច​ពុល​នំ​បញ្ចុក ព្រោះ​កន្លងមក ធ្លាប់មាន​ករណីនេះ​កើតឡើង​។ សម្តេចនាយក ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ធ្វើ​នំ​បញ្ចុក​ដោយ​ខ្លួនឯង ជាជាង​ទិញ​ពី​គេ ដើម្បី​ធានា​អនាម័យ​។​
 
​លើសពីនេះ ប្រមុខ​រដ្ឋាភិបាល ប្រាប់​មន្ត្រីរាជការ និង មន្ត្រី​គណបក្សកាន់អំណាច​រប​ស់​ខ្លួន កុំ​ឲ្យ​ប្រកាន់​ឬ​រើសអើង​អ្នកគាំទ្រ​គណបក្ស​អ្នក​ទៃ​។ ប្រមុខ​រដ្ឋាភិបាល និយាយ​បែបនេះ​ថា «​បើ​គេ ចង់​មក​ហូប​ជាមួយ​យើង យើង​ឲ្យ​គេ​មក​ហូប​ជាមួយ​ទៅ ហើយ​បើ​គេ ហៅ​យើង យើង​ទៅ​ហូប​ជាមួយ​គេ​ដែរ​ទៅ​»៕ 
 

Tag:
 ឈឹម ផល​វរុណ​
  នំ​បញ្ចុក​
© រក្សាសិទ្ធិដោយ thmeythmey.com