ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖ គ្រប់មណ្ឌលសុខភាព ត្រៀមសង្គ្រោះ ក្រែងមានពុលនំបញ្ចុក នៅថ្ងៃ៩មិថុនា លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល
× ភ្នំពេញ៖ នៅថ្ងៃទី៩ មិថុនា មានព្រឹត្តិការណ៍ជុំគ្នាបរិភោគនំបញ្ចុកទូទាំងប្រទេស។ ជាមួយគ្នានេះ គ្រប់មន្ទីរ-មណ្ឌលសុខភាព បានត្រៀមលក្ខណៈសង្គ្រោះ២៤ម៉ោង និងរថយន្តសង្គ្រោះ រថយន្តចល័ត ក្នុងករណីពុលនំបញ្ចុកជាយថាហេតុ និងជំងឺដទៃទៀត នៅថ្ងៃនោះផងដែរ។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល។
តាមរយៈបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក លី សុវណ្ណ បានបញ្ជាក់ដូច្នេះថា «ក្រសួងបានប្រាប់ទៅមន្ទីរនៅគ្រប់រាជធានី-ខេត្ត និងមណ្ឌលសុខភាពស្រុក ឃុំនៅមូលដ្ឋាន ឬតាមតំបន់នានា ឱ្យត្រៀមនិងពង្រឹងសមត្ថភាពខ្ពស់ ដើម្បីចាំទទួល និងព្យាបាលអ្នកជំងឺ ពិសេសអ្នកពុលនំបញ្ចុក នៅថ្ងៃទី៩មិថុនា។ យើងអត់មានបញ្ជូនគ្រូពេទ្យប្រចាំការ រថយន្តសង្គ្រោះនៅតាមកន្លែងដែលពលរដ្ឋជួបជុំគ្នាបរិភោគនោះទេ។ ប្រសិនបើមានអ្នកពុល អាចបញ្ជូនមកមណ្ឌលសុខភាពបង្អែកដែលនៅជិតបំផុត សម្រាប់ព្យាបាល»។
លោកវេជ្ជបណ្ឌិតរូបនេះ បានអំនាវដល់អ្នកចូលរួមរៀបចំនំបញ្ចុកទាំងអស់ ពិសេសទាំងអ្នកធ្វើនំបញ្ចុក អ្នកធ្វើទឹកសម្ល និងអ្នករៀបចំបន្លែ ត្រូវរក្សាអនាម័យឱ្យបានខ្ពស់ ទុកដាក់ឱ្យបានត្រឹមត្រូវ លាងទឹកឱ្យបានស្អាត ដើម្បីជៀសផុតពីករណីពុលណាមួយ ព្រមទាំងពិសាដោយសប្បាយរីករាយនិងមានសុវត្ថិភាពទាំងអស់គ្នា។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ កាលពីថ្ងៃទី៦មិថុនា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សន្និដ្ឋានថា នំបញ្ចុក នឹងត្រូវលក់ចេញដល់ទៅរាប់ពាន់តោនឯណោះនៅថ្ងៃទី៩មិថុនា។ សម្តេចនាយករដ្ឋមន្ត្រី អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមពិសាជាមួយគ្នា ដោយមិនប្រកាន់និន្នាការ។
យ៉ាងណា ប្រមុខរដ្ឋាភិបាល តឿនប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នផងដែរ ដោយខ្លាចពុលនំបញ្ចុក។ ប្រមុខរដ្ឋាភិបាល បង្គាប់ទៅក្រសួងសុខាភិបាល ដូច្នេះថា «ក្រសួងសុខាភិបាល ពេលហ្នឹង ត្រូវតាមមើលឲ្យមែនទែន ដោយសារកន្លងទៅ មានករណីពុលនំបញ្ចុកហ្នឹងរួចហើយតើ....»។
បន្ទាប់មក ប្រមខុរដ្ឋាភិបាល បានជំរុញប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យធ្វើនំបញ្ចុកខ្លួនឯង ដើម្បីធានាអនាម័យ៕
Tag:
សុខាភិបាល
នំបញ្ចុក
© រក្សាសិទ្ធិដោយ thmeythmey.com