ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ​៖ គ្រប់​មណ្ឌល​សុខភាព ត្រៀម​សង្គ្រោះ ក្រែង​មាន​ពុល​នំ​បញ្ចុក នៅ​ថ្ងៃ​៩​មិថុនា​
08, Jun 2019 , 10:37 am        
រូបភាព
លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល​
លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល​
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៩ មិថុនា មាន​ព្រឹត្តិការណ៍​ជុំគ្នា​បរិភោគ​នំ​បញ្ចុក​ទូទាំងប្រទេស​។ ជាមួយគ្នានេះ គ្រប់​មន្ទីរ​-​មណ្ឌល​សុខភាព បាន​ត្រៀមលក្ខណៈ​សង្គ្រោះ​២៤​ម៉ោង និង​រថយន្ត​សង្គ្រោះ រថយន្ត​ចល័ត   ក្នុងករណី​ពុល​នំ​បញ្ចុក​ជាយថាហេតុ និង​ជំងឺ​ដទៃទៀត នៅថ្ងៃនោះ​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់លោក​វេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​។


 
​តាមរយៈ​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក លី សុវណ្ណ បានបញ្ជាក់​ដូច្នេះ​ថា «​ក្រសួង​បាន​ប្រាប់​ទៅ​មន្ទីរ​នៅ​គ្រប់​រាជធានី​-​ខេត្ត និង​មណ្ឌល​សុខភាព​ស្រុក ឃុំ​នៅ​មូលដ្ឋាន ឬ​តាម​តំបន់​នានា ឱ្យ​ត្រៀម​និង​ពង្រឹងសមត្ថភាព​ខ្ពស់ ដើម្បី​ចាំ​ទទួល និង​ព្យាបាល​អ្នកជំងឺ ពិសេស​អ្នកពុល​នំ​បញ្ចុក នៅ​ថ្ងៃទី​៩​មិថុនា​។ យើង​អត់​មាន​បញ្ជូន​គ្រូពេទ្យ​ប្រចាំការ រថយន្ត​សង្គ្រោះ​នៅតាម​កន្លែង​ដែល​ពលរដ្ឋ​ជួបជុំគ្នា​បរិភោគ​នោះទេ​។ ប្រសិនបើ​មាន​អ្នកពុល អាច​បញ្ជូនមក​មណ្ឌល​សុខភាព​បង្អែក​ដែល​នៅ​ជិត​បំផុត សម្រាប់​ព្យាបាល​»​។  
 
​លោក​វេជ្ជបណ្ឌិត​រូបនេះ បាន​អំ​នាវ​ដល់​អ្នកចូលរួម​រៀបចំ​នំ​បញ្ចុក​ទាំងអស់ ពិសេស​ទាំង​អ្នកធ្វើ​នំ​បញ្ចុក អ្នកធ្វើ​ទឹកស​ម្ល និង​អ្នករៀបចំ​បន្លែ ត្រូវ​រក្សា​អនាម័យ​ឱ្យបាន​ខ្ពស់ ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ លាង​ទឹក​ឱ្យបាន​ស្អាត ដើម្បី​ជៀសផុត​ពី​ករណី​ពុល​ណាមួយ ព្រមទាំង​ពិសា​ដោយ​សប្បាយរីករាយ​និង​មាន​សុវត្ថិភាព​ទាំងអស់គ្នា​។ 
 
​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ កាលពី​ថ្ងៃទី​៦​មិថុនា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សន្និដ្ឋានថា នំ​បញ្ចុក នឹងត្រូវ​លក់​ចេញ​ដល់​ទៅ​រាប់ពាន់​តោន​ឯណោះ​នៅ​ថ្ងៃទី​៩​មិថុនា​។ សម្តេចនាយក​រដ្ឋមន្ត្រី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ពិសា​ជាមួយគ្នា ដោយ​មិន​ប្រកាន់​និន្នាការ​។ 
 
​យ៉ាងណា ប្រមុខ​រដ្ឋាភិបាល តឿន​ប្រជាពលរដ្ឋ ឲ្យ​ប្រុងប្រយ័ត្ន​ផងដែរ ដោយ​ខ្លាច​ពុល​នំ​បញ្ចុក​។ ប្រមុខ​រដ្ឋាភិបាល បង្គាប់​ទៅ​ក្រសួងសុខាភិបាល ដូច្នេះ​ថា «​ក្រសួងសុខាភិបាល ពេល​ហ្នឹង ត្រូវ​តាមមើល​ឲ្យ​មែនទែន ដោយសារ​កន្លងទៅ មាន​ករណី​ពុល​នំ​បញ្ចុក​ហ្នឹង​រួចហើយ​តើ​....»​។ 
 
​បន្ទាប់មក ប្រម​ខុ​រដ្ឋាភិបាល បាន​ជំរុញ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ឲ្យ​ធ្វើ​នំ​បញ្ចុក​ខ្លួនឯង ដើម្បី​ធានា​អនាម័យ​៕ 
 

Tag:
 សុខាភិបាល​
  នំ​បញ្ចុក
© រក្សាសិទ្ធិដោយ thmeythmey.com