សម្តីលោក លី សៀនឡុង៖ សិង្ហបុរីប្រកាសថា ខ្លួនគោរពកម្ពុជា និងឲ្យតម្លៃខ្ពស់លើទំនាក់ទំនងទ្វេភាគី
ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តីលោក លី សៀនឡុង៖ សិង្ហបុរីប្រកាសថា ខ្លួនគោរពកម្ពុជា និងឲ្យតម្លៃខ្ពស់លើទំនាក់ទំនងទ្វេភាគី
07, Jun 2019 , 7:25 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី វីវៀន បាឡាគ្រីស្នាន់ ថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ (រូបភាព៖ AFP)
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី វីវៀន បាឡាគ្រីស្នាន់ ថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ (រូបភាព៖ AFP)
ន្ទាប់ពីមានប្រតិកម្មជាបន្តបន្ទាប់ពីខាងមេដឹកនាំកម្ពុជា និងភាគីវៀតណាម ក្រសួងការ​បរទេសសិង្ហបុរីបានចេញបកស្រាយពីជំហររបស់មេដឹកនាំខ្លួន ដោយអះអាងថា ចំណុចប្រវត្តិ​សាស្ត្រ​​​​ក្នុងសុន្ទកថា និងសំណេររបស់លោក លី សៀនឡុង គឺធ្លាប់បានលើកឡើងជាសាធារណៈកន្លងមក និងគ្មានចេតនាអាក្រក់ ឬបង្ហាញការអាណិតអាសូររបបដឹកនាំប៉ុលពតឡើយ។ លើសពីនេះ សិង្ហបុរីក៏ប្រកាសដែរថា ខ្លួនឲ្យតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាមួយកម្ពុជា និងគោរពកម្ពុជា។



អត្ថបទទាក់ទង
 

«សិង្ហបុរីគ្មានការអាណិតអាសូររបបខ្មែរក្រហមនោះឡើយ ហើយក៏មិនដែលចង់ឃើញរបបនេះត្រឡប់មកកម្ពុជានោះដែរ»។ ក្រសួងការបរទេស​សិង្ហបុរី បានបញ្ជាក់បែបនេះក្នុងសេចក្តីថែ្លងការណ៍ខ្លួនដែលចុះល្ងាចថ្ងៃសុក្រទី ៧ ខែមិថុនានេះ។ សេចក្តីការណ៍នេះគឺ ឆ្លើយតបនឹងបញ្ហា​ចម្រូងចម្រាសជុំវិញសម្តីនាយករដ្ឋមន្ត្រី លី សៀនឡុង ដែលហៅការអន្តរាគមន៍​របស់វៀតណាមផ្តួលរំលំរបបខ្មែរក្រហមជាការឈ្លានពានទាំងក្នុងពេលផ្តល់​សុន្ទរកថានា​កិច្ចសន្ទនា​សន្តិសុខ Shangri-La និង​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​សប្តាហ៍មុន។

សេចក្តីថ្លែង​ការណ៍ដដែលនេះបានបកស្រាយថា ការលើកឡើងរបស់លោក លី ជុំវិញបញ្ហានៅឥណ្ឌូចិន ជាពិសេសការអន្តរាគមន៍របស់វៀតណាមនៅកម្ពុជាមិនមែនជារឿងថ្មីនោះឡើយ ដ្បិតថា បញ្ហានេះត្រូវបានលើកឡើងកន្លងមកជាសាធារណៈច្រើនដងដែររួមទាំង​ក្នុងកំណត់ហេតុលោក លី ក្វាន់យូ និងសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានដែលផ្ញើទៅកាន់អង្គការសហប្រជាជាតិ ឆ្នាំ ១៩៧៩ ដែរ។ 

ក្រសួងការបរទេសសិង្ហបុរីបន្ថែមថា ៖«ក្នុងសេចក្តីថ្លែងការណ៍រួមពីជំហរលើបញ្ហាកម្ពុជា ដែលផ្ញើទៅក្រុមប្រឹក្សាសន្តិសុខឆ្នាំ ១៩៧៩ អាស៊ានបានបញ្ជាក់ច្បាស់ជាសាធារណៈពីសិទ្ធិប្រជាជនកម្ពុជាក្នុងការកំណត់អនាគតរបស់ខ្លួន និងមានសេរីភាពអនុវត្តសិទ្ធិស្វ័យសម្រេចរួចផុតពីការលូកដៃជ្រៀតជ្រែក និងឥទ្ធិពលរបស់មហាអំណាចនៅខាងក្រៅ»។  
 
