ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
CDC អនុម័តគម្រោងសួនទឹកដ៏ធំនៅជ្រោយចង្វារ និងសណ្ឋាគារផ្កាយ៥ពីរកន្លែងនៅព្រះសីហនុ
× ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងធំៗចំនួន៤ ទាក់ទិននឹងការបង្កើតសួនទឹកកម្សាន្ត សណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទំហំវិនិយោគសរុបជាង ៥០០ លានដុល្លារ។ នេះបើតាមប្រកាសព័ត៌មាននៅលើទំព័រហ្វេសប៊ុករបស់ CDC នៅថ្ងៃទី៦ខែមិថុនា។
សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនក្រុមហ៊ុនចំនួន៤។ ក្នុងនោះ រដ្ឋាភិបាលបានអនុម័តគម្រោងសាងសង់សួនទឹកកម្សាន្ត នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ របស់ក្រុមហ៊ុន PHAT PHNOM PENH CO., LTD លើទុនវិនិយោគ ៥៥លានដុល្លារ ដែលបង្កើតការងារ ៧១៥កន្លែង។
គួរបញ្ជាក់ថា ក្រុមហ៊ុន LYP Group បានប្រកាសពីគម្រោងបង្កើតសួនទឹកកម្សាន្តដ៏ធំនេះ ក្នុងតំបន់អភិវឌ្ឍន៍របស់លោក លី យ៉ុងផាត់ កាលពីឆ្នាំ២០១៨ ។
ក្រៅពីគម្រោងខាងលើនេះ គម្រោងសណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន៣គម្រោង ត្រូវបាន CDC អនុម័តផងដែរ។ CDC បានយល់ព្រមលើគម្រោងសាងសង់សណ្ឋាគារផ្កាយ៥ ដែលមាន ១៩៣បន្ទប់ លើទីតាំងក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ របស់ក្រុមហ៊ុនZHI XU INVESTMENT CO., LTD ក្រោមទុនវិនិយោគ ៦២,៨លានដុល្លារ។ គម្រោងនេះបង្កើតការងារចំនួន ៨៣៩កន្លែង។
គម្រោងមួយទៀត គឺរបស់ក្រុមហ៊ុន ZHI XIN INVESTMENT CO., LTD ដែលនឹងសាងសង់សណ្ឋាគារផ្កាយ៤ ចំនួន៣២៤បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ គម្រោងនេះស្ថិតនៅក្រោមទុនវិនិយោគ ១១១ លានដុល្លារ និងអាចបង្កើតការងារ ៤៩៦០កន្លែង។
ចុងក្រោយ គឺគម្រោងសណ្ឋាគារផ្កាយ៥ ចំនួន៣៩៣បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ក្រុមហ៊ុនគ្រោងបោះទុនវិនិយោគទំហំ ៣០៥លានដុល្លារ និងបង្កើតការងារ ៤៨៦០កន្លែង៕
© រក្សាសិទ្ធិដោយ thmeythmey.com