អន្តរជាតិ
វៀតណាម ជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រតិភូវៀតណាមបង្ហាញក្ដីរីករាយក្រោយវៀតណាមជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខ។ រូបភាព Zing
× សាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៧ ខែមិថុនា បានជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ វត្តមានរបស់វៀតណាម និងប្រទេសបួនទៀត កើតឡើងស្របពេលដែលក្រុមប្រឹក្សាសន្តិសុខដែលជាស្ថាប័នដ៏មានឥទ្ធិពល កំពុងព្យាយាមដោះស្រាយបញ្ហាច្រើនស្អេកស្អះលើពិភពលោក។ វៀតណាម ជាបេក្ខភាពតំណាងតំបន់អាស៊ី ហើយវាក៏ជាលើកទីពីរដែលរដ្ឋអាស៊ានមួយនេះក្លាយជាសមាជិកក្រុមប្រឹក្សាសន្តិសុខ។
វៀតណាម អេស្តូនី នីហ្សេ ទុយនីស៊ី និងកោះ Saint Vincent and the Grenadines គឺជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ អាណត្តិពីរឆ្នាំរបស់ប្រទេសប្រាំ នេះ នឹងចាប់ផ្ដើមពីខែមករា ឆ្នាំ២០២០ ។ ប្រទេសទាំងប្រាំ ចូលជំនួសសមាជិកប្រាំទៀតដែលផុតមានអាណត្តិមាន ហ្គីណេអេក្វាទ័រ កូវ៉ែត កូតឌីវ័រ ប៉េរូ និងប៉ូឡូញ។
នាការបោះឆ្នោតនៅកិច្ចប្រជុំមហាសន្និបាត អេស្តូនី ត្រូវប្រជែងជាមួយរូម៉ានីសម្រាប់កៅអីតំណាងឲ្យតំបន់អឺរ៉ុបខាងកើត ខណៈកោះ Saint Vincent and the Grenadines ត្រូវប្រជែងជាមួយយកកៅអីតំណាងតំបន់អាមេរិកឡាទីនជាមួយអែលសាល់វ៉ាឌ័រ។ ដោយឡែក វៀតណាម នីហ្សេ និងទុយណេស៊ី គ្មានគូប្រជែងឡើយ ដោយរដ្ឋសមាជិកមកពីតំបន់ទាំងបីនេះ បានឯកភាពគ្នាគាំទ្រប្រទេសទាំងបីជាតំណាងតែម្ដង។
លទ្ធផលការបោះឆ្នោតបង្ហាញថា វៀតណាមទទួលបានសំឡេងគាំទ្រចំនួន១៩២, នីហ្សេ និងទុយនីស៊ីបាន១៩១សំឡេងដូចគ្នា។ កោះ Saint Vincent and the Grenadines បានផ្ដួលអែលសាល់វ៉ាឌ័រដោយសំឡេង១៨៥ទល់នឹង៦ ខណៈអេស្តូនីឈ្នះរូម៉ានីបន្ទាប់ពីបានសំឡេងគាំទ្រចំនួន១៣២ទល់នឹង៥៨ ។ ប្រទេសសមាជិកមហាសន្និបាតចំនួន១៩៣ បានចូលរួមបោះឆ្នោតទាំងអស់។
នេះជាលើកទីមួយសម្រាប់អេស្តូនីដែលនឹងអង្គុយកៅអីសមាជិកក្រុមប្រឹក្សាសន្តិសុខ ហើយគេរំពឹងថា ប្រទេសនេះនឹងផ្ដោតខ្លាំងលើយុទ្ធនាការសន្តិសុខបច្ចេកវិទ្យា។ ចំណែកកោះ Saint Vincent and the Grenadines វិញ ក៏អង្គុយកៅអីស្ថាប័នកំពូលនេះជាលើកដំបូងដែរ ដោយមានបម្រែបម្រួលអាកាសធាតុជារបៀបវារៈសំខាន់របស់ខ្លួន។
ក្រុមប្រឹក្សាសន្តិសុខ ជាស្ថាប័នដ៏មានអំណាចមួយចំណុះអង្គការសហប្រជាជាតិទទួលខុសត្រូវសន្តិសុខ និងសន្តិភាពពិភពលោក ដោយមានសមាជិកចំនួន១៥ប្រទេស។ ប្រទេសប្រាំជាសមាជិកអចិន្ត្រៃយ៍ ហើយមានអំណាចវ៉េតូក្នុងដៃគឺ បារាំង ចិន អាមេរិក អង់គ្លេស និងរុស្ស៊ី។ ចំណែកដប់ប្រទេសទៀត ជាសមាជិកមិនអចិន្ត្រៃយ៍ ហើយផ្លាស់ប្ដូររៀងរាល់ពីរឆ្នាំម្ដង៕
Tag:
វៀតណាម
ក្រុមប្រឹក្សាសន្តិសុខ
UN
© រក្សាសិទ្ធិដោយ thmeythmey.com