អន្តរជាតិ
យុវតី​ចិន​ម្នាក់ មាន​បញ្ហា​ផ្នែក​រំលាយ​អាហារ សង្ស័យ​មកពី​គ្រាប់​តែ​គុជ​
08, Jun 2019 , 9:59 am        
រូបភាព
ដោយ:
​វា អាចជា​សារ​ដាស់តឿន​មួយ​សម្រាប់​អ្នកញៀន​ពិសា​ភេសជ្ជៈ​ប្រភេទ «​តែ​គុជ​» ។ យុវតី​ជនជាតិ​ចិន អាយុ ១៤​ឆ្នាំ​ម្នាក់ ក្នុងប្រទេស​ចិន ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ ក្រោយពី​រូបនាង មាន​បញ្ហា​ក្នុងការ​រំលាយ​ចំណីអាហារ​អស់​រយៈពេល​៥​ថ្ងៃ​។ មូលហេតុ ត្រូវបាន​គ្រូពេទ្យ​សង្ស័យថា មកពី​រូបនាង​បរិភោគ​តែ​គុជ ។​

 
​យុវតី​ម្នាក់​នោះ រស់នៅក្នុង​ខេត្ត Zhejiang នៃ​ប្រទេស​ចិន​។ នាង បាន​ត្អូញត្អែរ​ពី​បញ្ហា​រំលាយ​អាហារ ដោយ អះអាងថា នាង​ពុំ​អាច​បរិភោគ​អាហារ និង​មានការ​ឈឺចាប់​នៅត្រង់​ពោះ​។ យោងតាម​ប្រភពព័ត៌មាន​ក្នុងស្រុក​ចិន ចុងក្រោយ ឳ​ពុក​ម្តាយ​របស់​យុវតី ដែល​គេ​ពុំបាន​បញ្ជាក់​ឈ្មោះ​នេះ បានសម្រេច​បញ្ជូន​នាង​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ និង​ព្យាបាល កាលពី​ថ្ងៃទី ២៨ ខែឧសភា​កន្លងទៅ​។​
 
​ដោយហេតុថា ពុំ​អាច​ស្វែងរក​មូលហេតុ ដែល​បង្កបញ្ហា​រំលាយ​អាហារ​របស់​នាង ក្រុមគ្រូពេទ្យ បាន​ប្រើប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ CT ដើម្បី​ស្កេ​ន​លើ​រាងកាយ​នាង ជាពិសេស ត្រង់​ពោះ​តែម្តង​។ ក្រោយពី​ស្កេ​ន​រួចរាល់ គ្រូពេទ្យ បាន​រកឃើញថា ស្រ​មាល​ខ្មៅ ដែលមាន​រាង​ស្រួច​មិន​ប្រក្រតី​ជាច្រើន នៅក្នុង​ពោះ​របស់​នាង​។ 
 
​តាម​ប្រភព​ដដែល គ្រូពេទ្យ បាន​ទាញ​សេចក្តី​សន្និដ្ឋានថា ស្រ​មាល​ខ្មៅ គឺជា​គ្រាប់​តែ​គុជ​យ៉ាង​រឹង ដែល​ពុំ​អាចរំលាយ​បាន​។ ហើយ​ចំនួន​នៃ​គ្រាប់​គុជ​នេះ មាន​ប្រហែលជា​១០០​គ្រាប់​ឯណោះ​។ ជុំវិញ​ការរកឃើញ​បែបនេះ យុវតី​ចិន​រូបនេះ បាន​សារភាពថា រូបនាង បាន​ផឹក​តែ​គុជ ត្រឹម​តែមួយ​កែវ​ប៉ុណ្ណោះ មុននឹង​កើតហេតុ​ការណ៍​នេះ​។  
 
​យ៉ាងណាមិញ វេជ្ជបណ្ឌិត​ចិន​ម្នាក់ ឈ្មោះថា Zhang Louzhen ដែលជា​អ្នក​ព្យាបាល​រូបនាង សង្ស័យថា នាង​ប្រហែលជា​ព្យាយាម​លាក់បាំង​ពី​ការពិត ព្រោះ​ខ្លាច​ទទួលរង​ពិន័យ​ពី​ឳ​ពុក​ម្តាយ​របស់​នាង​។ លោក​វេជ្ជបណ្ឌិត​រូបនេះ បន្ថែមថា សម្រាប់​ស្ថានភាព​របស់​នាង​នាពេល​បច្ចុប្បន្ននេះ យុវតី​រូបនេះ ធ្លាប់បាន​ផឹក​ភេសជ្ជៈ​ប្រភេទ​តែ​គុជ​នេះ អស់​រយៈពេល​ជា​យូរ​មកហើយ​៕

Tag:
 ​ចិន​
  តែ​គុជ
© រក្សាសិទ្ធិដោយ thmeythmey.com