ជុំវិញគោលបំណងរបស់នាយករដ្ឋមន្ត្រី​  ក្រសួងការបរទេសសិង្ហបុរីបានពន្យល់ថា លោក លី ទាញអតីតកាលមួយនេះមកដើម្បីពន្យល់ពីភាពជារដ្ឋបុរស និងវាយតម្លៃមួយរបស់​មេដឹកនាំថៃ​ដែលបានចូលរួមចំណែកជួយបញ្ចាប់​សង្គ្រាមដ៏គួរឲ្យខ្លោចផ្សាដែលបណ្តាលឲ្យប្រជាជនឥណ្ឌូចិនរងទុក្ខវេទនា និងបាននាំមកនូវសន្តិភាព និងការសហការគ្នាមួយដែលតំបន់ទាំងមូលមានសព្វថ្ងៃ។ 

«លោក លី ក៏ចង់សង្កត់ធ្ងន់ពីស្ថិរភាពតំបន់និងវិបុលភាពក៏ដូចជាឯកភាពអាស៊ានដែលមិនអាចព្រងើយកន្តើយបានឡើយ។ ស្ថានភាពមិនប្រកដប្រជានៃភូមិសាស្ត្រនយោបាយសព្វថ្ងៃធ្វើឲ្យរឿងរ៉ាវទាំងនេះកាន់តែសំខាន់សម្រាប់រដ្ឋអាស៊ានក្នុងការធានារក្សាឯកភាព និងការសាមគ្គីភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដែរ»។ សេចក្តីថ្លែងការណ៍នេះបានបន្តដូច្នេះ។ 

ទន្ទឹមនឹងការបកស្រាយពីសម្តីរបស់នាយករដ្ឋមន្ត្រី  ក្រសួងការបរទេសសិង្ហបុរីបានបង្ហាញជំហច្បាស់លាស់ថា សិង្ហបុរីគោរព និងឲ្យតម្លៃកម្ពុជា ក៏ដូចជាវៀតណាមក្នុងនាមជាមិត្តអាស៊ាន​។

«សិង្ហបុរីផ្តល់តម្លៃខ្ពស់ណាស់ចំពោះទំនាក់ទំនងជាមួយកម្ពុជា និងវៀតណាម។ ទោះមានការយល់ឃើញខុសគ្នាពីអតីតកាលក្តី យើងតែងតែប្រាស្រ័យទាក់ទង​គ្នាទៅវិញទៅមកប្រកបដោយការគោរព និងមិត្តភាព។ ចំណងការទូតទ្វេភាគីលើវិស័យជាច្រើនរីកចម្រើនឡើង ហើយយើងបានធ្វើការងារជាមួយគ្នាក្នុងបណ្តាប្រទេសអាស៊ានដើម្បីកសាងសហគមន៍ដែលមានសាមគ្គីភាពនិងការរួបរួបគ្នាដែរ»។ សិង្ហបុរីប្រកាសដូច្នេះ។ 

ទាក់ទិននឹងការបន្ធូរបន្ថយកម្តៅការទូតនិង ជម្រះមន្ទិលសង្ស័យនានាដែលកើតឡើងកន្លងមកនេះ ក្រសួងការបរទេសសិង្ហបុរីក៏បានបង្ហើបដែរថា រដ្ឋមន្ត្រីការបរទេសសិង្ហបុរី វីវៀន បាឡាគ្រីស្នាន់ បានទូរសព្ទទៅពិភាក្សា​និងពន្យល់ពិបញ្ហានេះផ្ទាល់ជាមួយសមភាគីកម្ពុជាលោក ប្រាក់ សុខុន និង សមភាគីវៀតណាម ផាម ប៊ិញមិញ (Pham Binh Minh)  នៅថ្ងៃសុក្រនេះដែរ។ «យើងបានឯកភាពគ្នាថា ទោះបីជា​មានភាពខុសប្លែកគ្នាខ្លាំងពីបញ្ហាអតីតកាលក៏ដោយចុះ យើងជ្រើសរើសយកផ្លូវនៃកិច្ចសហប្រតិបត្តិការ ការសន្ទនា និងមិត្តភាព»។

សិង្ហបុរីចេញមុខបកស្រាយជុំវិញ​សម្តីលោក លី សៀនឡុង ក្រោយពេលដែលមានមតិរិះគន់ខ្លាំងៗ​ពីសំណាក់ភាគីកម្ពុជា និងវៀតណាម។ នៅកណ្តាលយប់ថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនដោយបង្ហាញការសោកស្តាយផង និងបានទិតៀនខ្លាំងលើសម្តីលោក លី ផង។ អ្វីដែលសំខាន់ សម្តេចបានចាត់ទុកថា សម្តីនេះបង្ហាញពីជំហរ​របស់មេដឹកនាំសិង្ហបុរីក្នុងការគំាទ្ររបបខ្មែរក្រហមដែរ។ 

សម្តេចបានសរសេរដូច្នេះ៖ «ការលើកឡើងនេះបង្ហាញថា កាលនោះសិង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៍ និងចង់ឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកកម្ពុជាវិញដែរ»។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម